ខណៈពេលដែលខ្ញុំកំពុងមើលថែជំងឺម្តាយរបស់ខ្ញុំ នៅមជ្ឈមណ្ឌលជំងឺមហារីក ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ពីផ្ទះខ្ញុំ ខ្ញុំបានសុំឲ្យគេអធិស្ឋានឲ្យពួកយើង។ ប៉ុន្មានខែក្រោយមក ភាពឯកោ និងការនៅដាច់ឆ្ងាយពីគេ បានធ្វើឲ្យខ្ញុំអន់ថយកម្លាំងជាលំដាប់។ តើធ្វើដូចម្តេចឲ្យខ្ញុំអាចមើលថែម្តាយខ្ញុំបាន បើខ្ញុំចុះចាញ់នឹងភាពខ្សោះអស់កម្លាំងផ្នែករូបកាយ ផ្លូវចិត្ត និងអារម្មណ៍?
ថ្ងៃមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះយ៉ូឌី(Jodi) បានផ្ញើរអំណោយដែលខ្ញុំមិននឹកស្មានដល់ ដើម្បីបង្ហាញការយកចិត្តទុកដាក់។យ៉ូឌីបានចាក់កន្សែងបង់កពណ៌ស្វាយមួយ ឲ្យខ្ញុំ ដើម្បីរំឭកខ្ញុំថា មានមនុស្សជាច្រើនកំពុងអធិស្ឋានឲ្យខ្ញុំ។ ពេលណា ខ្ញុំយកកន្សែងនោះមកបង់ក ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់កំពុងតែឱបខ្ញុំ តាមរយៈការអធិស្ឋានរបស់រាស្រ្តរបស់ព្រះអង្គ។ ប៉ុន្មានឆ្នាំក្រោយមក ព្រះអង្គនៅតែបន្តប្រើកន្សែងបង់កពណ៌ស្វាយនោះ ដើម្បីកម្សានចិត្តខ្ញុំ និងជួយឲ្យខ្ញុំមានការប្តេជ្ញាចិត្តកាន់តែរឹងមាំ។
សាវ័កប៉ុលបាននិយាយបញ្ជាក់ អំពីសារៈសំខាន់នៃអំណាចការអធិស្ឋានឲ្យអ្នកដទៃ ដែលនាំឲ្យវិញ្ញាណមានភាពស្រស់ថ្លាឡើង។ តាមរយៈការស្នើសុំដ៏ឆេះឆួលនូវការគាំទ្រ និងលើកទឹកចិត្ត ដោយការអធិស្ឋានពីអ្នកដទៃ ក្នុងអំឡុងពេលនៃដំណើរបេសកកម្មរបស់គាត់ គាត់ក៏បានពិពណ៌នាថា គ្រីស្ទបរិស័ទដែលអធិស្ឋានឲ្យអ្នកដទៃ គឺជាដៃគូរក្នុងការងារបម្រើព្រះ(រ៉ូម ១៥:៣០)។ គាត់បានសំណូមពរអធិស្ឋាន អំពីរឿងដ៏ជាក់លាក់ ហើយក៏បានបង្ហាញថា គាត់មានការពឹងផ្អែកទៅលើជំនួយរបស់បងប្អូនរួមជំនឿ ហើយក៏បានទុកចិត្តថា ព្រះទ្រង់ឆ្លើយតបការអធិស្ឋានរបស់គាត់ ដោយអំណាចចេស្តាទ្រង់(ខ.៣១-៣៣)។
យើងរាល់គ្នាសុទ្ធតែបានឆ្លងកាត់ពេលដ៏ឯកោ។ ប៉ុន្តែ សាវ័កប៉ុលបានបង្ហាញយើង អំពីរបៀបសំណូមពរអធិស្ឋាន និងអធិស្ឋានឲ្យអ្នកដទៃ។ ពេលណាការអធិស្ឋានទូលអង្វរនៃរាស្រ្តរបស់ព្រះ បានហ៊ុមព័ទ្ធយើង នោះយើងអាចពិសោធន៍នឹងកម្លាំង និងការកម្សាន្តចិត្តមកពីព្រះ ទោះជីវិតយើងស្ថិតក្នុងសភាពបែបណាក៏ដោយ។—Xochitl Dixon