ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​មើល​ថែ​ជំងឺ​ម្តាយ​របស់​ខ្ញុំ នៅ​មជ្ឈ​មណ្ឌល​ជំងឺ​មហា​រីក ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ ពី​ផ្ទះ​ខ្ញុំ ខ្ញុំ​បាន​សុំឲ្យ​គេ​អធិស្ឋាន​ឲ្យ​ពួក​យើង។ ប៉ុន្មាន​ខែ​ក្រោយ​មក ភាព​ឯកោ និង​ការ​នៅ​ដាច់​ឆ្ងាយ​ពី​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​អន់​ថយ​កម្លាំង​ជាលំដាប់។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​អាច​មើល​ថែ​ម្តាយ​ខ្ញុំ​បាន បើ​ខ្ញុំ​ចុះចា​ញ់​នឹង​ភាព​ខ្សោះ​អស់​កម្លាំង​ផ្នែក​រូប​កាយ ផ្លូវ​ចិត្ត និង​អារម្មណ៍?

ថ្ងៃ​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ឈ្មោះយ៉ូឌី(Jodi) បាន​ផ្ញើ​រអំណោយ​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់ ដើម្បី​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់។យ៉ូឌី​បាន​ចាក់​កន្សែង​បង់​កពណ៌​ស្វាយ​មួយ ឲ្យ​ខ្ញុំ ដើម្បី​រំឭក​ខ្ញុំ​ថា មាន​មនុស្សជា​ច្រើន​កំពុង​អធិស្ឋាន​ឲ្យ​ខ្ញុំ។ ពេល​ណា ខ្ញុំ​យកកន្សែង​នោះ​មក​បង់​ក​ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​កំពុង​តែ​ឱប​ខ្ញុំ តាម​រយៈ​ការ​អធិស្ឋាន​របស់​រាស្រ្ត​របស់​ព្រះ​អង្គ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ព្រះ​អង្គ​នៅ​តែ​បន្ត​ប្រើ​កន្សែង​បង់​កពណ៌​ស្វាយ​នោះ ដើម្បី​កម្សាន​ចិត្ត​ខ្ញុំ និង​ជួយ​ឲ្យ​ខ្ញុំ​មាន​ការ​ប្តេជ្ញា​ចិត្ត​កាន់​តែ​រឹងមាំ​។

សាវ័ក​ប៉ុល​បាន​និយាយ​បញ្ជាក់ អំពី​សារៈ​សំខាន់​នៃ​អំណាច​​ការ​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ ដែល​នាំ​ឲ្យ​វិញ្ញាណ​មាន​ភាព​ស្រស់​ថ្លាឡើង​។ តាម​រយៈ​ការ​ស្នើ​សុំ​ដ៏​ឆេះ​ឆួល​នូវ​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត ដោយ​ការ​អធិស្ឋាន​ពី​អ្នក​ដទៃ ក្នុង​អំឡុង​ពេល​នៃ​ដំណើរបេសកកម្ម​របស់​គាត់ គាត់​ក៏​បាន​ពិពណ៌នា​ថា​ គ្រីស្ទ​បរិស័ទ​ដែល​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ គឺ​ជា​ដៃ​គូរ​ក្នុង​ការងារ​បម្រើ​ព្រះ​(រ៉ូម ១៥:៣០)។ គាត់​បាន​សំណូម​ពរ​អធិស្ឋាន អំពី​រឿង​ដ៏​ជាក់​លាក់ ហើយ​ក៏​បាន​បង្ហាញ​ថា គាត់​មាន​ការ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​របស់​បង​ប្អូន​រួម​ជំនឿ ហើយ​ក៏​បាន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​គាត់ ដោយ​អំណាច​ចេស្តា​ទ្រង់​(ខ.៣១-៣៣)។

យើង​រាល់​គ្នា​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ពេល​ដ៏​ឯកោ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​បង្ហាញ​យើង អំពី​របៀប​សំណូម​ពរ​អធិស្ឋាន និងអធិស្ឋាន​ឲ្យ​អ្នក​ដទៃ។ ពេល​ណា​ការ​អធិស្ឋាន​ទូល​អង្វរ​នៃ​រាស្រ្ត​របស់​ព្រះ បាន​ហ៊ុម​ព័ទ្ធ​យើង នោះ​យើង​អាច​ពិសោធន៍​នឹងកម្លាំង និង​ការ​កម្សាន្ត​ចិត្ត​មក​ពី​ព្រះ ទោះ​ជីវិត​យើង​ស្ថិត​ក្នុង​សភាព​បែប​ណា​ក៏​ដោយ។—Xochitl Dixon