អស់​រយៈ​ពេល​ជាង​៥០​ឆ្នាំ​កន្លង​មក​នេះ ឪពុក​ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​ល្អ​ប្រសើរ ក្នុង​ផ្នែក​កែ​សម្រួល​អត្ថ​បទ។​ គាត់​មាន​ចិត្តឆេះ​ឆួល មិន​គ្រាន់​តែ​នៅ​ក្នុង​ការ​ស្វែង​រក​កំហុស​ក្នុង​ការ​សរសេរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចង់​ឲ្យ​អត្ថ​បទ​ដែល​គាត់​កែ​សម្រួល មាន​ភាព​ច្បាស់​លាស់ សម​ហេតុ​ផល មាន​ភាព​ស៊ី​សង្វាក់​គ្នា និង​មាន​វេយ្យ​ករណ៍​ត្រឹម​ត្រូវ។ គាត់​បាន​ប្រើ​ប៊ិច​ពណ៌​បៃ​តង ក្នុង​ការ​កែ​សម្រួល ជា​ជាង​ប្រើ​ប៊ិច​ពណ៌​ក្រហម។ គាត់​យល់​ឃើញ​ថា ប៊ិច​ពណ៌​បៃ​តង “មាន​ភាព​រួស​រាយ​ជាង” ខណៈ​ពេល​ដែល​អ្នក​និពន្ធ​ដែល​មាន​បទ​ពិសោធន៍​តិច ឬ​មិន​សូវ​មាន​ទំនុក​ចិត្ត ប្រហែល​មិន​ចូល​ចិត្ត​ប៊ិច​ពណ៌​ក្រហម។ គោល​បំណង​របស់​គាត់ គឺ​ដើម្បី​ចង្អុល​បង្ហាញ​គេ​ដោយ​សុភាព ឲ្យ​ជ្រើស​រើស​ផ្លូវ​ល្អ​ជាង។

ពេល​ដែល​ព្រះ​យេស៊ូវ​កែ​តម្រង់​មនុស្ស ព្រះ​អង្គ​កែ​តម្រង់ ដោយ​ក្តី​ស្រឡាញ់។ ក្នុង​កាលៈ​ទេសៈ​ខ្លះ​ គឺ​ដូច​កាល​ដែល​ព្រះ​អង្គប្រឈម​មុខ​ដាក់​ភាព​មាន​ពុត​របស់​ពួក​អាចារ្យ​ផារិស៊ី​(ម៉ាថាយ ២៣) ព្រះ​អង្គ​បាន​ស្តី​បន្ទោស​ពួក​គេ ដោយ​ពាក្យ​ធ្ងន់​ៗ ​តែ​ក៏ដើម្បី​ជា​ប្រយោជន៍​របស់​ពួក​គេ​ផង​ដែរ។ តែ​ក្នុង​ករណី​របស់​មិត្ត​សំឡាញ់​ទ្រង់ គឺ​នាង​ម៉ាថា ការ​កែ​តម្រង់​ដ៏​សុភាព គឺ​ជា​អ្វី​ដែលនាង​ត្រូវ​ការ​(លូកា ១០:៣៨-៤២)។ ពួក​ផារិស៊ី​មិន​បាន​ឆ្លើយ​តប ដោយ​វិជ្ជ​មាន ចំពោះ​ការ​ស្តី​បន្ទោស​របស់​ព្រះ​អង្គ​នោះ​ឡើយ ខណៈ​ពេល​ដែល​នាង​ម៉ាថា នៅ​តែ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​អង្គ​(យ៉ូហាន ១១:៥)។

ការ​កែ​តម្រង់​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ហើយ​មនុស្ស​តិច​ណាស់ ដែល​ចូល​ចិត្ត​ការ​ស្តី​បន្ទោស។ ជួន​កាល ដោយ​សារ​អំណួត​របស់​យើង នោះ​យើង​ពិបាក​នឹង​ទទួល​ការ​កែ​តម្រង់ ដោយ​ការ​ដឹង​គុណ។ កណ្ឌ​គម្ពីរ​សុភាសិត បាន​ចែង​អំពី​ប្រាជ្ញា និង​បាន​បង្ហាញ​ថា “ការ​ស្តាប់​តាម​ការ​កែ​តម្រង់” គឺ​ជា​សញ្ញា​បង្ហាញ អំពី​ប្រាជ្ញា និង​ការ​យល់​ដឹង​(១៥:៣១-៣២)។

ការ​កែ​តម្រង់​របស់​ព្រះ ដោយ​ក្តី​ស្រឡាញ់ ជួយ​យើង​ឲ្យ​ផ្លាស់​ប្តូរ​ទិស​ដៅ​របស់​យើង ហើយ​ដើរ​តាម​ព្រះ​អង្គ​កាន់​តែ​ស្និទ្ធ​ស្នាល។ អ្នក​ដែល​បដិសេធ​មិន​ទទួល​ការ​កែ​តម្រង់​របស់​ទ្រង់ នោះ​ព្រះ​អង្គ​ក៏​បាន​ព្រមាន​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់​(ខ.១០) តែ​អ្នក​ណា​ដែលឆ្លើយ​តប​ចំពោះ​ការ​កែ​តម្រង់ តាម​រយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​រក​បាន​ប្រាជ្ញា និង​ការ​យល់​ដឹង​(ខ.៣១-៣២)។—Cindy Hess Kasper