អស់រយៈពេលជាង៥០ឆ្នាំកន្លងមកនេះ ឪពុកខ្ញុំបានខិតខំធ្វើការឲ្យបានល្អប្រសើរ ក្នុងផ្នែកកែសម្រួលអត្ថបទ។ គាត់មានចិត្តឆេះឆួល មិនគ្រាន់តែនៅក្នុងការស្វែងរកកំហុសក្នុងការសរសេរប៉ុណ្ណោះទេ តែក៏ចង់ឲ្យអត្ថបទដែលគាត់កែសម្រួល មានភាពច្បាស់លាស់ សមហេតុផល មានភាពស៊ីសង្វាក់គ្នា និងមានវេយ្យករណ៍ត្រឹមត្រូវ។ គាត់បានប្រើប៊ិចពណ៌បៃតង ក្នុងការកែសម្រួល ជាជាងប្រើប៊ិចពណ៌ក្រហម។ គាត់យល់ឃើញថា ប៊ិចពណ៌បៃតង “មានភាពរួសរាយជាង” ខណៈពេលដែលអ្នកនិពន្ធដែលមានបទពិសោធន៍តិច ឬមិនសូវមានទំនុកចិត្ត ប្រហែលមិនចូលចិត្តប៊ិចពណ៌ក្រហម។ គោលបំណងរបស់គាត់ គឺដើម្បីចង្អុលបង្ហាញគេដោយសុភាព ឲ្យជ្រើសរើសផ្លូវល្អជាង។
ពេលដែលព្រះយេស៊ូវកែតម្រង់មនុស្ស ព្រះអង្គកែតម្រង់ ដោយក្តីស្រឡាញ់។ ក្នុងកាលៈទេសៈខ្លះ គឺដូចកាលដែលព្រះអង្គប្រឈមមុខដាក់ភាពមានពុតរបស់ពួកអាចារ្យផារិស៊ី(ម៉ាថាយ ២៣) ព្រះអង្គបានស្តីបន្ទោសពួកគេ ដោយពាក្យធ្ងន់ៗ តែក៏ដើម្បីជាប្រយោជន៍របស់ពួកគេផងដែរ។ តែក្នុងករណីរបស់មិត្តសំឡាញ់ទ្រង់ គឺនាងម៉ាថា ការកែតម្រង់ដ៏សុភាព គឺជាអ្វីដែលនាងត្រូវការ(លូកា ១០:៣៨-៤២)។ ពួកផារិស៊ីមិនបានឆ្លើយតប ដោយវិជ្ជមាន ចំពោះការស្តីបន្ទោសរបស់ព្រះអង្គនោះឡើយ ខណៈពេលដែលនាងម៉ាថា នៅតែជាមិត្តសំឡាញ់របស់ព្រះអង្គ(យ៉ូហាន ១១:៥)។
ការកែតម្រង់អាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អ ហើយមនុស្សតិចណាស់ ដែលចូលចិត្តការស្តីបន្ទោស។ ជួនកាល ដោយសារអំណួតរបស់យើង នោះយើងពិបាកនឹងទទួលការកែតម្រង់ ដោយការដឹងគុណ។ កណ្ឌគម្ពីរសុភាសិត បានចែងអំពីប្រាជ្ញា និងបានបង្ហាញថា “ការស្តាប់តាមការកែតម្រង់” គឺជាសញ្ញាបង្ហាញ អំពីប្រាជ្ញា និងការយល់ដឹង(១៥:៣១-៣២)។
ការកែតម្រង់របស់ព្រះ ដោយក្តីស្រឡាញ់ ជួយយើងឲ្យផ្លាស់ប្តូរទិសដៅរបស់យើង ហើយដើរតាមព្រះអង្គកាន់តែស្និទ្ធស្នាល។ អ្នកដែលបដិសេធមិនទទួលការកែតម្រង់របស់ទ្រង់ នោះព្រះអង្គក៏បានព្រមានពួកគេយ៉ាងម៉ឺងម៉ាត់(ខ.១០) តែអ្នកណាដែលឆ្លើយតបចំពោះការកែតម្រង់ តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ នឹងរកបានប្រាជ្ញា និងការយល់ដឹង(ខ.៣១-៣២)។—Cindy Hess Kasper