ខណៈពេលដែលកូនស្រី អាយុ១០ឆ្នាំ របស់លោក ប៊ីល ហាលេយ(Bill Haley) កំពុងតែឈរក្រោមដំណក់ទឹកភ្លៀង ជាមួយអ្នកជឿព្រះយេស៊ូវ ដែលមានជាតិសាសន៍ចម្រុះ នាងក៏បាននិយាយខ្សិបៗថា “ព្រះកំពុងតែព្រះកន្សែងហើយ”។ កាលនោះ ពួកគេបានមកជ្រលងភ្នំសេណានដូអា នៃរដ្ឋវើជីនា ដើម្បីស្វែងរកបំណងព្រះទ័យព្រះ និងស្វែងយល់អំពីកេរដំណែល នៃជម្លោះជាតិសាសន៍ ក្នុងសហរដ្ឋអាមេរិក។ ខណៈពេលដែលពួកគេកំពុងតែឈរ នៅក្នុងកន្លែង ដែលគេបានបញ្ចុះសពរបស់ពួកទាសករ ពួកគេក៏បានកាន់ដៃគ្នាអធិស្ឋាន។ ភ្លាមៗនោះ ខ្យល់ក៏ចាប់ផ្តើមបក់មក ហើយភ្លៀងក៏បានធ្លាក់។ ខណៈពេលដែលអ្នកដឹកនាំបានអធិស្ឋានសូមការប្រោសឲ្យជា សម្រាប់ជម្លោះជាតិសាសន៍ ភ្លៀងក៏បានធ្លាក់ចុះមកកាន់តែខ្លាំង។ អ្នកដែលឈរនៅទីនោះ ក៏បានជឿថា ព្រះកំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីនាំការផ្សះផ្សារ និងការអត់ឱនទោសឲ្យគ្នាទៅវិញទៅមក។
កាលនៅកាល់វ៉ារី ព្រះទ្រង់ក៏កំពុងធ្វើការរបស់ទ្រង់ផងដែរ។ បន្ទាប់ពីព្រះយេស៊ូវបានផុតដង្ហើម នៅលើឈើឆ្កាង “ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា អស់ទាំងផ្នូរខ្មោចក៏របើកឡើង”(ម៉ាថាយ ២៧:៥១-៥២)។ អ្នកខ្លះបានបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះទេ តែមេទ័ពម្នាក់ ដែលគេបានចាត់តាំងឲ្យយាម នៅកន្លែងនោះ បានធ្វើការសន្និដ្ឋានខុសពីគេ។ “ឯមេទ័ព និងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី និងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន”(ខ.៥៤)។
នៅក្នុងការសុគតរបស់ព្រះយេស៊ូវ ព្រះទ្រង់កំពុងតែធ្វើការរបស់ទ្រង់ ដើម្បីប្រទានការអត់ទោសបាប សម្រាប់អស់អ្នកដែលជឿព្រះអង្គ។ “ព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សារលោកីយ៍នឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត”(២កូរិនថូស ៥:១៩)។ យើងអាចបង្ហាញឲ្យគេដឹងថា ព្រះទ្រង់បានអត់ទោសបាបឲ្យយើងហើយ ដោយអត់ទោសឲ្យគ្នាទៅវិញទៅមក។—Arthur Jackson