ខណៈ​ពេល​ដែល​កូន​ស្រី អាយុ​១០​ឆ្នាំ របស់​លោក ប៊ីល ហាលេយ(Bill Haley) កំពុង​តែ​ឈរ​ក្រោម​ដំណក់​ទឹក​ភ្លៀង ជា​មួយ​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​មាន​ជាតិ​សាសន៍​ចម្រុះ នាង​ក៏​បាន​និយាយ​ខ្សិប​ៗ​ថា “ព្រះ​កំពុង​តែ​ព្រះ​កន្សែង​ហើយ”។ កាល​នោះ ពួក​គេ​បាន​មក​ជ្រលង​ភ្នំ​សេណានដូអា នៃ​រដ្ឋ​វើជីនា ដើម្បី​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ និង​ស្វែង​យល់​អំ​ពី​កេរ​ដំណែល នៃ​ជម្លោះ​ជាតិ​សាសន៍ ក្នុង​សហ​រដ្ឋ​អាមេរិក។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ឈរ នៅ​ក្នុង​កន្លែង ដែល​គេ​បាន​បញ្ចុះ​សព​របស់ពួក​ទាសករ ពួក​គេ​ក៏​បាន​កាន់​ដៃ​គ្នា​អធិស្ឋាន។ ភ្លាម​ៗ​នោះ ខ្យល់​ក៏​ចាប់​ផ្តើម​បក់​មក ហើយ​ភ្លៀង​ក៏​បាន​ធ្លាក់។ ខណៈ​ពេល​ដែលអ្នក​ដឹក​នាំ​បាន​អធិស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ជម្លោះ​ជាតិ​សាសន៍ ភ្លៀង​ក៏​បាន​ធ្លាក់​ចុះ​មក​កាន់​តែ​ខ្លាំង។ អ្នក​ដែល​ឈរនៅ​ទីនោះ ក៏​បាន​ជឿ​ថា ព្រះ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​នាំ​ការ​ផ្សះ​ផ្សារ និង​ការ​អត់​ឱន​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

កាល​នៅ​កាល់​វ៉ារី ព្រះ​ទ្រង់​ក៏​កំពុង​ធ្វើ​ការ​របស់​ទ្រង់​ផង​ដែរ។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ផុត​ដង្ហើម នៅ​លើ​ឈើ​ឆ្កាង “ក៏​មាន​កក្រើក​ដី ហើយ​ថ្ម​ប្រេះ​ដាច់​ពី​គ្នា អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង”(ម៉ាថាយ ២៧:៥១-៥២)។ អ្នក​ខ្លះ​បាន​បដិសេធ​ថា ព្រះយេស៊ូវ​មិន​មែន​ជា​ព្រះ​ទេ តែ​មេទ័ព​ម្នាក់ ដែល​គេ​បាន​ចាត់​តាំង​ឲ្យ​យាម នៅ​កន្លែង​នោះ បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ខុស​ពី​គេ។ “ឯ​មេ​ទ័ព និង​ពួក​អ្នក​ដែល​ចាំ​យាម​ព្រះយេស៊ូវ​ជា​មួយ​គ្នា កាល​បាន​ឃើញ​កក្រើក​ដី និង​ការ​ទាំង​ប៉ុន្មាន ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ភ័យ​ញ័រ​ជា​ខ្លាំង គាត់​និយាយ​ថា នេះ​ពិត​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​មែន”(ខ.៥៤)។

នៅ​ក្នុង​ការ​សុគត​របស់​ព្រះ​យេស៊ូវ ព្រះ​ទ្រង់​កំពុង​តែ​ធ្វើ​ការ​របស់​ទ្រង់ ដើម្បី​ប្រទាន​ការ​អត់​ទោស​បាប សម្រាប់​អស់​អ្នក​ដែលជឿ​ព្រះ​អង្គ។ “​ព្រះ​ទ្រង់​គង់​ក្នុង​ព្រះគ្រីស្ទ កំពុង​ផ្សះផ្សា​រលោកីយ៍​នឹង​ព្រះអង្គ​ទ្រង់ ឥត​ប្រកាន់​ទោស​គេ​ទៀត”(២កូរិនថូស ៥:១៩)។ យើង​អាច​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ព្រះ​ទ្រង់​បាន​អត់​ទោស​បាប​ឲ្យ​យើង​ហើយ​ ដោយ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។—Arthur Jackson