នៅ​ក្នុង​ការ​ជួប​ជុំ​គ្រួសារ កាល​ពី​ពេល​កន្លង​មក ​ខ្ញុំ​បាន​អង្គុយ​នៅ​តុ​អាហារ ហើយ​មើល​ទៅ​ភាព​ច្របូក​ច្របល់​ដ៏​រីក​រាយ​ នៅ​ជុំវិញ​ខ្លួន​ខ្ញុំ។ ម្តាយ​មីង ពូ ក្មួយ​ប្រុស​ស្រី និង​បង​ប្អូន​ជី​ដូន​មួយ​របស់​ខ្ញុំ កំពុង​តែ​ញាំ​អាហារ និង​ជួប​ជុំ​គ្នា​យ៉ាង​រីក​រាយ។ ខ្ញុំក៏​មានអំណរ​ផង​ដែរ។ ពេល​នោះ ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ថា នៅ​ទីនោះ មាន​តែ​ខ្ញុំ​ទេ ដែល​ជា​ស្រ្តី​គ្មាន​កូន និង​គ្មាន​គ្រួសារ​ផ្ទាល់​ខ្លួន​។​

ស្រ្តី​នៅ​លីវ​ជា​ច្រើន មាន​បទ​ពិសោធន៍​ស្រដៀង​នេះ​ផង​ដែរ។ ក្នុង​វប្បធម៌​របស់​ខ្ញុំ  ដែល​ជា​ជន​ជាតិ​អាស៊ី យើង​ឲ្យ​តម្លៃ​មក​លើមង្គល​ការ និង​ការ​មាន​កូន ដូចនេះ ការ​មិន​មាន​គ្រួសារ​ផ្ទាល់​ខ្លួន អាច​នាំ​ឲ្យ​មាន​អារម្មណ៍​ថា មិន​ពេញ​លក្ខណៈ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តែ​ខ្វះ​ចំណុច​ស្នូល​មួយ ដែល​ជា​អត្ត​សញ្ញាណ​របស់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​មាន​ភាព​ពេញ​លេញ។

ហេតុ​នេះ​ហើយ សេចក្តី​ពិត ដែល​ចែង​ថា ព្រះ​ទ្រង់​ជា “ទីពឹង​នៃ​ចិត្ត​ខ្ញុំ” បាន​កម្សាន្ត​ចិត្ត​ខ្ញុំ​ណាស់(ទំនុកដំកើង ៧៣:២៦)។ ពេល​ដែល​ព្រះ​ទ្រង់​បែក​ចែក​ទឹក​ដី​ឲ្យ​ពូជ​អំបូរ​ទាំង​ឡាយ​ របស់​សាសន៍​អ៊ីស្រាអែល ពូជ​អំបូរ​លេវី ដែល​ជា​ពូជ​សង្ឃ​ មិន​បានទទួល​ចំណែក​នឹង​គេ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​ទ្រង់​បាន​សន្យា​ថា ព្រះ​អង្គ​ជា​ទីពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដកនៃ​ពួក​គេ ជារៀង​រហូត​(ចោទិយកថា ១០:៩)។ ពួក​គេ​អាច​រក​ឃើញ​ភាព​ស្កប់​ចិត្ត​ដ៏​ពេញ​លេញ ក្នុង​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹងបំពេញ​តម្រូវ​ការ​គ្រប់​យ៉ាង​របស់​ពួក​គេ។​

អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​ ខ្វះ​អ្វី​មួយ ដែល​មិន​ទាក់​ទង​នឹង​គ្រួសារ​នោះឡើ​យ។ យើង​ប្រហែល​ជា​កំពុង​តែ​ស្រេក​ឃ្លាន ចង់​បាន​ការងារ​ដែល​ល្អ​ជាង​មុន ឬ​រៀន​ឲ្យ​បាន​ខ្ពស់​ជាង​មុន។ ទោះ​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈ​យ៉ាង​ណា​ក៏​ដោយ យើង​អាច​ទទួល​ព្រះអង្គ ជា​ទីពឹង​នៃ​ចិត្ត​របស់​យើង។ ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​ពេញ​លេញ។ ក្នុង​ព្រះ​អង្គ យើង​មិន​មាន​អ្វី​ដែល​ត្រូវ​ខ្វះ​ខាត​នោះ​ឡើយ​។—Karen Huang