នៅក្នុងការជួបជុំគ្រួសារ កាលពីពេលកន្លងមក ខ្ញុំបានអង្គុយនៅតុអាហារ ហើយមើលទៅភាពច្របូកច្របល់ដ៏រីករាយ នៅជុំវិញខ្លួនខ្ញុំ។ ម្តាយមីង ពូ ក្មួយប្រុសស្រី និងបងប្អូនជីដូនមួយរបស់ខ្ញុំ កំពុងតែញាំអាហារ និងជួបជុំគ្នាយ៉ាងរីករាយ។ ខ្ញុំក៏មានអំណរផងដែរ។ ពេលនោះ ខ្ញុំស្រាប់តែនឹកឃើញថា នៅទីនោះ មានតែខ្ញុំទេ ដែលជាស្រ្តីគ្មានកូន និងគ្មានគ្រួសារផ្ទាល់ខ្លួន។
ស្រ្តីនៅលីវជាច្រើន មានបទពិសោធន៍ស្រដៀងនេះផងដែរ។ ក្នុងវប្បធម៌របស់ខ្ញុំ ដែលជាជនជាតិអាស៊ី យើងឲ្យតម្លៃមកលើមង្គលការ និងការមានកូន ដូចនេះ ការមិនមានគ្រួសារផ្ទាល់ខ្លួន អាចនាំឲ្យមានអារម្មណ៍ថា មិនពេញលក្ខណៈ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែខ្វះចំណុចស្នូលមួយ ដែលជាអត្តសញ្ញាណរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំមានភាពពេញលេញ។
ហេតុនេះហើយ សេចក្តីពិត ដែលចែងថា ព្រះទ្រង់ជា “ទីពឹងនៃចិត្តខ្ញុំ” បានកម្សាន្តចិត្តខ្ញុំណាស់(ទំនុកដំកើង ៧៣:២៦)។ ពេលដែលព្រះទ្រង់បែកចែកទឹកដីឲ្យពូជអំបូរទាំងឡាយ របស់សាសន៍អ៊ីស្រាអែល ពូជអំបូរលេវី ដែលជាពូជសង្ឃ មិនបានទទួលចំណែកនឹងគេឡើយ។ ផ្ទុយទៅវិញ ព្រះទ្រង់បានសន្យាថា ព្រះអង្គជាទីពឹងនៃចិត្ត ហើយជាចំណែកមរដកនៃពួកគេ ជារៀងរហូត(ចោទិយកថា ១០:៩)។ ពួកគេអាចរកឃើញភាពស្កប់ចិត្តដ៏ពេញលេញ ក្នុងព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងបំពេញតម្រូវការគ្រប់យ៉ាងរបស់ពួកគេ។
អ្នកខ្លះមានអារម្មណ៍ថា ខ្វះអ្វីមួយ ដែលមិនទាក់ទងនឹងគ្រួសារនោះឡើយ។ យើងប្រហែលជាកំពុងតែស្រេកឃ្លាន ចង់បានការងារដែលល្អជាងមុន ឬរៀនឲ្យបានខ្ពស់ជាងមុន។ ទោះយើងស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ យើងអាចទទួលព្រះអង្គ ជាទីពឹងនៃចិត្តរបស់យើង។ ព្រះអង្គធ្វើឲ្យយើងពេញលេញ។ ក្នុងព្រះអង្គ យើងមិនមានអ្វីដែលត្រូវខ្វះខាតនោះឡើយ។—Karen Huang