បើអ្នកចង់រស់នៅ ឲ្យបានយូរ ចូរសម្រាកលំហែរកាយ។ បន្ទាប់ពីការសិក្សាអស់រយៈពេល៤០ឆ្នាំ មកលើពួកនាយកប្រតិបត្តិភេទប្រុស ក្នុងវ័យកណ្តាល ដែលសុទ្ធតែមានហានិភ័យ នៅក្នុងការកើតជំងឺបេះដូង អ្នកស្រាវជ្រាវ នៅទីក្រុងហេស៊ីនគី ប្រទេសហ្វាំងឡង់ ក៏បានបន្តការសិក្សា មកលើអ្នកចូលរួមទាំងនោះទៀត។ អ្នកវិទ្យាសាស្ត្រទាំងនោះក៏បានរកឃើញ អ្វីមួយ ដែលពួកគេមិនបានរកឃើញ ក្នុងការសិក្សាពីដំបូង។ គឺពួកគេរកឃើញថា អត្រានៃការស្លាប់ មានកំរិតទាបជាង ក្នុងចំណោមអ្នកដែលបានចំណាយពេលសម្រាកលំហែរកាយ។
ការងារជាផ្នែកដ៏ចាំបាច់នៃជីវិត ដែលព្រះទ្រង់បានប្រទានឲ្យមនុស្សជាតិ តាំងពីមុនពេលដែលទំនាក់ទំនងជាមួយទ្រង់ បានប្រេះបែក ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣។ ក្នុងកណ្ឌគម្ពីរសាស្តា ស្តេចសាឡូម៉ូនបានចែង អំពីភាពគ្មានន័យ នៃការងាររបស់អ្នកដែលមិនបានធ្វើការថ្វាយព្រះកិត្តិនាមដល់ព្រះ ដោយទ្រង់ទទួលស្គាល់ថា ពួកគេបានប្រឹងប្រែង ដោយការនឿយហត់ និងទុក្ខព្រួយ(សាស្តា ២:២២-២៣)។ ទ្រង់មានបន្ទូលថា សូម្បីតែនៅពេលដែលពួកគេមិនធ្វើការ គំនិតរបស់ពួកគេមិនបានសម្រាកទេ ព្រោះពួកគេនៅតែគិត អំពីការអ្វីដែលចាំបាច់ត្រូវធ្វើ(ខ.២៣)។
ពេលខ្លះ យើងក៏មានអារម្មណ៍ថា យើងហាក់ដូចជាកំពុងតែដេញតាមខ្យល់(ខ.១៧) ហើយក៏មានចិត្តនឿយណាយ ចំពោះអសមត្ថភាពរបស់យើង នៅក្នុង “ការបញ្ចប់” កិច្ចការ ។ តែពេលណាយើងនឹកចាំថា ព្រះទ្រង់ជាផ្នែកមួយនៃការងាររបស់យើង ហើយមានគោលបំណង ដែលស្របនឹងព្រះទ័យព្រះអង្គ នោះយើងអាចធ្វើការ និងចំណាយពេលសម្រាក។ យើងអាចទុកចិត្តថា ព្រះអង្គនឹងផ្គត់ផ្គង់យើង ដ្បិតព្រះអង្គជាអ្នកប្រទានអ្វីៗគ្រប់យ៉ាង។ ស្តេចសាឡ៉ូម៉ូនបានទទួលស្គាល់ថា “បើគ្មានព្រះអង្គទេ តើនរណាអាចបរិភោគអាហារ ហើយរកឃើញក្តីអំណរ?”(ខ.២៥)។ យើងអាចខិតខំធ្វើការ ដោយភាពឧស្សាហ៍ព្យាយាម ថ្វាយព្រះអង្គ(កូល៉ុស ៣:២៣) ហើយអនុញ្ញាតឲ្យខ្លួនយើងមានពេលសម្រាកគ្រប់គ្រាន់។—Kirsten Holmberg