បើ​អ្នក​ចង់​រស់​នៅ ឲ្យ​បាន​យូរ ចូរ​សម្រាក​លំហែរ​កាយ។ បន្ទាប់​ពី​ការ​សិក្សា​អស់​រយៈ​ពេល​៤០​ឆ្នាំ មក​លើ​ពួក​នាយក​ប្រតិ​បត្តិភេទ​ប្រុស ក្នុង​វ័យ​កណ្តាល ដែល​សុទ្ធ​តែ​មាន​ហានិភ័យ នៅ​ក្នុង​ការ​កើត​ជំងឺ​បេះ​ដូង អ្នក​ស្រាវ​ជ្រាវ នៅ​ទី​ក្រុងហេស៊ីនគី ប្រទេស​ហ្វាំងឡង់ ក៏​បាន​បន្ត​ការ​សិក្សា មក​លើ​អ្នក​ចូល​រួម​ទាំង​នោះ​ទៀត។ អ្នក​វិទ្យា​សាស្ត្រ​ទាំង​នោះ​ក៏​បាន​រក​ឃើញ ​អ្វី​មួយ ដែល​ពួក​គេ​មិន​បាន​រក​ឃើញ ក្នុង​ការ​សិក្សាពី​ដំបូង។  គឺ​ពួក​គេ​រក​ឃើញ​ថា អត្រា​នៃ​ការ​ស្លាប់ មាន​កំរិត​ទាប​ជាង ក្នុង​ចំណោមអ្នក​ដែល​បាន​ចំណាយ​ពេល​សម្រាក​លំហែរ​កាយ។

ការងារ​ជា​ផ្នែក​ដ៏​ចាំ​បាច់​នៃ​ជីវិត ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​មនុស្ស​ជាតិ តាំង​ពី​មុន​ពេល​ដែល​ទំនាក់​ទំនង​ជា​មួយ​ទ្រង់ បាន​ប្រេះ​បែក ក្នុង​បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​៣។ ក្នុង​កណ្ឌ​គម្ពីរ​សាស្តា ស្តេច​សាឡូម៉ូន​បាន​ចែង​ អំពី​ភាព​គ្មាន​ន័យ​ នៃការងារ​របស់​អ្នក​ដែល​មិន​បាន​ធ្វើ​ការ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ដោយ​ទ្រង់​ទទួល​ស្គាល់​ថា ពួក​គេ​បាន​ប្រឹង​ប្រែង ដោយ​ការ​នឿយ​ហត់ និង​ទុក្ខ​ព្រួយ​(សាស្តា ២:២២-២៣)។ ទ្រង់​មាន​បន្ទូល​ថា សូម្បី​តែ​នៅ​ពេល​ដែល​ពួក​គេ​មិន​ធ្វើ​ការ គំនិត​របស់​ពួក​គេមិន​បាន​សម្រាក​ទេ  ព្រោះ​ពួក​គេ​នៅ​តែ​គិត អំពី​ការ​អ្វី​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​(ខ.២៣)។​

ពេល​ខ្លះ យើង​ក៏​មាន​អារម្មណ៍​ថា យើង​ហាក់​ដូច​ជា​កំពុង​តែ​ដេញ​តាម​ខ្យល់​(ខ.១៧) ហើយ​ក៏​មាន​ចិត្ត​នឿយ​ណាយ​ ចំពោះ​អសមត្ថភាព​របស់​យើង នៅ​ក្នុង “ការ​បញ្ចប់” កិច្ច​ការ​ ។ តែ​ពេល​ណា​យើង​នឹក​ចាំ​ថា ព្រះ​ទ្រង់​ជា​ផ្នែក​មួយ​នៃ​ការ​ងារ​របស់​យើង ហើយ​មាន​គោល​បំណង ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ នោះ​យើង​អាច​ធ្វើ​ការ និង​ចំណាយ​ពេល​សម្រាក។ យើង​អាច​ទុក​ចិត្តថា ព្រះ​អង្គ​នឹង​ផ្គត់​ផ្គង់​យើង ដ្បិត​ព្រះ​អង្គ​ជា​អ្នក​ប្រទាន​អ្វី​ៗ​គ្រប់​យ៉ាង។ ស្តេច​សាឡ៉ូម៉ូន​បាន​ទទួល​ស្គាល់​ថា “បើ​គ្មាន​ព្រះ​អង្គ​ទេ តើ​នរណា​អាច​បរិភោគ​អាហារ ហើយ​រក​ឃើញ​ក្តី​អំណរ?”(ខ.២៥)។ យើង​អាច​ខិត​ខំ​ធ្វើ​ការ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម ថ្វាយ​ព្រះ​អង្គ​(កូល៉ុស ៣:២៣) ហើយ​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​មាន​ពេល​សម្រាក​គ្រប់​គ្រាន់​។—Kirsten Holmberg