ខាតូរ៉ា ជាតំបន់អណាធិបតេយ្យតូចមួយ នៅប្រទេសប៉ារ៉ាហ្កាយ ក្នុងតំបន់អាមេរិកខាងត្បូង។ អ្នកភូមិនៅទីនោះមានជីវភាពក្រីក្រតោកយ៉ាកណាស់ ដោយពួកគេត្រូវចិញ្ចឹមជីវិតដោយដើររើសអេតចាយ នៅកន្លែងចាក់សំរាម។ ប៉ុន្តែ មានវង់តន្រ្តីមួយ បានកើតចេញមក ចេញពីស្ថានភាពដ៏ពិបាកនេះ គឺជារឿងដ៏ប្រសើរណាស់។
វីយូឡុងថ្មីមួយគ្រឿងមានតម្លៃថ្លៃជាងខ្ទមមួយខ្នង នៅក្នុងតំបន់អនាធិបតេយ្យនេះ ដូចនេះ វង់តន្រ្តីនេះក៏បានកើតមានភាពប៉ិនប្រសប់ ដោយច្នៃបង្កើតឧបករណ៍តន្រ្តី ដោយខ្លួនឯង ចេញពីអេតចាយ។ ពួកគេបានច្នែបង្កើតវីយូឡុង ពីធុងប្រេងឆា និងសម ដែលពួកគេបានកាត់ និងបត់ ដើម្បីចងភ្ជាប់នឹងខ្សែវីយូឡុង។ ពួកគេក៏បានច្នៃបង្កើតឧបករណ៍ផ្លុំសាក់សូហ្វូន ពីទុយោទឹក ដោយប្រើគំរបដប ធ្វើជារន្ធចុច។ ពួកគេក៏បានផលិតវីយូឡុងធំ សេឡូ ពីធុងស័ង្កសី ដោយប្រើប្រអប់កិននំ ធ្វើជាឧបករណ៍រឹតខ្សែ។ ទស្សនិកជនមានអារម្មណ៍រីករាយណាស់ ពេលដែលបានស្តាប់ពួកគេប្រគុំបទភ្លេងរបស់លោកម៉ូហ្សាត ដោយប្រើឧបករណ៍កែច្នៃទាំងនេះ។ វង់ភ្លេងមួយនេះ បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដើម្បីប្រគុំតន្រ្តី ដោយបានលើកស្ទួយជីវិតយុវជនក្នុងក្រុមតន្រ្តីនេះ ឲ្យមានក្តីសង្ឃឹមឡើង។
វីយូឡុងចេញពីកន្លែងចាក់សម្រាម។ តន្រ្តីចេញពីតំបន់អនាធិបតេយ្យ។ នោះជានិមិត្តរូប នៃការផ្លាស់ប្រែ ដែលព្រះទ្រង់តែងធ្វើ ក្នុងជីវិតមនុស្សជាច្រើន។ ពេលដែលហោរាអេសាយ បានទទួលការបើកសម្តែងពីព្រះ អំពីស្នាព្រះហស្តថ្មីរបស់ព្រះអង្គ គាត់ក៏បានមើលឃើញការផ្លាស់ប្តូរស្រដៀងគ្នា នៃភាពស្រស់ស្អាត ដែលបានកើតចេញពីភាពទុរគត ដែលមានដូចជា ដីដែលក្រៀមក្រោះគ្មានជីវជាតិ ប្រែក្លាយជាកន្លែងដែលមានផ្ការីកស្គុសស្គាយ(អេសាយ ៣៥:១-២) វាលរហោសា្ថនប្រែជាមានផ្លូវទឹក ហូរកាត់(ខ.៦-៧) ដាវលំពែង ប្រែក្លាយជាផាលនង្គ័ល(២:៤) ហើយមនុស្សក្រីក្រក៏បានប្រែក្លាយជាមានភាពពេញលេញ ដោយសម្លេងច្រៀងដ៏មានអំណរ(៣៥:៥-៦,១០)។
អ្នកដឹកនាំវង់ភ្លេងនៅខាតូរ៉ាក៏បានមានប្រសាសន៍ថា “ពិភពលោកបានបញ្ជូនសំរាមមកយើង តែយើងបញ្ចូនតន្រ្តីត្រឡប់ទៅពិភពលោកវិញ”។ ហើយខណៈពេលដែលពួកគេបញ្ជូនតន្រ្តីទៅកាន់ពិភពលោក ពួកគេក៏បាននាំឲ្យលោកិយ មើលឃើញក្តីសង្ឃឹម សម្រាប់ពេលអនាគត គឺពេលដែលព្រះទ្រង់នឹងជូតទឹកភ្នែកពីមនុស្សទាំងឡាយ ហើយភាពក្រីក្រនឹងលែងមានទៀត។—Sheridan Voysey