ខាតូរ៉ា ជា​តំបន់​អណាធិប​តេយ្យ​តូច​មួយ នៅ​ប្រទេស​ប៉ារ៉ាហ្កាយ ក្នុង​តំបន់​អាមេរិក​ខាង​ត្បូង។ អ្នក​ភូមិ​នៅ​ទី​នោះ​មាន​ជីវភាព​ក្រីក្រ​តោក​យ៉ាក​ណាស់ ដោយ​ពួក​គេ​ត្រូវ​ចិញ្ចឹម​ជីវិត​ដោយ​ដើរ​រើស​អេត​ចាយ នៅ​កន្លែង​ចាក់​សំរាម។ ប៉ុន្តែ មាន​វង់​តន្រ្តី​មួយ បាន​កើត​ចេញ​មក ចេញ​ពី​ស្ថាន​ភាព​ដ៏​ពិបាក​នេះ គឺ​ជា​រឿង​ដ៏​ប្រសើរ​ណាស់។​

វីយូឡុង​ថ្មី​មួយ​គ្រឿង​មាន​តម្លៃ​ថ្លៃ​ជាងខ្ទម​មួយ​ខ្នង នៅ​ក្នុង​តំបន់​អនាធិប​តេយ្យ​នេះ ដូច​នេះ វង់​តន្រ្តី​នេះ​ក៏​បាន​កើត​មាន​ភាព​ប៉ិនប្រសប់ ដោយ​ច្នៃ​បង្កើត​ឧបករណ៍​តន្រ្តី ដោយ​ខ្លួន​ឯង ចេញ​ពី​អេត​ចាយ។ ពួក​គេ​បាន​ច្នែ​បង្កើត​វីយូឡុង ពី​ធុង​ប្រេង​ឆា និង​សម​ ដែល​ពួក​គេ​បាន​កាត់ និង​បត់ ដើម្បី​ចង​ភ្ជាប់​នឹង​ខ្សែ​វីយូឡុង។ ពួក​គេ​ក៏​បាន​ច្នៃ​បង្កើត​ឧបករណ៍​ផ្លុំ​សាក់​សូហ្វូន ពី​ទុយោ​ទឹក ដោយ​ប្រើ​គំរប​ដប ធ្វើ​ជា​រន្ធ​ចុច។ ពួក​គេ​ក៏​បាន​ផលិត​វីយូឡុង​ធំ សេឡូ ពី​ធុង​ស័ង្កសី ដោយ​ប្រើ​ប្រអប់​កិន​នំ ធ្វើ​ជា​ឧបករណ៍​រឹត​ខ្សែ​។​ ទស្សនិកជន​មាន​អារម្មណ៍​រីក​រាយ​ណាស់ ពេល​ដែល​បាន​ស្តាប់​ពួក​គេ​ប្រគុំ​បទ​ភ្លេង​របស់​លោក​ម៉ូហ្សាត ដោយ​ប្រើ​ឧបករណ៍​កែ​ច្នៃ​ទាំង​នេះ។ វង់​ភ្លេង​មួយ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន ដើម្បី​ប្រគុំ​តន្រ្តី ដោយ​បាន​លើក​ស្ទួយ​ជីវិត​យុវជន​ក្នុង​ក្រុម​តន្រ្តី​នេះ ឲ្យ​មាន​ក្តី​សង្ឃឹម​ឡើង។

វីយូឡុង​ចេញ​ពី​កន្លែង​ចាក់​សម្រាម។ តន្រ្តី​ចេញ​ពី​តំបន់​អនា​ធិប​តេយ្យ។ នោះ​ជា​និមិត្ត​រូប នៃ​ការ​ផ្លាស់​ប្រែ ដែល​ព្រះ​ទ្រង់​តែង​ធ្វើ ក្នុង​ជីវិត​មនុស្ស​ជា​ច្រើន។ ពេល​ដែល​ហោរា​អេសាយ បាន​ទទួល​ការ​បើក​សម្តែង​ពី​ព្រះ​ អំពី​ស្នាព្រះ​ហស្ត​ថ្មី​របស់​ព្រះអង្គ គាត់​ក៏​បាន​មើល​ឃើញ​ការ​ផ្លាស់​ប្តូរ​ស្រដៀង​គ្នា នៃ​ភាព​ស្រស់​ស្អាត ដែល​បាន​កើត​ចេញ​ពី​ភាព​ទុរគត ដែល​មាន​ដូច​ជា​ ដី​ដែលក្រៀម​ក្រោះ​គ្មាន​ជីវ​ជាតិ ប្រែ​ក្លាយ​ជា​កន្លែង​ដែល​មាន​ផ្កា​រីក​ស្គុស​ស្គាយ​(អេសាយ ៣៥:១-២) វាល​រហោ​សា្ថន​ប្រែ​ជា​មាន​ផ្លូវ​ទឹក ហូរ​កាត់(ខ.៦-៧) ដាវ​លំពែង ប្រែ​ក្លាយ​ជា​ផាល​នង្គ័ល(២:៤) ហើយ​មនុស្ស​ក្រី​ក្រ​ក៏​បាន​ប្រែ​ក្លាយ​ជា​មាន​ភាព​ពេញ​លេញ ​ដោយ​សម្លេង​ច្រៀង​ដ៏​មាន​អំណរ​(៣៥:៥-៦,១០)។

អ្នក​ដឹក​នាំ​វង់​ភ្លេង​នៅ​ខាតូរ៉ា​ក៏​បាន​មាន​ប្រសាសន៍​ថា “ពិភព​លោក​បាន​បញ្ជូន​សំរាម​មក​យើង តែ​យើង​បញ្ចូន​តន្រ្តី​ត្រឡប់​ទៅពិភព​លោក​វិញ”។ ហើយ​ខណៈ​ពេល​ដែល​ពួក​គេ​បញ្ជូន​តន្រ្តី​ទៅ​កាន់​ពិភព​លោក ពួក​គេ​ក៏​បាន​នាំ​ឲ្យ​លោកិយ មើល​ឃើញ​ក្តីសង្ឃឹម សម្រាប់​ពេល​អនាគត គឺ​ពេល​ដែល​ព្រះ​ទ្រង់​នឹង​ជូត​ទឹក​ភ្នែក​ពី​មនុស្ស​ទាំង​ឡាយ ហើយ​ភាព​ក្រីក្រ​នឹង​លែង​មាន​ទៀត​។—Sheridan Voysey