បន្ទាប់​ពី​បាន​ជួប​ម្ចាស់​ក្សត្រី​នៃ​ចក្រ​ភព​អង់​គ្លេស នៅ​ពិធី​សមោសរ នៅ​ប្រទេស​ស្កត់លែន អ្នក​ស្រី​ស៊ីលវា (Sylvia) និង​ស្វាមី​របស់​គាត់ ក៏​បាន​ទទួល​ព្រះ​រាជ​សារ​មួយ ដែល​បាន​ប្រាប់​ថា ព្រះ​រាជ​វង្ស​របស់​ក្សត្រី​សព្វ​ព្រះ​ទ័យ​នឹង​មក​លេង​ផ្ទះ​របស់​ពួក​គេ ​ដើម្បី​ញាំ​តែ។ អ្នក​ស្រី​ស៊ីលវា​ក៏​បាន​ចាប់​ផ្តើម​ការ​រៀប​ចំ​ និង​សម្អាត​ផ្ទះ ដោយចិត្ត​ថប់​បារម្ភ អំពី​ការ​ទទួល​ភ្ញៀវ​ដែល​ជាក្សត្រ​។ មុន​ពេល​ពួក​គេ​មក​ដល់ នាង​ក៏​បាន​ចេញ​ទៅ​ក្រៅ​បេះ​ផ្កា ដើម្បី​ដាក់​ក្នុង​ថូ​លើ​តុ ដោយ​បេះ​ដូង​នាង​លោត​កាន់​តែ​ញាប់​។ បន្ទាប់​មក នាង​ក៏​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​កំពុង​រំឭក​នាង​ថា ព្រះ​អង្គ​ជា​ក្សត្រ​លើ​អស់​ទាំង​ក្សត្រ ហើយ​ព្រះ​អង្គ​គង់​នៅជា​មួយ​នាង​ជា​រៀង​រាល់​ថ្ងៃ។ ភ្លាម​ៗ​នោះ នាង​ក៏​មាន​អារម្មណ៍​ថា មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត ហើយ​ក៏​បាន​គិត​ថា “តាម​ពិត​ ម្ចាស់ក្សត្រី​ក៏​ជា​មនុស្ស​ដែរ”។

អ្នកស្រី​ស៊ីលវា​គិត​ត្រូវ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​កត់​សំគាល់​ថា ព្រះ​ទ្រង់ “ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់” (១ធីម៉ូថេ ៦:១៥) ហើយ​អ្នក​ដែល​ដើរ​តាម​ព្រះ​អង្គ “ជា​កូន​របស់​ព្រះ”(កាឡាទី ៣:២៦)។ ពេល​ណាយើង​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ នោះ​យើង​ជា​អ្នក​គ្រង​មរតក​ជា​មួយ​លោក​អ័ប្រាហាំ(​ខ.២៩)។ យើង​មិន​មាន​ការ​បែងចែក ដែល​ប្រកាន់​ពូជ​សាសន៍​ វណ្ណៈ ឬ​ភេទ​ទៀត​ឡើយ ដ្បិត​យើង​រាល់​គ្នា “​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ”(ខ.២៨)។​ យើង​ជា​កូន​របស់​ព្រះ​ដ៏​ជា​មហា​ក្សត្រ។​

អ្នក​ស្រី​ស៊ីលវា និង​ស្វាមី​របស់​គាត់ បាន​ញាំ​អាហារ​ដោយ​ក្តី​សោមនស្ស ជា​មួយ​ម្ចាស់​ក្សត្រី​នៅ​ថ្ងៃ​នោះ តែ​ខ្ញុំ​មិន​រំពឹង​ថា នឹងបាន​ទទួល​ការ​អញ្ជើញ​ពី​ព្រះ​នាង​ឡើយ។ តែ​ខ្ញុំ​ចូល​ចិត្ត​នឹក​ចាំ​ថា ព្រះ​មហា​ក្សត្រ​ដែល​ខ្ពស់​បំផុត គង់​នៅ​ជា​មួយ​ខ្ញុំ​គ្រប់​ពេល​វេលា​។ ​អ្នក​ដែល​ជឿ​ព្រះ​យេស៊ូវ​អស់​ពី​ចិត្ត(ខ.២៧) អាច​រស់​នៅ ដោយ​ការ​រួប​រួម ដោយ​ដឹង​ថា ពួក​គេ​ជា​កូន​ព្រះ។

តើ​ការ​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត​នេះ បាន​ជួយ​កែ​ប្រែ​ការ​រស់​នៅ​របស់​យើង យ៉ាង​ដូច​ម្តេច​ខ្លះ?—Amy Boucher Pye