មាន​ពេល​មួយ​ចៅ​ស្រី​អាយុ​៣​ឆ្នាំ​របស់​ខ្ញុំ បាន​រត់​ចុះ​ឡើង ក្នុង​ទីធ្លា​ផ្ទះ​ឈើ​របស់​យើង ដោយ​ទឹក​មុខ​ញញឹម ហើយ​ស្រែក​ហៅ​ខ្ញុំថា “លោក​យាយ មើលនែ ​ខ្ញុំ​រាំ ដូច​ព្រះ​នាងអញ្ចឹង!” ការ​រាំ​របស់​នាង បាន​នាំ​ឲ្យ​ខ្ញុំ​ញញឹម​ផង​ដែរ តែ​បង​ប្រុស​នាង​រអ៊ូ​ថា “នាងមិន​មែន​រាំ​ទេ គឺ​រត់​លេង​ទេ​តើ”។ តែ​ពាក្យ​សម្តី​របស់​បង​ប្រុស​នាង មិន​បាន​ដក​ចេញ​ក្តី​អំណរ ដែល​នាង​ទទួល​បាន នៅ​ក្នុង​ការសម្រាក​លំហែរ ជា​មួយ​ក្រុម​គ្រួសារ​ឡើយ។

នៅ​ថ្ងៃ​អាទិត្យ​មុន​ពេល​ព្រះ​យេស៊ូវ​សុគត ជា​ថ្ងៃ​ពេញ​ដោយ​អំណរ។ ពេល​ដែល​ព្រះ​យេស៊ូវ​ជិះ​លើ​ខ្នង​សត្វ​លា​ ចូល​ក្នុង​ទីក្រុងយេរូសាឡិម ហ្វូង​មនុស្ស​បាន​ស្រែក​ឡើង ដោយ​ចិត្ត​ក្លៀវ​ក្លា​ថា “ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ ព្រះអង្គ​ដែល​យាង​មក​ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះពរ ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត”(ម៉ាថាយ ២១:៩)។ តែ​មនុស្ស​ជាច្រើន​ក្នុង​ហ្វូង​មនុស្ស កំពុង​តែ​រំពឹង​រង់​ចាំ ព្រះ​មែស៊ី​មួយ​អង្គ ដែល​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ចក្រ​ភព​រ៉ូម៉ាំង គឺ​មិន​បាន​រង់​ចាំ​ ព្រះ​អង្គសង្រ្គោះ ដែល​នឹង​សុគត ដើម្បី​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​បាប នៅ​អាទិត្យ​ដដែល​នោះ​ឡើយ។

ក្រោយ​មក ក្នុង​ថ្ងៃ​ដដែល​នោះ ទោះ​ពួក​សម្តេច​សង្ឃ​បាន​បង្ហាញ​កំហឹង និង​ចោទ​សួរ​ អំពី​អំណាច​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​ក្មេង​ៗ ក្នុង​ព្រះ​វិហារ នៅ​តែ​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ ហើយ​ស្រែក​ឡើង​ថា “ហូសាណា ដល់​ព្រះវង្ស​ហ្លួង​ដាវីឌ​”(ខ.១៥) ដោយ​ពួក​គេប្រហែលជា​លោត​ចុះ​ឡើង​ គ្រវី​ស្លឹក​ចាក ខណៈ​ពេល​ដែល​ពួក​គេ​រត់​ពេញ​ទី​ធ្លា​ព្រះ​វិហារ។ គ្មាន​អ្វី​អាច​ហាម​ឃាត់​ពួក​គេ មិន​ឲ្យថ្វាយ​បង្គំ​ព្រះ​អង្គ​បាន​ឡើយ ដូច​នេះ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដឹក​នាំ​ដែល​ទើស​ទាល់​ទាំង​នោះ​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​សេចក្តី​សរសើរ​បាន​គ្រប់​លក្ខណ៍ ដោយ​នូវ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ”(ខ.១៦)។  ក្មេង​ៗ​ទាំង​នោះ​កំពុង​តែ​ស្ថិត​ក្នុង​ព្រះវត្ត​មាន​នៃ​ព្រះ​អង្គ​សង្រ្គោះ!

ព្រះយេស៊ូវ​ក៏​អញ្ជើញ​យើង ឲ្យ​មើល​ទៅ​ព្រះ​អង្គ​ ដោយ​ស្គាល់​ព្រះ​អង្គ​ឲ្យ​ច្បាស់​ផង​ដែរ។ ពេល​ណា​យើង​បាន​ស្គាល់​ព្រះ​អង្គហើយ យើង​មាន​ចិត្ត​ចង់​បង្ហាញ​ឲ្យ​គេ​ស្គាល់​ព្រះ​វត្ត​មាន​ព្រះ​អង្គ ដោយ​អំណរ​ដ៏​ពោរពេញ ដូច​ក្មេង​ៗ​នៅ​ព្រះវិហារ​ទីក្រុង​យេរូសាឡិម​ផង​ដែរ។—Alyson Kieda