មានពេលមួយចៅស្រីអាយុ៣ឆ្នាំរបស់ខ្ញុំ បានរត់ចុះឡើង ក្នុងទីធ្លាផ្ទះឈើរបស់យើង ដោយទឹកមុខញញឹម ហើយស្រែកហៅខ្ញុំថា “លោកយាយ មើលនែ ខ្ញុំរាំ ដូចព្រះនាងអញ្ចឹង!” ការរាំរបស់នាង បាននាំឲ្យខ្ញុំញញឹមផងដែរ តែបងប្រុសនាងរអ៊ូថា “នាងមិនមែនរាំទេ គឺរត់លេងទេតើ”។ តែពាក្យសម្តីរបស់បងប្រុសនាង មិនបានដកចេញក្តីអំណរ ដែលនាងទទួលបាន នៅក្នុងការសម្រាកលំហែរ ជាមួយក្រុមគ្រួសារឡើយ។
នៅថ្ងៃអាទិត្យមុនពេលព្រះយេស៊ូវសុគត ជាថ្ងៃពេញដោយអំណរ។ ពេលដែលព្រះយេស៊ូវជិះលើខ្នងសត្វលា ចូលក្នុងទីក្រុងយេរូសាឡិម ហ្វូងមនុស្សបានស្រែកឡើង ដោយចិត្តក្លៀវក្លាថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត”(ម៉ាថាយ ២១:៩)។ តែមនុស្សជាច្រើនក្នុងហ្វូងមនុស្ស កំពុងតែរំពឹងរង់ចាំ ព្រះមែស៊ីមួយអង្គ ដែលនឹងរំដោះពួកគេឲ្យរួចពីចក្រភពរ៉ូម៉ាំង គឺមិនបានរង់ចាំ ព្រះអង្គសង្រ្គោះ ដែលនឹងសុគត ដើម្បីរំដោះពួកគេឲ្យរួចពីបាប នៅអាទិត្យដដែលនោះឡើយ។
ក្រោយមក ក្នុងថ្ងៃដដែលនោះ ទោះពួកសម្តេចសង្ឃបានបង្ហាញកំហឹង និងចោទសួរ អំពីអំណាចព្រះយេស៊ូវក៏ដោយ ក៏ក្មេងៗ ក្នុងព្រះវិហារ នៅតែបង្ហាញចេញនូវក្តីអំណរ ហើយស្រែកឡើងថា “ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ”(ខ.១៥) ដោយពួកគេប្រហែលជាលោតចុះឡើង គ្រវីស្លឹកចាក ខណៈពេលដែលពួកគេរត់ពេញទីធ្លាព្រះវិហារ។ គ្មានអ្វីអាចហាមឃាត់ពួកគេ មិនឲ្យថ្វាយបង្គំព្រះអង្គបានឡើយ ដូចនេះ ព្រះយេស៊ូវក៏បានមានបន្ទូលទៅកាន់អ្នកដឹកនាំដែលទើសទាល់ទាំងនោះថា “ទ្រង់បានធ្វើឲ្យសេចក្តីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង និងកូនដែលនៅបៅ”(ខ.១៦)។ ក្មេងៗទាំងនោះកំពុងតែស្ថិតក្នុងព្រះវត្តមាននៃព្រះអង្គសង្រ្គោះ!
ព្រះយេស៊ូវក៏អញ្ជើញយើង ឲ្យមើលទៅព្រះអង្គ ដោយស្គាល់ព្រះអង្គឲ្យច្បាស់ផងដែរ។ ពេលណាយើងបានស្គាល់ព្រះអង្គហើយ យើងមានចិត្តចង់បង្ហាញឲ្យគេស្គាល់ព្រះវត្តមានព្រះអង្គ ដោយអំណរដ៏ពោរពេញ ដូចក្មេងៗនៅព្រះវិហារទីក្រុងយេរូសាឡិមផងដែរ។—Alyson Kieda