គ្រាប់បែកបានផ្ទុះឡើង នៅក្រៅផ្ទះមួយខ្នង នៅប្រទេសស្រីលង្កា ខណៈពេលដែលលោកស៊ូរី វីល្លាម(Suri Williams) ដែលជាបេសកជនវ័យក្មេង និងក្រុមគ្រួសារ កំពុងតែជ្រកក្នុងបន្ទប់ដាក់ឡាន ដើម្បីសុវត្ថិភាព។ អ្នកបម្រើព្រះដ៏ក្មេងវ័យនេះ បានលះបង់ជីវិតដ៏សុខស្រួល ក្នុងទីក្រុងកូឡំបូ ដើម្បីបម្រើព្រះ ក្នុងតំបន់ខាងជើង នៃប្រទេសស្រីលង្កា ដែលកំពុងតែមានសង្រ្គាមស៊ីវិល។ អ្នកដឹកនាំអង្គការរបស់គាត់ បានសុំឲ្យគាត់ត្រឡប់មកទីក្រុងកូឡំបូវិញ ដើម្បីសុវត្ថិភាព តែលោកស៊ូរីឆ្លើយតបថា “កន្លែងដែលសុវត្ថិភាពបំផុត គឺជាកន្លែងដែលយើងធ្វើតាមបំណងព្រះទ័យព្រះ”។ នេះជាពាក្យដែលគាត់បានដកស្រង់ពីអ្នកស្រី ខូរី ធែន ប៊ូន(Corrie Ten Boom) ជាគ្រីស្ទបរិស័ទជនជាតិហូឡង់ ដែលគេបានចាប់ដាក់គុក ដោយសារគាត់បានជួយជនជាតិយូដារត់គេច ពីកងទ័ពអាឡឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទី២។
លោកស៊ូរីបានត្រៀមខ្លួន ដើម្បីរងទុក្ខ ដោយសារការផ្សាយដំណឹង អំពីសេចក្តីសង្រ្គោះ ដែលព្រះយេស៊ូវគ្រីស្ទ ប្រទានដល់អស់អ្នកដែលជឿ ហើយគាត់ក៏បានស៊ូទ្រាំ នៅភាគខាងជើងនៃប្រទេសស្រីលង្កា អស់រយៈពេល១៥ឆ្នាំ។ យុវជនជាច្រើននាក់បានក្លាយជាសិស្សគាត់ ហើយក្រោយមក ពួកគេក៏បានក្លាយជាអ្នកដឹកនាំ និងគ្រូគង្វាល។ កូនស្រីគាត់បានប្រាប់ខ្ញុំថា ពេលណាគ្រាប់បែកផ្ទុះ ពួកគេក៏បានច្រៀងសរសើរព្រះ ហើយលេងល្បែងកម្សាន្ត នៅក្នុងបន្ទប់ដាក់ឡាននោះ។
ក្នុងបទគម្ពីរ ១ពេត្រុស ៣:១៤-១៧ ពួកសាវ័កបានជំរុញយើង ឲ្យត្រៀមខ្លួន ដើម្បីរងទុក្ខថ្វាយព្រះគ្រីស្ទ ដោយកត់សំគាល់ថា យើងនឹងមានពរ ដោយសារការរងទុក្ខ ដោយព្រោះសេចក្តីសុចរិត(ខ.១៤,១៧)។ នេះជាការធានា សម្រាប់ការដើរតាមព្រះ។ ផ្លូវនៃការស្តាប់បង្គាប់អាចមានពេញ ដោយទុក្ខលំបាក តែយើងនៅតែអាចមានសន្តិភាពនៅក្នុងចិត្ត។ យើងអាចស៊ូទ្រាំ ក្នុងទុក្ខលំបាក ដោយដឹងថា ព្រះកំពុងតែថែរក្សាយើង ហើយស្តាប់យើងអធិស្ឋាន(ខ.១២)។—Asiri Fernando