ខណៈ​ពេល​ដែល​ស្វាមី​ខ្ញុំ​កំពុង​តែ​ដើរ​ចុះ​តាម​ឆ្នេរ​ដែល​មាន​ថ្ម​ច្រើន ដើម្បី​ថត​រូប​ទេស​ភាព នៅ​រដ្ឋ​ហាវ៉ៃ ខ្ញុំ​ក៏​បាន​អង្គុយ​នៅ​លើ​ថ្មធំ​មួយ​ផ្ទាំង ដោយ​ជញ្ជឹង​គិត អំពី​បញ្ហា​សុខ​ភាព​មួយ​ទៀត។ បញ្ហា​នេះ​ត្រូវ​រង់​ចាំ​ឲ្យ​ខ្ញុំ​ដោះ​ស្រាយ​វា នៅ​ពេល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះវិញ ព្រោះ​ខ្ញុំ​កំពុង​តែ​ត្រូវ​ការ​សន្តិ​ភាព នៅ​ពេល​នោះ។ ខ្ញុំក៏​បាន​សម្លឹង​មើល​ទឹក​រលក ដែល​កំពុង​តែ​បក់​បោក​មក​លើ​ផ្ទាំង​ថ្មពណ៌​ខ្មៅ។ ខ្ញុំ​ក៏​បាន​ប្រទះ​ឃើញ​ស្រមោល​ខ្មៅ​ៗ នៅ​ក្នុង​រលក​នោះ។ ខ្ញុំ​ក៏​បាន​ពង្រីក​មើល​រូប​ភាព​នោះ នៅ​ក្នុង​កាំមីរ៉ា​របស់​ខ្ញុំ ហើយ​ក៏​បាន​ដឹង​ថា តាម​ពិត វា​ជា​សត្វ​អណ្តើក​សមុទ្រ ដែល​កំពុង​តែ​ជិះ​ទឹក​រលក យ៉ាង​សុខ​សាន្ត។ ជើង​វា​បាន​លាត​សន្ធឹង នៅស្ងៀម បណ្តែត​ខ្លួន​ទៅ​តាម​ទឹក។ ទិដ្ឋ​ភាព​មាត់​សមុទ្រ​ថ្ងៃ​នោះ ក៏​បាន​នាំ​មក​នូវ​ស្នាម​ញញឹម នៅ​លើ​ផ្ទៃ​មុខ​ខ្ញុំ។

“ផ្ទៃ​មេឃ​នឹង​សរសើរ​ការ​អស្ចារ្យ​របស់​ព្រះអម្ចាស់”(ទំនុកដំកើង ៨៩:៥)។ ព្រះ​នៃ​យើង ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន ទ្រង់​បង្ក្រាប​ការ​លើក​កម្ពស់​នៃ​សមុទ្រ កាល​ណា​រលក​កំរើក​ឡើង នោះ​ទ្រង់​បន្ទ្រោម​ចុះ ឲ្យ​ស្ងប់​វិញ(ខ.៩)។ “ឯ​លោកីយ៍ និង​សព្វ​សារពើ ដែល​នៅ​ក្នុង​លោកីយ៍ នោះ​គឺ​ទ្រង់​បាន​សង់​ឡើង​ដែរ”(ខ.១១)។ ព្រះ​អង្គ​បង្កើត​របស់​សព្វ​សារ​ពើ ព្រះ​អង្គ​ជា​ម្ចាស់​លើអ្វី​ៗ​ទាំង​អស់ គ្រប់​គ្រង​លើ​ទាំង​អស់ ហើយ​គោល​បំណង​របស់​ព្រះ​អង្គ គឺ​ដើម្បី​សិរីល្អ​របស់​ព្រះ​អង្គ និង​ដើម្បី​ឲ្យ​យើង​បាន​អរសប្បាយ​នឹង​ព្រះ​អង្គ។

ចូរ​យើង​ឈរ​នៅ​លើ​គ្រឹះ​នៃ​សេចក្តី​ជំនឿ​របស់​យើង ដែល​ជា​សេចក្តី​ស្រឡាញ់​របស់​ព្រះ​វរបិតា ដែល​មិន​ចេះ​ប្រែ​ប្រួល ដើម្បី​ឲ្យ​យើង​អាច “ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះ​វត្ត​មាន​ព្រះ​អង្គ”(ខ.១៥)។ ព្រះ​អង្គ​នៅ​តែ​ពេញ​ដោយ​អំណាច​ចេស្តា និង​ពេញ​ដោយ​ក្តី​មេត្តា ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​យើង។ យើង​អាច​អរ​សប្បាយ​ក្នុង​ព្រះ​នាម​ព្រះ​អង្គ ពេញ​មួយ​ថ្ងៃ​(ខ.១៦)។ ទោះ​យើង​ជួប​ឧប​ស័គ្គ​អ្វី​ក៏​ដោយ ឬ​មាន​ភាព​អន់​ថយ​ច្រើន​យ៉ាង​ណា​ក្តី យើង​ត្រូវ​តែ​ស៊ូ​ទ្រាំ។ ព្រះ​អង្គ​ឱប​យើង​ជាប់ ពេល​ដែល​ទឹក​រលក​បក់​ចុះ​ឡើង​ៗ​។—Xochitl Dixon