ខណៈពេលដែលស្វាមីខ្ញុំកំពុងតែដើរចុះតាមឆ្នេរដែលមានថ្មច្រើន ដើម្បីថតរូបទេសភាព នៅរដ្ឋហាវ៉ៃ ខ្ញុំក៏បានអង្គុយនៅលើថ្មធំមួយផ្ទាំង ដោយជញ្ជឹងគិត អំពីបញ្ហាសុខភាពមួយទៀត។ បញ្ហានេះត្រូវរង់ចាំឲ្យខ្ញុំដោះស្រាយវា នៅពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ព្រោះខ្ញុំកំពុងតែត្រូវការសន្តិភាព នៅពេលនោះ។ ខ្ញុំក៏បានសម្លឹងមើលទឹករលក ដែលកំពុងតែបក់បោកមកលើផ្ទាំងថ្មពណ៌ខ្មៅ។ ខ្ញុំក៏បានប្រទះឃើញស្រមោលខ្មៅៗ នៅក្នុងរលកនោះ។ ខ្ញុំក៏បានពង្រីកមើលរូបភាពនោះ នៅក្នុងកាំមីរ៉ារបស់ខ្ញុំ ហើយក៏បានដឹងថា តាមពិត វាជាសត្វអណ្តើកសមុទ្រ ដែលកំពុងតែជិះទឹករលក យ៉ាងសុខសាន្ត។ ជើងវាបានលាតសន្ធឹង នៅស្ងៀម បណ្តែតខ្លួនទៅតាមទឹក។ ទិដ្ឋភាពមាត់សមុទ្រថ្ងៃនោះ ក៏បាននាំមកនូវស្នាមញញឹម នៅលើផ្ទៃមុខខ្ញុំ។
“ផ្ទៃមេឃនឹងសរសើរការអស្ចារ្យរបស់ព្រះអម្ចាស់”(ទំនុកដំកើង ៨៩:៥)។ ព្រះនៃយើង ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន ទ្រង់បង្ក្រាបការលើកកម្ពស់នៃសមុទ្រ កាលណារលកកំរើកឡើង នោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ(ខ.៩)។ “ឯលោកីយ៍ និងសព្វសារពើ ដែលនៅក្នុងលោកីយ៍ នោះគឺទ្រង់បានសង់ឡើងដែរ”(ខ.១១)។ ព្រះអង្គបង្កើតរបស់សព្វសារពើ ព្រះអង្គជាម្ចាស់លើអ្វីៗទាំងអស់ គ្រប់គ្រងលើទាំងអស់ ហើយគោលបំណងរបស់ព្រះអង្គ គឺដើម្បីសិរីល្អរបស់ព្រះអង្គ និងដើម្បីឲ្យយើងបានអរសប្បាយនឹងព្រះអង្គ។
ចូរយើងឈរនៅលើគ្រឹះនៃសេចក្តីជំនឿរបស់យើង ដែលជាសេចក្តីស្រឡាញ់របស់ព្រះវរបិតា ដែលមិនចេះប្រែប្រួល ដើម្បីឲ្យយើងអាច “ដើរក្នុងពន្លឺនៃព្រះវត្តមានព្រះអង្គ”(ខ.១៥)។ ព្រះអង្គនៅតែពេញដោយអំណាចចេស្តា និងពេញដោយក្តីមេត្តា ក្នុងការដោះស្រាយបញ្ហាជាមួយយើង។ យើងអាចអរសប្បាយក្នុងព្រះនាមព្រះអង្គ ពេញមួយថ្ងៃ(ខ.១៦)។ ទោះយើងជួបឧបស័គ្គអ្វីក៏ដោយ ឬមានភាពអន់ថយច្រើនយ៉ាងណាក្តី យើងត្រូវតែស៊ូទ្រាំ។ ព្រះអង្គឱបយើងជាប់ ពេលដែលទឹករលកបក់ចុះឡើងៗ។—Xochitl Dixon