លោក​ចច វ៉ាយហ្វៀល(ឆ្នាំ១៧១៤-១៧៧០) ស្ថិត​ក្នុង​ចំណោម​គ្រូ​អធិប្បាយ​ដែល​ល្បី​ល្បាញ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត ដោយគាត់​បាន​នាំ​មនុស្ស​រាប់​ពាន់​អ្នក​ឲ្យ​ជឿ​ព្រះ​យេស៊ូវ។ ប៉ុន្តែ ការ​រស់​នៅ​របស់​គាត់​បាន​ជួប​រឿង​វិវាទ​ជា​ច្រើន​ផង​ដែរ។ នៅ​សម័យនោះ គាត់​បាន​អធិប្បាយ​ព្រះ​បន្ទូល នៅ​ទីសា​ធារណៈ (ទៅ​កាន់​ហ្វូង​មនុស្ស) ហើយ​ជួន​កាល គេ​ក៏​បាន​រិះ​គន់​គាត់ ដោយ​ចោទសួរ​អំពី​បំណង​របស់​គាត់ ហើយ​គេ​យល់​ឃើញ​ថា គាត់​គួរ​តែ​អធិប្បាយ​ព្រះ​បន្ទូល ​នៅ​ក្នុង​អគារ​ព្រះ​វិហារ​ប៉ុណ្ណោះ។ នៅ​ក្នុង​ការ​ឆ្លើយ​តប ចំពោះ​ការ​រិះ​គន់​ធ្ងន់​ៗ​របស់​អ្នក​ដទៃ គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​ការ​ស្កប់​ចិត្ត នៅ​ក្នុង​ការ​រង់​ចាំ​រហូត​ដល់ថ្ងៃ​ជំនុំ​ជម្រះ ដើម្បី​ឲ្យ​ព្រះ​អង្គ​ជា​អ្នក​វិនិច្ឆ័យ​ថា អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ត្រឹម​ត្រូវ​ឬ​អត់ ហើយ​បន្ទាប់​ពី​ខ្ញុំ​បាន​ស្លាប់​ទៅ​ ​ខ្ញុំ​ចង់​ឲ្យ​គេ​កត់​ចំណាំ​ពាក្យ​សម្តី​របស់​ខ្ញុំ​តែ​ប៉ុណ្ណេះ​ឯង”។  ពេល​ដែល​គាត់​បាន​ស្លាប់​ទៅ គេ​ក៏​បាន​ឆ្លាក់​អក្សរ​នៅ​លើ​ថ្ម មុខ​ផ្នូរ​គាត់​ថា “នៅថ្ងៃ​ជំនុំ​ជម្រះ គេ​នឹង​បាន​ដឹង​ថា លោក​ចច វ៉ាយហ្វៀល ជា​មនុស្ស​ប្រភេទ​ណា”។​

នៅ​គ្រា​សញ្ញា​ចាស់ ពេល​ដែល​ស្តេច​ដាវីឌ ទទួល​រង​ការ​រិះ​គន់​ធ្ងន់​ៗ​ពី​អ្នក​ដទៃ ទ្រង់​ក៏​បាន​ទុក​ឲ្យ​ព្រះ​អម្ចាស់​វិនិច្ឆ័យ​ទ្រង់​ផង​ដែរ​។ ពេល​ដែល​ស្តេច​សូល​ចោទ​ប្រកាន់​ដាវីឌ​ថា កំពុង​ដឹក​នាំ​ការ​បះ​បោរ ហើយ​ទ្រង់​ក៏​បាន​បង្ខំ​ចិត្ត​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ ឲ្យ​រួច​ពី​កង​ទ័ព ស្តេច​សូល។ ទ្រង់​ក៏​បាន​ពិពណ៌​នា​ថា ទ្រង់​កំពុង​តែ​ស្ថិត​នៅ​កណ្តាល​ហ្វូង​សិង្ហ និង​ដេក​នៅ​កណ្តាល​ពួក​មនុស្ស​ដែល​មាន​ធ្មេញ​ទុក​ជា​លំពែង និង​ព្រួញ ក៏​មាន​អណ្តាត​ទុក​ជា​ដាវ​យ៉ាង​មុត(ទំនុក​ដំកើង ៥៧:៤)។ តែ​ក្នុង​កន្លែង​ដ៏​ពិបាក​នោះ ទ្រង់​ក៏​បានងាក​បែរ​ទៅ​រក​ព្រះ ហើយ​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ក្នុង​ព្រះ​អង្គ គឺ​ដូច​ដែល​ទ្រង់​បាន​ពោល​ឡើង​ថា “ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថានសួគ៌ ហើយ​សេចក្តី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃ​មេឃ”(ខ.១០)។

ពេល​ណា​អ្នក​ដទៃ​យល់​ច្រឡំ ឬ​បដិសេធ​យើង​ ព្រះ​ទ្រង់​ជា “ទីជ្រក​កោន”របស់​យើង​(ខ.១)។ សូម​ឲ្យ​ព្រះ​នាម​ព្រះ​អង្គ ត្រូវ​បានដំកើង​ឡើង​ជា​រៀង​រហូត សម្រាប់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដែល​ស្ថិត​ស្ថេរ និង​ពេញ​ដោយ​សេចក្តី​មេត្តា!—James Banks