លោកចច វ៉ាយហ្វៀល(ឆ្នាំ១៧១៤-១៧៧០) ស្ថិតក្នុងចំណោមគ្រូអធិប្បាយដែលល្បីល្បាញបំផុត ក្នុងប្រវត្តិសាស្រ្ត ដោយគាត់បាននាំមនុស្សរាប់ពាន់អ្នកឲ្យជឿព្រះយេស៊ូវ។ ប៉ុន្តែ ការរស់នៅរបស់គាត់បានជួបរឿងវិវាទជាច្រើនផងដែរ។ នៅសម័យនោះ គាត់បានអធិប្បាយព្រះបន្ទូល នៅទីសាធារណៈ (ទៅកាន់ហ្វូងមនុស្ស) ហើយជួនកាល គេក៏បានរិះគន់គាត់ ដោយចោទសួរអំពីបំណងរបស់គាត់ ហើយគេយល់ឃើញថា គាត់គួរតែអធិប្បាយព្រះបន្ទូល នៅក្នុងអគារព្រះវិហារប៉ុណ្ណោះ។ នៅក្នុងការឆ្លើយតប ចំពោះការរិះគន់ធ្ងន់ៗរបស់អ្នកដទៃ គាត់បានមានប្រសាសន៍ថា “ខ្ញុំមានការស្កប់ចិត្ត នៅក្នុងការរង់ចាំរហូតដល់ថ្ងៃជំនុំជម្រះ ដើម្បីឲ្យព្រះអង្គជាអ្នកវិនិច្ឆ័យថា អ្វីដែលខ្ញុំកំពុងធ្វើនេះត្រឹមត្រូវឬអត់ ហើយបន្ទាប់ពីខ្ញុំបានស្លាប់ទៅ ខ្ញុំចង់ឲ្យគេកត់ចំណាំពាក្យសម្តីរបស់ខ្ញុំតែប៉ុណ្ណេះឯង”។ ពេលដែលគាត់បានស្លាប់ទៅ គេក៏បានឆ្លាក់អក្សរនៅលើថ្ម មុខផ្នូរគាត់ថា “នៅថ្ងៃជំនុំជម្រះ គេនឹងបានដឹងថា លោកចច វ៉ាយហ្វៀល ជាមនុស្សប្រភេទណា”។
នៅគ្រាសញ្ញាចាស់ ពេលដែលស្តេចដាវីឌ ទទួលរងការរិះគន់ធ្ងន់ៗពីអ្នកដទៃ ទ្រង់ក៏បានទុកឲ្យព្រះអម្ចាស់វិនិច្ឆ័យទ្រង់ផងដែរ។ ពេលដែលស្តេចសូលចោទប្រកាន់ដាវីឌថា កំពុងដឹកនាំការបះបោរ ហើយទ្រង់ក៏បានបង្ខំចិត្តលាក់ខ្លួនក្នុងរូងភ្នំ ឲ្យរួចពីកងទ័ព ស្តេចសូល។ ទ្រង់ក៏បានពិពណ៌នាថា ទ្រង់កំពុងតែស្ថិតនៅកណ្តាលហ្វូងសិង្ហ និងដេកនៅកណ្តាលពួកមនុស្សដែលមានធ្មេញទុកជាលំពែង និងព្រួញ ក៏មានអណ្តាតទុកជាដាវយ៉ាងមុត(ទំនុកដំកើង ៥៧:៤)។ តែក្នុងកន្លែងដ៏ពិបាកនោះ ទ្រង់ក៏បានងាកបែរទៅរកព្រះ ហើយក៏បានរកឃើញការកម្សាន្តចិត្ត ក្នុងព្រះអង្គ គឺដូចដែលទ្រង់បានពោលឡើងថា “ដ្បិតសេចក្តីសប្បុរសនៃទ្រង់ខ្ពស់ដល់ស្ថានសួគ៌ ហើយសេចក្តីពិតរបស់ទ្រង់ក៏ខ្ពស់ដល់ផ្ទៃមេឃ”(ខ.១០)។
ពេលណាអ្នកដទៃយល់ច្រឡំ ឬបដិសេធយើង ព្រះទ្រង់ជា “ទីជ្រកកោន”របស់យើង(ខ.១)។ សូមឲ្យព្រះនាមព្រះអង្គ ត្រូវបានដំកើងឡើងជារៀងរហូត សម្រាប់សេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលស្ថិតស្ថេរ និងពេញដោយសេចក្តីមេត្តា!—James Banks