ពេលដែលអ្នកនិពន្ធជនជាតិអង់គ្លេសដ៏ល្បីល្បាញ ឈ្មោះស៊ី អេស លូអ៊ីស(C. S. Lewis) បានថ្វាយជីវិតដល់ព្រះយេស៊ូវ ពីដំបូង គាត់បដិសេធមិនព្រមសរសើរដំកើងព្រះអង្គឡើយ។ តាមពិត គាត់បានហៅរឿងនេះថា “ថ្មដែលធ្វើឲ្យជំពប់ដួល”។ គាត់មានការពិបាកនៅក្នុងការសរសើរដំកើងព្រះ ព្រោះគាត់គិតថា ព្រះទ្រង់ជាអ្នកទាមទាការសរសើរពីយើង។ តែទីបំផុត លោកលូអ៊ីសក៏បានដឹងថា តាមពិត “ព្រះទ្រង់បង្ហាញព្រះវត្តមានទ្រង់ដល់រាស្រ្តព្រះអង្គ នៅក្នុងពេលដែលយើងថ្វាយបង្គំព្រះអង្គ”។ ដូចនេះ យើងដែលបានជាប់ក្នុងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះ នឹងមានក្តីអំណរដ៏ស្ថិតស្ថេរ គឺដូចជាកញ្ចក់ដែលភ្លឺ ដោយសារពន្លឺដែលបានចាំងមកនោះដែរ។
លោកហោរាហាបាគុកបានធ្វើការសន្និដ្ឋានដូចនេះ កាលពីប៉ុន្មានសតវត្សរ៍មុន។ បន្ទាប់ពីគាត់បានរអ៊ូរទាំដាក់ព្រះ អំពីការអាក្រក់ ដែលទ្រង់បានទម្លាក់មកលើប្រជាជនយូដា គាត់ក៏បានដឹងថា ការសរសើរដំកើងព្រះអង្គ នាំមកនូវក្តីអំណរ គឺមិនមែនក្នុងការអ្វីដែលព្រះទ្រង់ធ្វើនោះទេ តែក្នុងការដឹងថា ទ្រង់ជានរណា។ ដូចនេះ ទោះរឿងវិបត្តិកើតឡើងក្នុងប្រទេស ឬទូទាំងពិភពលោកក្តី ព្រះទ្រង់នៅតែធំប្រសើរ។ គឺដូចដែលលោកហោរាបានប្រកាសថា:
“ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ”(ហាបាគុក ៣:១៧-១៨)។
លោកស៊ី អេស លូអ៊ីសបានដឹងថា ពិភពលោកទាំងមូលសរសើរដំកើងព្រះអង្គ។ លោកហាបាគុកក៏បានស្ម័គ្រចិត្តសរសើរដំកើងព្រះគ្រប់ពេលវេលាផងដែរ ដោយរកឃើញក្តីអំណរ ក្នុងព្រះអង្គ ដែលមានដំណើរតាំងពីដើម រហូតអស់កល្ប(ខ.៦)។—Patricia Raybon