មាន​ពេល​មួយ ខ្ញុំ​បាន​ដឹក​ដៃ​ចៅ​ប្រុស​ខ្ញុំ ដើរ​កាត់​តាម​កន្លែង​ចត​ឡាន ទៅ​រក​ទិញ​សម្លៀក​បំពាក់​សិស្ស​សាលា​ឲ្យ​គាត់ មុន​ពេល​គាត់​ចូល​រៀន។ ឥឡូវ​នេះ​គាត់​ជា​សិស្ស​សាលា​មត្តេយ្យ​ហើយ។ គាត់​មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះអ្វី​ៗ​គ្រប់​យ៉ាង ហើយ​ខ្ញុំ​បានប្តេជ្ញា​ចិត្ត​ថា នឹង​បញ្ឆេះ​ភាព​សប្បាយ​រីក​រាយ​របស់​គាត់ ឲ្យ​ក្លាយ​ជា​ក្តី​អំណរ។ ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ឃើញ​កែវ​កាហ្វេ​មួយ មាន​អក្សរឆ្លាក់​ពី​លើ​ថា “ជី​ដូន​គឺ​ជា​ម្តាយ ដែល​ដាក់​ស្ករ​ឲ្យ​កាន់​តែ​ផ្អែម”។ នៅ​សហរដ្ឋ​អាមេរិក ពាក្យ​ស្ករ​គឺ​មាន​ន័យ​ស្មើ​នឹង​ ភាព​សប្បាយ ពន្លឺ​ព្រិច​ៗ ឬ​ក្តី​អំណរ! ពាក្យ​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ក្នុង​នាម​ខ្ញុំ​ជា​ជីដូន ការងារ​របស់​ខ្ញុំ គឺ​ត្រូវ​បន្ថែម​ក្តី​អំណរ និង​ភាព​សប្បាយ​រីក​រាយ និង​លើស​ពី​នេះ​ទៀត គឺ​មិន​ខុស​ពី​ស្ករ​ដែល​បន្ថែម​រស់​ជាតិ​ដល់​នំ​នោះ​ឡើយ។​

ក្នុង​សំបុត្រ​ទី​២ ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​កូន​ខាង​វិញ្ញាណ​របស់​គាត់ គាត់​បាន​រំឭក​អំពី​ក្តី​ជំនឿដ៏​​ស្មោះ​ត្រង់​របស់​លោក​ធីម៉ូថេ ហើយ​ក៏​បាន​លើក​ឡើង​ថា ជំនឿ​នោះ​បាន​បន្ត​មក​ពី​ជីដូន​របស់​គាត់​ឈ្មោះ​ឡូអ៊ីស និង​ម្តាយ​របស់គាត់​ឈ្មោះ​អ៊ើនីស(២ធីម៉ូថេ ១:៥)។ ស្រ្តី​ទាំង​ពីរ​បាន​បង្ហាញ​ចេញ​នូវ​ក្តី​ជំនឿ​របស់​ខ្លួន ដោយ​ទី​បន្ទាល់​ដ៏​ល្អ ដែល​នាំ​ឲ្យ​លោក​ធីម៉ូថេ​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ផង​ដែរ។ ជា​ការ​ពិត​ណាស់ លោក​យាយ​ឡូអ៊ីស និង​អ្នក​ស្រី​អ៊ើនីស​ស្រឡាញ់​លោក​ធីម៉ូថេ ហើយ​បាន​បំពេញ​តម្រូវ​ការ​របស់​គាត់។ ប៉ុន្តែ ពួក​គេ​បាន​ធ្វើ​លើស​នេះ​ទៀត។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​ក៏​បាន​ចង្អុល​បង្ហាញថា ជំនឿ​របស់​ពួក​គេ គឺ​ជា​គំរូ ដែល​នាំ​ឲ្យ​លោក​ធីម៉ូថេ​ទទួល​ជឿ​ព្រះ​ផង​ដែរ។​

ការងារ​របស់​ខ្ញុំ​ជា​ជីដូន គឺ​រាប់​បញ្ចូល​ការ “បន្ថែម​ភាព​រីក​រាយ” ដោយ​ទិញ​ខោ​អាវ សម្រាប់​ឲ្យ​ចៅ​ប្រុស​ខ្ញុំ​ចូល​រៀន​ជា​ដើម។ ប៉ុន្តែ ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ក៏​បាន​នឹក​ចំា​អំពី​ពេល​ដ៏​មាន​អំណរ ដែល​ខ្ញុំ​បាន​បង្ហាញ​ជំនឿ​របស់​ខ្ញុំ​ដល់​គាត់ ដោយ​នាំ​គាត់​អធិស្ឋាន​ មុនពេល​ញាំ​សាច់​មាន់​បំពង រួច​នាំ​គាត់​មើល​ពពក ដែល​មាន​រូប​រាង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ប្រាប់​គាត់​ថា ព្រះ​អង្គ​ជា​អ្នក​រចនា​វា ឲ្យ​ស្អាត​ដូច​នេះ។ នៅ​តាម​ផ្លូវ យើង​ក៏​បាន​នាំ​គ្នា​ច្រៀង​សរសើរ​ព្រះ​យេស៊ូវ តាម​បទ​ចម្រៀង ដែល​គេ​កំពុង​ចាក់​ផ្សាយ​តាម​វិទ្យុ​។ ចូរ​យើង​យក​គំរូ​តាម ស្រ្តី​ជា​ម្តាយ និង​ជី​ដូន ដូច​ជា​អ្នក​ស្រី​អ៊ើនីស និង​លោក​យាយ​ឡូអ៊ីស ដើម្បី​ឲ្យ​ជំនឿ​យើង​ ក្លាយ​ជា​ទីបន្ទាល់​ដ៏​ល្អ ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ចង់​មាន​ជំនឿ​ដែល​យើង​មាន​នោះ​ផង​ដែរ។—Elisa Morgan