គាត់ឈ្មោះស្ពេនស័រ(Spencer) តែគេរាល់គ្នាហៅគាត់ថា “ស្ពេន(Spence)”។ គាត់ជាជើងឯករត់ប្រណាំងកំរិតវិទ្យាល័យ ប្រចំារដ្ឋរបស់គាត់ ហើយបន្ទាប់មក គាត់ក៏បានទៅរៀននៅសកលវិទ្យាល័យដ៏ល្បីល្បាញមួយ ដោយមានអាហារូបករណ៍ពេញ។ សព្វថ្ងៃនេះ គាត់កំពុងរស់នៅក្នុងទីក្រុងមួយ ដែលស្ថិតក្នុងចំណោមទីក្រុងធំបំផុត នៅសហរដ្ឋអាមេរិក ហើយបានទទួលការគោរពដ៏ខ្ពង់ខ្ពស់ នៅក្នុងមុខជំនាញវិស្វករផ្នែកគីមី ។ ប៉ុន្តែ បើអ្នកសួរលោកស្ពេន អំពីជោគជ័យដ៏អស្ចារ្យបំផុតដែលគាត់សម្រេចបាន គាត់នឹងមិននិយាយប្រាប់អ្នក អំពីរឿងទាំងអស់នេះទេ។ គាត់នឹងប្រាប់អ្នក ដោយចិត្តរំភើបរីករាយ អំពីការធ្វើដំណើរទៅកាន់ប្រទេសនីការខាហ្គ័រ រៀងរាល់ពីរបីខែម្តង ដើម្បីទៅសួរសុខទុក្ខក្មេងៗ និងគ្រូបង្រៀន ក្នុងកម្មវិធីបង្រៀនមួយ ដែលគាត់បានជួយបង្កើត ក្នុងតំបន់ដែលក្រីក្របំផុត ក្នុងប្រទេសនេះ។ ហើយគាត់នឹងប្រាប់អ្នកថា ជីវិតគាត់បានចម្រើនឡើង ប៉ុណ្ណា តាមរយៈការបម្រើពួកគេ។
មនុស្សបានប្រើពាក្យ “អ្នកតូចបំផុត” តាមរបៀបផ្សេងៗគ្នា តែព្រះយេស៊ូវបានប្រើពាក្យនេះ ដើម្បីពិពណ៌នា អំពីអ្នកដែលមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាពផ្តល់អ្វីមួយឲ្យយើង ដើម្បីបង់ថ្លៃសម្រាប់ការបម្រើរបស់យើង។ ពួកគេជាបុរសស្រ្តី និងកុមារ ដែលលោកិយច្រើនតែមើលរំលង ឬបំភ្លេចចោលទាំងស្រុងតែម្តង។ ប៉ុន្តែ ព្រះយេស៊ូវបានលើកកម្ពស់ជីវិតពួកគេឲ្យមានភាពស្រស់ថ្លាឡើង គឺដូចដែលព្រះអង្គមានបន្ទូលថា “ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ”(ម៉ាថាយ ២៥:៤០)។ ដូចនេះការបម្រើ “អ្នកតូចបំផុត” ជាការបម្រើព្រះយេស៊ូវផងដែរ។ អ្នកមិនចំាបាច់ត្រូវមានសញ្ញាប័ត្រពីសកលវិទ្យាល័យដ៏ល្បីល្បាញណាមួយ ដើម្បីយល់ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះឡើយ។ ដែលសំខាន់នោះ គឺយើងមានចិត្តដែលចង់បម្រើគេមែន។—John Blasé