គាត់​ឈ្មោះ​ស្ពេនស័រ(Spencer) តែ​គេ​រាល់​គ្នា​ហៅ​គាត់​ថា “ស្ពេន(Spence)”។ គាត់​ជា​ជើង​ឯក​រត់​ប្រណាំង​កំរិត​វិទ្យាល័យ ប្រចំា​រដ្ឋ​របស់​គាត់ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​ដ៏​ល្បី​ល្បាញ​មួយ ដោយ​មាន​អាហា​រូប​ករណ៍​ពេញ​។ សព្វ​ថ្ងៃ​នេះ គាត់​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​មួយ ដែល​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ធំ​បំផុត នៅ​សហ​រដ្ឋ​អាមេរិក ហើយ​បាន​ទទួល​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់ នៅ​ក្នុង​មុខ​ជំនាញ​វិស្វករ​ផ្នែក​គីមី ។ ប៉ុន្តែ បើ​អ្នក​សួរ​លោក​ស្ពេន អំពី​ជោគ​ជ័យ​ដ៏​អស្ចារ្យ​បំផុត​ដែលគាត់​សម្រេច​បាន គាត់​នឹង​មិន​និយាយ​ប្រាប់​អ្នក អំពី​រឿង​ទាំង​អស់​នេះ​ទេ។ គាត់​នឹង​ប្រាប់​អ្នក ដោយ​ចិត្ត​រំភើប​រីករាយ​ អំពី​ការធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នីការខាហ្គ័រ រៀង​រាល់​ពីរបី​ខែ​ម្តង ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​ៗ និង​គ្រូ​បង្រៀន ក្នុង​កម្ម​វិធី​បង្រៀនមួយ ដែល​គាត់​បាន​ជួយ​បង្កើត ក្នុង​តំបន់​ដែល​ក្រីក្រ​បំផុត ក្នុង​ប្រទេស​នេះ។ ហើយ​គាត់​នឹង​ប្រាប់​អ្នក​ថា ជីវិត​គាត់​បាន​ចម្រើនឡើង ប៉ុណ្ណា តាម​រយៈការ​បម្រើ​ពួក​គេ។

មនុស្ស​បាន​ប្រើ​ពាក្យ “អ្នក​តូច​បំផុត” តាម​របៀប​ផ្សេង​ៗ​គ្នា តែ​ព្រះ​យេស៊ូវ​បាន​ប្រើ​ពាក្យ​នេះ ដើម្បី​ពិពណ៌​នា ​អំពី​អ្នក​ដែល​មានលទ្ធ​ភាព​តិច​តួច ឬ​គ្មាន​លទ្ធ​ភាព​ផ្តល់​អ្វី​មួយ​ឲ្យ​យើង ដើម្បី​បង់​ថ្លៃ​សម្រាប់​ការ​បម្រើ​របស់​យើង។ ពួក​គេ​ជា​បុរស​ស្រ្តី និង​កុមារ ដែល​លោកិយ​ច្រើន​តែ​មើល​រំលង  ​ឬ​បំភ្លេច​ចោល​ទាំង​ស្រុង​តែ​ម្តង។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​លើក​កម្ពស់​ជីវិត​ពួក​គេ​ឲ្យ​មាន​ភាព​ស្រស់​ថ្លា​ឡើង គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ”(ម៉ាថាយ ២៥:៤០)។ ដូចនេះ​ការ​បម្រើ “អ្នក​តូច​បំផុត” ​ជា​ការ​បម្រើ​ព្រះ​យេស៊ូវ​ផង​ដែរ​។ អ្នក​មិន​ចំា​បាច់​ត្រូវ​មាន​សញ្ញា​ប័ត្រ​ពី​សកល​វិទ្យា​ល័យ​ដ៏​ល្បី​ល្បាញ​ណា​មួយ ដើម្បី​យល់​ព្រះ​បន្ទូល​ព្រះ​អង្គ​ត្រង់​ចំណុច​នេះ​ឡើយ។ ដែល​សំខាន់​នោះ គឺ​យើង​មាន​ចិត្ត​ដែល​ចង់​បម្រើ​គេ​មែន។—John Blasé