មានពេលមួយ ខ្ញុំបានដឹកដៃចៅប្រុសខ្ញុំ ដើរកាត់តាមកន្លែងចតឡាន ទៅរកទិញសម្លៀកបំពាក់សិស្សសាលាឲ្យគាត់ មុនពេលគាត់ចូលរៀន។ ឥឡូវនេះគាត់ជាសិស្សសាលាមត្តេយ្យហើយ។ គាត់មានចិត្តរំភើបរីករាយ ចំពោះអ្វីៗគ្រប់យ៉ាង ហើយខ្ញុំបានប្តេជ្ញាចិត្តថា នឹងបញ្ឆេះភាពសប្បាយរីករាយរបស់គាត់ ឲ្យក្លាយជាក្តីអំណរ។ ថ្ងៃនោះ ខ្ញុំក៏បានឃើញកែវកាហ្វេមួយ មានអក្សរឆ្លាក់ពីលើថា “ជីដូនគឺជាម្តាយ ដែលដាក់ស្ករឲ្យកាន់តែផ្អែម”។ នៅសហរដ្ឋអាមេរិក ពាក្យស្ករគឺមានន័យស្មើនឹង ភាពសប្បាយ ពន្លឺព្រិចៗ ឬក្តីអំណរ! ពាក្យនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងនាមខ្ញុំជាជីដូន ការងាររបស់ខ្ញុំ គឺត្រូវបន្ថែមក្តីអំណរ និងភាពសប្បាយរីករាយ និងលើសពីនេះទៀត គឺមិនខុសពីស្ករដែលបន្ថែមរស់ជាតិដល់នំនោះឡើយ។
ក្នុងសំបុត្រទី២ ដែលសាវ័កប៉ុលសរសេរផ្ញើទៅលោកធីម៉ូថេ ដែលជាកូនខាងវិញ្ញាណរបស់គាត់ គាត់បានរំឭកអំពីក្តីជំនឿដ៏ស្មោះត្រង់របស់លោកធីម៉ូថេ ហើយក៏បានលើកឡើងថា ជំនឿនោះបានបន្តមកពីជីដូនរបស់គាត់ឈ្មោះឡូអ៊ីស និងម្តាយរបស់គាត់ឈ្មោះអ៊ើនីស(២ធីម៉ូថេ ១:៥)។ ស្រ្តីទាំងពីរបានបង្ហាញចេញនូវក្តីជំនឿរបស់ខ្លួន ដោយទីបន្ទាល់ដ៏ល្អ ដែលនាំឲ្យលោកធីម៉ូថេបានទទួលជឿព្រះយេស៊ូវផងដែរ។ ជាការពិតណាស់ លោកយាយឡូអ៊ីស និងអ្នកស្រីអ៊ើនីសស្រឡាញ់លោកធីម៉ូថេ ហើយបានបំពេញតម្រូវការរបស់គាត់។ ប៉ុន្តែ ពួកគេបានធ្វើលើសនេះទៀត។ ហេតុនេះហើយ សាវ័កប៉ុលក៏បានចង្អុលបង្ហាញថា ជំនឿរបស់ពួកគេ គឺជាគំរូ ដែលនាំឲ្យលោកធីម៉ូថេទទួលជឿព្រះផងដែរ។
ការងាររបស់ខ្ញុំជាជីដូន គឺរាប់បញ្ចូលការ “បន្ថែមភាពរីករាយ” ដោយទិញខោអាវ សម្រាប់ឲ្យចៅប្រុសខ្ញុំចូលរៀនជាដើម។ ប៉ុន្តែ ជាងនេះទៅទៀត ខ្ញុំក៏បាននឹកចំាអំពីពេលដ៏មានអំណរ ដែលខ្ញុំបានបង្ហាញជំនឿរបស់ខ្ញុំដល់គាត់ ដោយនាំគាត់អធិស្ឋាន មុនពេលញាំសាច់មាន់បំពង រួចនាំគាត់មើលពពក ដែលមានរូបរាងគួរឲ្យចាប់អារម្មណ៍ ហើយប្រាប់គាត់ថា ព្រះអង្គជាអ្នករចនាវា ឲ្យស្អាតដូចនេះ។ នៅតាមផ្លូវ យើងក៏បាននាំគ្នាច្រៀងសរសើរព្រះយេស៊ូវ តាមបទចម្រៀង ដែលគេកំពុងចាក់ផ្សាយតាមវិទ្យុ។ ចូរយើងយកគំរូតាម ស្រ្តីជាម្តាយ និងជីដូន ដូចជាអ្នកស្រីអ៊ើនីស និងលោកយាយឡូអ៊ីស ដើម្បីឲ្យជំនឿយើង ក្លាយជាទីបន្ទាល់ដ៏ល្អ ដែលនាំឲ្យអ្នកដទៃចង់មានជំនឿដែលយើងមាននោះផងដែរ។—Elisa Morgan