ពេលណាខ្ញុំត្រូវធ្វើដំណើរតាមយន្តហោះ ឆ្លងកាត់ទ្វីប ខ្ញុំបានព្យាយាមប្រើវិធីសាស្រ្តផ្សេងៗ ដើម្បីជៀសវាងការពិបាកសម្របខ្លួន នៅក្នុងការគេង និងញាំអាហារ ដោយសារប្រទេសផ្សេងគ្នាមានម៉ោងខុសគ្នា។ ខ្ញុំគិតថា ខ្ញុំបានសាកល្បងវិធីសាស្រ្តទាំងអស់នោះហើយ។ មានពេលមួយនោះ ខ្ញុំបានសម្រេចចិត្តសម្របពេលញាំអាហារក្នុងយន្តហោះ ទៅតាមពេលវេលារបស់ប្រទេសដែលខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅ។ ខ្ញុំមិនបានញាំអាហារពេលល្ងាច ជាមួយអ្នកដទៃទៀតក្នុងយន្តហោះឡើយ តែផ្ទុយទៅវិញ ខ្ញុំបានមើលខ្សែភាពយន្ត ហើយក៏បានព្យាយាមគេងឲ្យលក់។ ការអត់ទ្រាំមិនញំាអាហារអស់ជាច្រើនម៉ោង មានការពិបាក ហើយខ្ញុំក៏ស្តាយមិនបានញាំអាហារពេលព្រឹក ដែលគេបានចែកឲ្យ មុនពេលយន្តហោះចុះចត។ ប៉ុន្តែ ខ្ញុំមានការសប្បាយចិត្ត ដែលខ្ញុំអាចគេង និងញាំអាហារ តាមម៉ោងពេលរបស់ប្រទេសគេ។
សាវ័កប៉ុលដឹងថា បើអ្នកជឿព្រះយេស៊ូវ ចង់រស់នៅ ដោយនាំឲ្យគេស្គាល់ព្រះអង្គ ពួកគេចាំបាច់ត្រូវរស់នៅ ខុសពីលោកិយ។ កាលពីមុន ពួកគេរស់នៅក្នុងភាពងងឹត តែបន្ទាប់ពីបានទទួលជឿព្រះអង្គហើយ ពួកគេត្រូវរស់នៅជា “កូននៃពន្លឺ”(អេភេសូរ ៥:៨)។ ហើយតើការរស់នៅជាកូនពន្លឺ មានលក្ខណៈដូចម្តេចខ្លះ? ត្រង់ចំណុចនេះ សាវ័កប៉ុលបានបកស្រាយថា “ដ្បិតផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្តីសុចរិត និងសេចក្តីពិត”(ខ.៩)។
ការដែលខ្ញុំគេងនៅលើយន្តហោះ ខណៈពេលដែលអ្នកដទៃទៀត នៅលើយន្តហោះ កំពុងញាំអាហារពេលល្ងាច អាចធ្វើឲ្យគេគិតថា ខ្ញុំកំពុងធ្វើរឿងដ៏ល្ងង់ខ្លៅ ប៉ុន្តែ ទោះពិភពលោកកំពុងតែមានភាពងងឹតដូចពេលពាក់កណ្តាលអាធ្រាតក៏ដោយ ក្នុងនាមយើងជាអ្នកជឿ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យរស់នៅក្នុងពន្លឺ ដូចនៅពេលព្រឹក។ ការនេះអាចនាំឲ្យគេស្អប់ខ្ពើម ឬប្រឆាំងនឹងយើង តែក្នុងព្រះយេស៊ូវ យើងអាច “ដើរដោយក្តីស្រឡាញ់” ដោយដើរតាមគំរូរបស់ព្រះដែល “ស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ”(ខ.២)។—Glenn Packiam