ពេល​ណា​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ឆ្លង​កាត់​ទ្វីប ខ្ញុំ​បាន​ព្យាយាម​ប្រើ​វិធី​សាស្រ្ត​ផ្សេង​ៗ ដើម្បី​ជៀស​វាង​ការ​ពិបាក​សម្របខ្លួន នៅ​ក្នុង​ការ​គេង និង​ញាំ​អាហារ ដោយ​សារ​ប្រទេស​ផ្សេង​គ្នា​មាន​ម៉ោង​ខុស​គ្នា។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​សាក​ល្បង​វិធី​សាស្រ្ត​ទាំង​អស់​នោះ​ហើយ។ មាន​ពេល​មួយ​នោះ ខ្ញុំ​បាន​សម្រេច​ចិត្ត​សម្រប​ពេល​ញាំ​អាហារ​ក្នុង​យន្ត​ហោះ ទៅ​តាម​ពេល​វេលា​របស់​ប្រទេស​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ។ ខ្ញុំ​មិន​បាន​ញាំ​អាហារ​ពេល​ល្ងាច ជា​មួយ​អ្នក​ដទៃ​ទៀត​ក្នុង​យន្ត​ហោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​បានមើល​ខ្សែ​ភាព​យន្ត ហើយ​ក៏​បាន​ព្យាយាម​គេង​ឲ្យ​លក់។ ការ​អត់​ទ្រាំ​មិន​ញំា​អាហារ​អស់​ជា​ច្រើន​ម៉ោង មាន​ការ​ពិបាក ហើយ​ខ្ញុំ​ក៏​ស្តាយ​មិន​បាន​ញាំ​អាហារ​ពេល​ព្រឹក ដែល​គេ​បាន​ចែក​ឲ្យ មុន​ពេល​យន្ត​ហោះ​ចុះ​ចត។ ប៉ុន្តែ ខ្ញុំ​មាន​ការសប្បាយ​ចិត្ត ដែល​ខ្ញុំ​អាច​គេង និង​ញាំ​អាហារ តាម​ម៉ោង​ពេល​របស់​ប្រទេស​គេ។

សាវ័ក​ប៉ុល​ដឹង​ថា បើ​អ្នក​ជឿ​ព្រះ​យេស៊ូវ ​ចង់​រស់​នៅ ដោយ​នាំ​ឲ្យ​គេ​ស្គាល់​ព្រះ​អង្គ ពួក​គេ​ចាំ​បាច់​ត្រូវ​រស់​នៅ ខុស​ពី​លោកិយ។ កាល​ពី​មុន ពួក​គេ​រស់​នៅ​ក្នុង​ភាព​ងងឹត តែ​បន្ទាប់​ពី​បាន​ទទួល​ជឿ​ព្រះ​អង្គ​ហើយ ពួក​គេ​ត្រូវ​រស់​នៅ​ជា “កូន​នៃ​ពន្លឺ”(អេភេសូរ ៥:៨)។ ហើយ​តើ​ការ​រស់​នៅ​ជា​កូន​ពន្លឺ មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​បក​ស្រាយ​ថា “ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត”(ខ.៩)។

ការ​ដែល​ខ្ញុំ​គេង​នៅ​លើ​យន្ត​ហោះ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត នៅ​លើ​យន្ត​ហោះ កំពុង​ញាំ​អាហារ​ពេល​ល្ងាច​ អាច​ធ្វើ​ឲ្យ​គេគិត​ថា ខ្ញុំ​កំពុង​ធ្វើ​រឿង​ដ៏​ល្ងង់​ខ្លៅ ប៉ុន្តែ ទោះ​ពិភព​លោក​កំពុង​តែ​មាន​ភាព​ងងឹត​ដូច​ពេល​ពាក់​កណ្តាល​អាធ្រាត​ក៏​ដោយ ក្នុង​នាម​យើង​ជា​អ្នក​ជឿ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​រស់​នៅ​ក្នុង​ពន្លឺ ដូច​នៅ​ពេល​ព្រឹក។ ការ​នេះ​អាច​នាំ​ឲ្យ​គេ​ស្អប់​ខ្ពើម ឬ​ប្រឆាំង​នឹង​យើង តែ​ក្នុង​ព្រះ​យេស៊ូវ យើង​អាច “ដើរ​ដោយ​ក្តី​ស្រឡាញ់” ដោយ​ដើរ​តាម​គំរូ​របស់​ព្រះ​ដែល “​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​យើង​ផង ទុក​ជា​ដង្វាយ ហើយ​ជា​យញ្ញបូជា សំរាប់​ជា​ក្លិន​ឈ្ងុយ​ថ្វាយ​ដល់​ព្រះ”(ខ.២)។—Glenn Packiam