អ្នកស្រីឃែរិន(Karen) ដែលជាគ្រូបង្រៀននៅអនុវិទ្យាល័យ បានបង្កើតនូវសកម្មភាពមួយ ដើម្បីបង្រៀនសិស្សរបស់គាត់ អំពីរបៀបយល់ចិត្តគ្នា ឲ្យកាន់តែច្រើន។ នៅក្នុង “សកម្មភាពចែករំលែកបន្ទុក” សិស្សទាំងឡាយបានសរសេរនៅលើក្រដាស់ អំពីបន្ទុកផ្លូវអារម្មណ៍មួយចំនួន ដែលពួកគេកំពុងតែមាន ដោយមិនបញ្ចេញឈ្មោះ។ រួចគេក៏បានយកក្រដាស់ទាំងនោះទៅចែកឲ្យសិស្សដទៃទៀត ដើម្បីឲ្យពួកគេយល់អំពីទុក្ខលំបាករបស់មិត្តរួមថ្នាក់ខ្លួន ដោយពួកគេច្រើនតែឆ្លើយតប ដោយទឹកភ្នែក។ ចាប់តាំងពីពេលនោះមក ថ្នាក់រៀនមួយនេះមានពេញទៅដោយការគោរពគ្នាទៅវិញទៅមក កាន់តែស៊ីជម្រៅ ក្នុងចំណោមក្មេងជំទង់ទាំងនោះ ដែលសព្វថ្ងៃនេះ ពួកគេមានការយល់អារម្មណ៍ និងចិត្តគ្នាកាន់តែខ្លាំង។
ក្នុងព្រះគម្ពីរប៊ីបទាំងមូល ព្រះទ្រង់បានជំរុញរាស្រ្តទ្រង់ ឲ្យប្រព្រឹត្តចំពោះគ្នា ដោយភាពថ្លៃថ្នូ និងបង្ហាញការយល់អារម្មណ៍របស់អ្នកដទៃ(រ៉ូម ១២:១៥)។ នៅក្នុងប្រវត្តិសាស្រ្តរបស់ជនជាតិអ៊ីស្រាអែល ក្នុងកណ្ឌគម្ពីរលេវីវិន័យ ព្រះទ្រង់បានបង្រៀនពួកអ៊ីស្រាអែល ឲ្យមានការយល់អារម្មណ៍របស់អ្នកដទៃ ជាពិសេសនៅក្នុងការទំនាក់ទំនងជាមួយជនបរទេស។ ព្រះអង្គបានប្រាប់ពួកគេថា “ត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ”(លេវីវិន័យ ១៩:៣៤)។
ជួនកាល យើងមានអារម្មណ៍ថា យើងដូចជាជនបរទេស ដែលឯកោ និងគ្មានអ្នកយល់ចិត្ត សូម្បីតែក្នុងចំណោមមិត្តភក្តិ ធ្វើឲ្យយើងមានអារម្មណ៍ថា ហាក់ដូចជាកំពុងសែងបន្ទុកដ៏ធ្ងន់មួយ។ យើងមិនតែងតែមានជនបរទេស មករស់នៅក្នុងចំណោមយើង ដូចជនជាតិអ៊ីស្រាអែលឡើយ។ តែយើងក៏អាចប្រព្រឹត្តចំពោះអ្នកដែលព្រះឲ្យយើងជួប ដោយការគោរព និងការយល់ចិត្ត ដូចដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើង។ ទោះយើងជាគ្រូអនុវិទ្យាល័យ ជាជនជាតិអ៊ីស្រាលអែល ឬជានរណាក៏ដោយ ឲ្យតែយើងប្រព្រឹត្តចំពោះអ្នកដទៃ ដោយក្តីស្រឡាញ់ នោះគឺឈ្មោះថា យើងបានថ្វាយព្រះកិត្តិនាមដល់ព្រះហើយ។—Kirsten Holmberg