នៅតំបន់ជើងភ្នំហិម៉ាឡៃ ភ្ញៀវទេសចរណ៍ម្នាក់បានកត់សំគាល់ឃើញផ្ទះដែលគេបានសង់ជាជួរ ហើយគ្មានបង្អួច។ អ្នកនាំផ្លូវរបស់គាត់ក៏បានពន្យល់ថា អ្នកភូមិខ្លះមានការភ័យខ្លាចវិញ្ញាណអាក្រក់លបចូលក្នុងផ្ទះសម្បែងរបស់ពួកគេ ពេលពួកគេដេកលក់ ដូចនេះ ពួកគេក៏បានសង់ជញ្ជាំងផ្ទះ ដែលគ្មានបង្អួច។ ប៉ុន្តែ គេអាចដឹងថា ម្ចាស់ផ្ទះណាម្នាក់បានចាប់ផ្តើមដើរតាមព្រះយេស៊ូវ ពេលដែលគាត់បានចោះជញ្ជាំងធ្វើបង្អួច ដើម្បីឲ្យពន្លឺចូលផ្ទះគាត់។
រឿងស្រដៀងនេះក៏អាចកើតឡើង ក្នុងជីវិតយើងផងដែរ ទោះយើងប្រហែលជាមិនគិតថា យើងកំពុងតែរស់នៅដូចពួកគេក៏ដោយ។ តាមពិត យើងកំពុងតែរស់នៅ ក្នុងពេលដែលមានការភ័យខ្លាច និងការបែកបាក់ខ្លាំង។ សាតាំង និងបរិវារបស់វាបានបង្ករឲ្យមានការបែកបាក់ដ៏ក្តៅក្រហាយ ដល់ក្រុមគ្រួសារ និងមិត្តភក្តិ។ បានជាញឹកញាប់ យើងមានអារម្មណ៍ថា វាហាក់ដូចជាកំពុងតែលាក់ខ្លួន នៅពីក្រោយជញ្ជាំងរបស់យើង។ ប៉ុន្តែ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងចោះជញ្ជាំងនោះធ្វើបង្អួច។
ពួកអ៊ីស្រាអែលធ្លាប់ជ្រកកោន នៅក្នុងកំផែងខ្ពស់ៗ តែព្រះទ្រង់មានបន្ទូលថា ពួកគេអាចមានសុវត្ថិភាព តែនៅក្នុងព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គសោយរាជ្យពីស្ថានសួគ៌មក ហើយព្រះបន្ទូលព្រះអង្គ គ្រប់គ្រងលើអ្វីៗទាំងអស់(អេសាយ ៥៥:១០-១១)។ បើសិនជាពួកអ៊ីស្រាអែលវិលត្រឡប់មកព្រះអង្គវិញ នោះព្រះអង្គនឹងមានក្តីមេត្តាចំពោះពួកគេ(ខ.៧) ហើយក៏ស្អាងពួកគេ ឲ្យធ្វើជារាស្រ្តដែលជាទីបញ្ចេញពរដល់ពិភពលោក(លោកុប្បត្តិ ១២:១-៣)។ ព្រះអង្គនឹងលើកពួកគេឡើង ដោយដឹកនាំពួកគេ ក្នុងក្បួនដង្ហែរនៃជ័យជម្នះ។ ការអបអររបស់ពួកគេ “នឹងបានសំរាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសំរាប់ជាទីសំគាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ”(អេសាយ ៥៥:១៣)។
ជួនកាល ជញ្ជាំងមានការចាំបាច់ តែជញ្ជាំងដែលមានបង្អួចជាជញ្ជាំងល្អបំផុត។ ជញ្ជាំងនោះបង្ហាញឲ្យលោកិយដឹងថា យើងទុកចិត្តថា ព្រះទ្រង់កំពុងរៀបចំអនាគតឲ្យយើង។ ពេលណាយើងមានការភ័យខ្លាច ចូរយើងដឹងថា ព្រះទ្រង់ធំជាងការភ័យខ្លាចរបស់យើង។ បង្អួចខាងវិញ្ញាណ បើកចំហរ ដើម្បីទទួល “ពន្លឺនៃលោកិយ” ដែលជាអង្គព្រះយេស៊ូវ(យ៉ូហាន ៨:១២)។—Mike Wittmer