នៅ​តំបន់​ជើង​ភ្នំ​ហិម៉ាឡៃ ភ្ញៀវ​ទេស​ចរណ៍​ម្នាក់​បាន​កត់​សំគាល់​ឃើញ​ផ្ទះ​ដែល​គេ​បាន​សង់​ជា​ជួរ ហើយ​​គ្មាន​បង្អួច។ អ្នក​នាំ​ផ្លូវរបស់​គាត់​ក៏​បាន​ពន្យល់​ថា អ្នក​ភូមិ​ខ្លះ​មាន​ការ​ភ័យ​ខ្លាច​វិញ្ញាណ​អាក្រក់​លប​ចូល​ក្នុង​ផ្ទះ​សម្បែង​របស់​ពួក​គេ ពេល​ពួក​គេ​ដេកលក់ ដូច​នេះ ពួក​គេ​ក៏​បាន​សង់​ជញ្ជាំង​ផ្ទះ ដែល​គ្មាន​បង្អួច។ ប៉ុន្តែ គេ​អាច​ដឹង​ថា ម្ចាស់​ផ្ទះ​ណា​ម្នាក់​បាន​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូវ ពេល​ដែល​គាត់​បាន​ចោះ​ជញ្ជាំង​ធ្វើ​បង្អួច ដើម្បី​ឲ្យ​ពន្លឺ​ចូល​ផ្ទះ​គាត់។

រឿង​ស្រដៀង​នេះ​ក៏​អាច​កើត​ឡើង ក្នុង​ជីវិត​យើង​ផង​ដែរ ទោះ​យើង​ប្រហែល​ជា​មិន​គិត​ថា យើង​កំពុង​តែ​រស់​នៅ​ដូច​ពួក​គេ​ក៏ដោយ។ តាម​ពិត យើង​កំពុង​តែ​រស់​នៅ ក្នុង​ពេល​ដែល​មាន​ការ​ភ័យ​ខ្លាច និង​ការ​បែក​បាក់​ខ្លាំង។ សាតាំង និង​បរិវា​របស់​វា​បានបង្ករ​ឲ្យ​មាន​ការ​បែក​បាក់​ដ៏​ក្តៅ​ក្រហាយ ដល់​​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ។ បាន​ជា​ញឹក​ញាប់ យើង​មាន​អារម្មណ៍​ថា វាហាក់​ដូច​ជា​កំពុង​តែ​លាក់​ខ្លួន នៅ​ពី​ក្រោយ​ជញ្ជាំង​របស់​យើង។ ប៉ុន្តែ ព្រះយេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ចោះ​ជញ្ជាំង​នោះ​ធ្វើ​បង្អួច។

ពួក​អ៊ីស្រាអែល​ធ្លាប់​ជ្រក​កោន នៅ​ក្នុង​កំផែង​ខ្ពស់​ៗ តែ​ព្រះ​ទ្រង់​មានប​ន្ទូល​ថា ពួក​គេ​អាច​មាន​សុវត្ថិភាព ​តែ​នៅ​ក្នុង​ព្រះ​អង្គ​ប៉ុណ្ណោះ។ ព្រះ​អង្គ​សោយ​រាជ្យ​ពី​ស្ថាន​សួគ៌​មក ហើយ​ព្រះ​បន្ទូល​ព្រះ​អង្គ គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់(អេសាយ ៥៥:១០-១១)។ បើ​សិន​ជា​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​មក​ព្រះ​អង្គ​វិញ នោះ​ព្រះ​អង្គ​នឹង​មាន​ក្តី​មេត្តា​ចំពោះ​ពួក​គេ(ខ.៧) ហើយ​ក៏​ស្អាង​ពួក​គេ​ ឲ្យធ្វើ​ជា​រាស្រ្ត​ដែល​ជា​ទីបញ្ចេញ​ពរ​ដល់​ពិភព​លោក​(លោកុប្បត្តិ ១២:១-៣)។ ព្រះ​អង្គ​នឹង​លើក​ពួក​គេ​ឡើង ដោយ​ដឹក​នាំ​ពួកគេ ក្នុង​ក្បួន​ដង្ហែរ​នៃ​ជ័យ​ជម្នះ។​ ការ​អប​អរ​របស់​ពួក​គេ “​នឹង​បាន​សំរាប់​ជា​ល្បី​ព្រះនាម​ដល់​ព្រះយេហូវ៉ា ហើយ​សំរាប់​ជា​ទី​សំគាល់​ដ៏​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ”(អេសាយ ៥៥:១៣)។

ជួន​កាល ជញ្ជាំង​មាន​ការ​ចាំ​បាច់ តែ​ជញ្ជាំង​ដែល​មាន​បង្អួច​ជា​ជញ្ជាំង​ល្អ​បំផុត។ ជញ្ជាំង​នោះ​បង្ហាញ​ឲ្យ​លោកិយ​ដឹង​ថា យើង​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​កំពុង​រៀប​ចំ​អនាគត​ឲ្យ​យើង។ ពេល​ណា​យើង​មាន​ការ​ភ័យ​ខ្លាច ចូរ​យើង​ដឹង​ថា ព្រះ​ទ្រង់​ធំ​ជាង​ការ​ភ័យ​ខ្លាច​របស់​យើង។ បង្អួច​ខាង​វិញ្ញាណ បើក​ចំហរ ដើម្បី​ទទួល “ពន្លឺ​នៃ​លោកិយ” ដែល​ជា​អង្គ​ព្រះ​យេស៊ូវ​(យ៉ូហាន ៨:១២)។—Mike Wittmer