កាលលោកចេម(James) មានអាយុតែ៦ឆ្នាំ បងប្រុសគាត់ ឈ្មោះដាវីឌ បានបាត់បង់ជីវិតយ៉ាងសោកសៅ ក្នុងគ្រោះថ្នាក់ជិះស្គី។ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ដាវីឌចូលដល់អាយុ១៤ឆ្នាំហើយ។ នៅឆ្នាំបន្ទាប់ ចេមបានព្យាយាម ខិតខំអស់ពីចិត្ត ដើម្បីកម្សាន្តចិត្តម្តាយរបស់គាត់ គឺអ្នកស្រីម៉ាហ្គារេត(Margaret) ដែលកំពុងតែសោកសង្រេងយ៉ាងខ្លាំង ហើយជួនកាល បានរំឭកខ្លួនឯងថា ដោយសារដាវីឌបានលាចាកលោកហើយ នោះដាវីឌមិនបានប្រឈមមុខដាក់បញ្ហា នៅក្នុងការចម្រើនវ័យធំឡើងឡើយ។ ប៉ុន្មានទសវត្សរ៍ក្រោយមក ការគិតដូចនេះ បានបណ្តាលចិត្តលោកចេម ប៊ែរី(James Barrie) ឲ្យនិពន្ធរឿងដ៏ល្បីល្បាញមួយ ដែលក្នុងនោះ ភីធ័រ ភែន(Peter Pan) គឺជាតួអង្គម្នាក់ ដែលមិនចេះចាស់។ រឿងល្អៗអាចកើតចេញពីបញ្ហាដ៏ពិបាក ដែលធ្វើឲ្យឈឺក្បាល គឺមិនខុសពីដើមផ្កា ដែលខំដុះចេញតាមស្នាមប្រេះ នៅលើផ្លូវថ្នល់នោះឡើយ។
យើងអាចមានការកម្សាន្តចិត្ត ដោយគិតថា ព្រះទ្រង់អាចនាំការល្អ ឲ្យកើតចេញពីកាលៈទេសៈដ៏ពិបាកបំផុត តាមភាពប៉ិនប្រសប់បំផុតរបស់ទ្រង់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងនាងរស់ នៅក្នុងកណ្ឌគម្ពីរសញ្ញាចាស់។ នាងណាអូមីបានបាត់បង់កូនប្រុសទាំងពីរ ហើយនាងមិនមានលទ្ធភាពចិញ្ចឹមខ្លួនឯងឡើយ។ នាងរស់ ដែលជាកូនប្រសារស្រីរបស់នាង បានសម្រេចចិត្តបន្តរស់នៅជាមួយនាងណាអូមី ដើម្បីផ្គត់ផ្គង់តម្រូវការរបស់នាង និងបម្រើព្រះរបស់នាង(នាងរស់ ១:១៦)។ នៅទីបញ្ចប់ ការផ្គត់ផ្គង់របស់ព្រះ បាននាំឲ្យពួកគេមានក្តីអំណរ ដែលមិននឹកស្មានដល់។ នាងរស់ក៏បានរៀបការ និងមានកូនម្នាក់ ហើយពួកគេក៏បានដាក់ឈ្មោះឲ្យកូននោះថា អូបិឌ។ គាត់ជាឪពុករបស់លោកអ៊ីសាយ ដែលជាឪពុករបស់ស្តេចដាវីឌ(៤:១៧)។ ឈ្មោះគាត់ ក៏ត្រូវបានគេកត់ទុក នៅក្នុងបញ្ជីឈ្មោះវង្សត្រកូលរបស់ព្រះយេស៊ូវផងដែរ(ម៉ាថាយ ១:៥)។
សេចក្តីមេត្តាដ៏ស្រទន់របស់ព្រះ គឺល្អហួសពីលទ្ធភាព ដែលយើងអាចយល់ ហើយក៏បានបំពេញតម្រូវការយើង តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល។ សេចក្តីមេត្តារបស់ព្រះអង្គតែងតែមានសម្រាប់យើងជានិច្ច។—James Banks