កាលពីឆ្នាំ២០២០ ការផ្ទុះឡើង នៃជំងឺរាតដ្បាត របស់វីរូសកូរ៉ូណា បានធ្វើឲ្យពិភពលោកទាំងមូល មានការភ័យខ្លាច។ មនុស្សជាច្រើនត្រូវធ្វើចត្តាឡីសក្តិ ប្រទេសជាច្រើនបានបិទ ជើងហោះហើររបស់យន្តហោះ និងព្រឹត្តិការណ៍ធំៗជាច្រើន ត្រូវបានលុបចោល។ អ្នកដែលកំពុងរស់នៅ ក្នុងតំបន់ដែលមិនធ្លាប់មានការឆ្លងវីរូសនេះ នៅតែមានការភ័យខ្លាចឆ្លងវីរូសនេះ។ លោកក្រហាំ ដេវេយ(Graham Davey) ដែលជាអ្នកជំនាញសុខភាពផ្លូវចិត្ត ផ្នែកការថប់បារម្ភ បានជឿថា ការផ្សាយពត៌មានអវិជ្ជមាន ទំនងជាធ្វើឲ្យមនុស្សពិបាកចិត្ត និងថប់បារម្ភកាន់តែខ្លាំង។ នៅតាមបណ្តាញសង្គម គេបានបង្ហោះតគ្នា នូវវីដេអូកំប្លែងមួយ ដែលនិយាយអំពីបុរសម្នាក់ កំពុងមើលពត៌មាននៅលើកញ្ចក់ទូរទស្សន៍ ហើយគាត់សួរគេថា តើធ្វើដូចម្តេចឲ្យគាត់ឈប់ព្រួយបារម្ភ។ ពេលនោះ មានមនុស្សម្នាក់ទៀត នៅក្នុងបន្ទប់នោះ ក៏បានចូលមកក្បែរគាត់ ហើយក៏បានផ្កាប់ទូរទស្សន៍នៅលើតុ ដើម្បីឲ្យគាត់ដឹងថា ដើម្បីឲ្យគាត់ឈប់ព្រួយបារម្ភ គាត់ត្រូវបង្វែរអារម្មណ៍របស់គាត់ ចេញពីពត៌មានអវិជ្ជមានទាំងនោះ។
បទគម្ពីរលូកា ជំពូក១២ បានប្រាប់យើង ឲ្យស្វែងរកនគរព្រះ(ខ.៣១)។ នេះជាចម្លើយ សម្រាប់ការព្រួយបារម្ភរបស់យើង។ យើងស្វែងរកនគរព្រះ ដោយផ្តោតទៅលើព្រះបន្ទូល ដែលបានសន្យាថា អ្នកដើរតាមព្រះអង្គ មានមរដក ក្នុងនគរស្ថានសួគ៌។ ពេលណាយើងជួបទុក្ខលំបាក យើងអាចងាកមកផ្តោតទៅលើព្រះអង្គ ហើយចំាថា ព្រះអង្គទតឃើញយើង និងជ្រាបអំពីតម្រូវការរបស់យើង(ខ.២៤-៣០)។
ព្រះយេស៊ូវបានលើកទឹកចិត្តសិស្សទ្រង់ថា “កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត”(ខ.៣២)។ ព្រះទ្រង់មានព្រះទ័យរីករាយ នៅក្នុងការប្រទានពរយើង! ចូរយើងថ្វាយបង្គំព្រះអង្គ ដោយដឹងថា ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង លើសសត្វចាប នៅលើអាកាស និងផ្កានៅទីវាល(ខ.២២-២៩)។ សូម្បីតែក្នុងពេលដ៏ពិបាក យើងអាចអានព្រះគម្ពីរ អធិស្ឋានសូមសន្តិភាពមកពីព្រះ ហើយទុកចិត្តលើព្រះនៃយើង ដែលទ្រង់ល្អ ហើយស្មោះត្រង់។—Julie Schwab