កាល​ពី​ឆ្នាំ​២០២០ ការ​ផ្ទុះ​ឡើង នៃ​ជំងឺ​រាត​ដ្បាត របស់​វីរូស​កូរ៉ូណា បាន​ធ្វើ​ឲ្យ​ពិភព​លោក​ទាំង​មូល​ មាន​ការ​ភ័យ​ខ្លាច។ មនុស្ស​ជា​ច្រើន​ត្រូវ​ធ្វើ​ចត្តាឡីសក្តិ ប្រទេស​ជា​ច្រើន​បាន​បិទ ជើង​ហោះ​ហើរ​របស់​យន្ត​ហោះ និង​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន ត្រូវ​បាន​លុប​ចោល។ អ្នក​ដែល​កំពុង​រស់​នៅ ក្នុង​តំបន់​ដែល​មិន​ធ្លាប់​មាន​ការ​ឆ្លង​វីរូស​នេះ នៅតែ​មាន​ការ​ភ័យ​ខ្លាច​ឆ្លង​វីរូស​នេះ។ លោក​ក្រហាំ ដេវេយ(Graham Davey) ដែល​ជា​អ្នក​ជំនាញ​សុខ​ភាព​ផ្លូវ​ចិត្ត ផ្នែក​ការ​ថប់​បារម្ភ បាន​ជឿ​ថា ការ​ផ្សាយ​ពត៌​មានអវិជ្ជ​មាន ទំនង​ជា​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ចិត្ត និង​ថប់​បារម្ភ​កាន់​តែ​ខ្លាំង។ នៅ​តាម​បណ្តាញ​សង្គម គេ​បាន​បង្ហោះ​តគ្នា នូវ​វីដេអូ​កំប្លែង​មួយ ដែល​និយាយ​អំពី​បុរស​ម្នាក់ កំពុង​មើល​ពត៌​មាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហើយ​គាត់​សួរ​គេ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​ឈប់​ព្រួយ​បារម្ភ។ ពេល​នោះ មាន​មនុស្ស​ម្នាក់​ទៀត នៅ​ក្នុង​បន្ទប់​នោះ ក៏​បាន​ចូល​មក​ក្បែរ​គាត់ ហើយ​ក៏​បាន​ផ្កាប់​ទូរទស្សន៍​នៅ​លើតុ ដើម្បី​ឲ្យ​គាត់​ដឹង​ថា ដើម្បី​ឲ្យ​គាត់​ឈប់​ព្រួយ​បារម្ភ គាត់​ត្រូវ​បង្វែរ​អារម្មណ៍​របស់​គាត់ ចេញ​ពី​ពត៌​មាន​អវិជ្ជមាន​ទាំង​នោះ។

បទ​គម្ពីរ​លូកា ជំពូក១២ បាន​ប្រាប់​យើង ឲ្យ​ស្វែង​រក​នគរ​ព្រះ(ខ.៣១)។ នេះ​ជា​ចម្លើយ សម្រាប់​ការ​ព្រួយ​បារម្ភ​របស់​យើង។  យើង​ស្វែង​រក​នគរ​ព្រះ ដោយ​ផ្តោត​ទៅ​លើ​ព្រះ​បន្ទូល ដែល​បាន​សន្យា​ថា អ្នក​ដើរ​តាម​ព្រះ​អង្គ មាន​មរដក ក្នុង​នគរ​ស្ថាន​សួគ៌។ ពេល​ណា​យើង​ជួប​ទុក្ខ​លំបាក យើង​អាច​ងាក​មក​ផ្តោត​ទៅ​លើ​ព្រះ​អង្គ ហើយ​ចំា​ថា  ព្រះ​អង្គ​ទត​ឃើញ​យើង​ និង​ជ្រាប​អំពី​តម្រូវការ​របស់​យើង(ខ.២៤-៣០)។

ព្រះ​យេស៊ូវ​បាន​លើក​ទឹក​ចិត្ត​សិស្ស​ទ្រង់​ថា “កុំ​ឲ្យ​ខ្លាច ហ្វូង​តូច​អើយ ព្រោះ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ទ្រង់​សព្វ​ព្រះហឫទ័យ នឹង​ប្រទាន​នគរ​មក​អ្នក​រាល់​គ្នា​ពិត”(ខ.៣២)។ ព្រះ​ទ្រង់​មាន​ព្រះទ័យ​រីក​រាយ នៅ​ក្នុង​ការ​ប្រទាន​ពរ​យើង! ចូរ​យើង​ថ្វាយ​បង្គំ​ព្រះ​អង្គ ដោយ​ដឹង​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង លើស​សត្វ​ចាប នៅ​លើ​អាកាស និង​ផ្កា​នៅ​ទី​វាល​(ខ.២២-២៩)។ សូម្បី​តែ​ក្នុង​ពេល​ដ៏​ពិបាក យើង​អាច​អាន​ព្រះ​គម្ពីរ អធិស្ឋាន​សូម​សន្តិ​ភាព​មក​ពី​ព្រះ ហើយ​ទុក​ចិត្ត​លើ​ព្រះនៃ​យើង ដែល​ទ្រង់ល្អ ហើយ​ស្មោះ​ត្រង់។​—Julie Schwab