លូស៊ី វ័រស្ល៊ី(Lucy Worsley) ជា​ប្រវត្តិ​វិទូ​អង់​គ្លេស និង​ជា​ពិធីករ​ប៉ុស្ត​ទូរទស្សន៍។ ជួន​កាល គាត់​បាន​ទទួល​សារ​រិះ​គន់​ធ្ងន់​ៗមក​លើ​គាត់ គឺ​មិន​ខុស​ពី​បុគ្គល​សាធារណៈ​ដទៃ​ទៀត​ឡើយ។ គាត់​មាន​បញ្ហា នៅ​ក្នុង​ការ​បញ្ចេញ​សម្លេង​បន្តិច​បន្តួច ដោយពេល​ខ្លះ គាត់​បញ្ចេញ​សម្លេង​អក្សរ “រ” ដូច​សម្លេង​អក្សរ​ “វ”។ មាន​មនុស្ស​ម្នាក់​បាន​ផ្ញើ​សារ​មក​គាត់​ថា “លូស៊ី ខ្ញុំ​មិន​ចង់​គួរ​សមច្រើន​ទេ តែ​គ្រាន់​តែ​ចង់​ប្រាប់​អ្នក ឲ្យ​ព្យាយាម​និយាយ ដោយ​បញ្ចេញ​សម្លេង​អក្សរ “រ” ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​អាច​អង្គុយ​មើល​កម្ម​វិធី​ទូរទស្សន៍​របស់​អ្នក​បាន​ទេ។ វា​ពិត​ជា​រំខាន​ណាស់។ ពី​ខ្ញុំ​ ឌែរិន(Darren)”។

សម្រាប់​អ្នក​ខ្លះ ការ​ប្រើ​ពាក្យ​សម្តី​គំរោះ​គំរើយ ដោយ​មិន​គិត​ពី​អារម្មណ៍​អ្នក​ដទៃ ដូច​នេះ អាច​នាំ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដោយគំរោះ​គំរើយ​ដូច​គ្នា។ ប៉ុន្តែ លូស៊ី​បាន​ឆ្លើយ​តប​យ៉ាង​ដូច​នេះ​វិញ​ថា “អូហ៍ លោក​ឌែរិន  ​ខ្ញុំ​គិត​ថា លោក​បាន​ប្រើ​ភាព​អនាមិក ​តាម​បណ្តាញ​អ៊ីនធើណិត ដើម្បី​និយាយ​អ្វី ដែល​លោក​ប្រហែល​មិន​ហ៊ាន​និយាយ នៅ​ចំពោះ​មុខ​ខ្ញុំ​ផ្ទាល់។ សូម​លោក​ពិចារណា អំ​ពី​ពាក្យ​សម្តី​ដែល​លោក​បាន​និយាយ! ពី​ខ្ញុំ​លូស៊ី”។​

ការ​ឆ្លើយ​តប របស់​អ្នក​ស្រី​លូស៊ី ដោយ​ការ​ត្រិះ​រិះ​ពិចារ​ណា ក៏​បាន​ទទួល​លទ្ធ​ផល​ល្អ។ លោក​ឌែរិន​ក៏​បាន​សុំ​ទោស​នាង​ ហើយបាន​សន្យា​ថា នឹង​មិន​ផ្ញើ​សារ​ប្រភេទ​នេះ ទៅ​កាន់​អ្នក​ដទៃ​ទៀត​ឡើយ។

បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ”(១៥:១)។ មនុស្ស​គំរោះ​គំរើយ រមែង​បណ្តាល​ឲ្យ​មាន​សេចក្តី​ទាស់ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រំងាប់​សេចក្តី​ជំលោះ​វិញ(ខ.១៨)។ ដូច​នេះ ពេល​ណា​យើង​ទទួល​ការ​រិះ​គន់​ពី​មិត្ត​រួម​ការងារ ការ​ចម្អក​ពីសមាជិក​គ្រួសារ​យើង ឬ​ការ​ឆ្លើយ​តប​ដ៏​គំរោះ​គំរើយ​ពី​អ្នក​ដទៃ យើង​ត្រូវ​សម្រេច​ចិត្ត​ថា យើង​នឹង​និយាយ​ទាំង​កំហឹង​ ដែល​នាំ​ឲ្យ​មាន​ជម្លោះ ឬ​និយាយ​ពាក្យ​សុភាព ដែល​អាច​ពន្លត់​ភ្លើង​នៃ​ជម្លោះ។

សូម​ព្រះ​ទ្រង់​ប្រើ​យើង ឲ្យ​និយាយ​ពាក្យ​ណា ដែល​បញ្ជៀស​សេចក្តី​កំហឹង ហើយ​ថែម​ទាំង​ជួយ​អ្នក​ដទៃ ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ។—Sheridan Voysey