ចេសិន(Jason)បាន​ស្រែក​ទ្រហោយំ ពេល​ដែល​ឪពុក​ម្តាយ​គាត់​បាន​ប្រគល់​គាត់ ឲ្យ​ទៅ​អេមី(Amy)។ នេះ​ជា​លើក​ទីមួយ​ហើយ ដែល​ក្មេង​អាយុ២​ឆ្នាំ​ម្នាក់​នេះ បាន​ចូល​កន្លែង​ទទួល​មើល​ក្មេង ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​គាត់​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំព្រះ ហើយ​គាត់​មិន​សប្បាយ​ចិត្ត​សោះ។ អេមី​បាន​ធានា​ថា នាង​នឹង​មើល​គាត់​ឲ្យ​បាន​ល្អ។ នាង​បាន​ព្យាយាម​លួង​គាត់​ ដោយប្រើ​របស់​ក្មេង​លេង និង​សៀវ​ភៅ ដោយ​ដាក់​គាត់​ក្នុង​កៅ​អី​បាស់​បើក ដើរ​ចុះ​ឡើង ឈរ​នៅ​ទ្រឹង​មួយ​កន្លែង និង​ជជែក​ជា​មួយ​គាត់ អំពី​ការ​កម្សាន្ត​ដែល​គាត់​ចូល​ចិត្ត។ ប៉ុន្តែ ដំណោះ​ស្រាយ​នី​មួយ​ៗ​សុទ្ធ​តែ​ទទួល​បាន​នូវ​ការ​ស្រែក​យំ និង​ទឹក​ភ្នែក​កាន់​តែ​ខ្លាំង។ បន្ទាប់​មក នាង​ក៏​បាន​ខ្សិប​ដាក់​ត្រចៀក​គាត់ នូវ​ពាក្យ​ដ៏​សាមញ្ញ​៥​ម៉ាត់​ថា “ខ្ញុំ​មិន​ទៅ​ណា​ចោល​អ្នក​ទេ”។ សន្តិ​ភាព និង​ការ​កម្សាន្ត​ចិត្ត​ក៏​បាន​កើត​មាន​យ៉ាង​ឆាប់​រហ័ស ក្នុង​ចិត្ត​គាត់។

ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​មិត្ត​សំឡាញ់​ទ្រង់ នូវ​ពាក្យ​កម្សាន្ត​ចិត្ត​ស្រដៀង​នេះ​ផង​ដែរ ក្នុង​អំឡុង​សប្តាហ៍ នៃ​ការ​សុគត​របស់​ព្រះអង្គ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “​ព្រះវរបិតា …ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត”(យ៉ូហាន ១៤:១៦-១៧)។ បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់ឡើង​វិញ ព្រះ​អង្គ​ក៏​បាន​សន្យា​ថា “ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប”(ម៉ាថាយ ២៨:២០)។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ ព្រះ​អង្គ​ក៏​បាន​ចាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឲ្យ​គង់​នៅ​ក្នុង​រាស្រ្ត​ទ្រង់។

យើង​អាច​ពិសោធន៍​នឹង​ការ​កម្សាន្ត​ចិត្ត និង​សន្តិ​ភាព​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​ណា​ទឹក​ភ្នែក​យើង​ធ្លាក់​ចុះ​មក។ យើង​ទទួល​ការ​ដឹក​នាំ​ពី​ព្រះ​អង្គ ពេល​ណា​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​(យ៉ូហាន ១៤:២៦)។ ព្រះ​អង្គ​បើក​ភ្នែក​យើង ឲ្យ​ស្គាល់​ព្រះ​កាន់​តែ​ច្បាស់​(អេភេសូរ ១:១៧-២០) ហើយ​ព្រះ​អង្គ​ជួយ​យើង ក្នុង​ភាព​កម្សោយ​របស់​យើង ហើយ​អធិស្ឋាន​ឲ្យ​យើង​ផង​ដែរ​(រ៉ូម ៨:២៦-២៧)។

ព្រះ​អង្គ​គង់​នៅ​ជា​មួយ​យើង​ជា​រៀង​រហូត។—Anne Cetas