លូស៊ី វ័រស្ល៊ី(Lucy Worsley) ជាប្រវត្តិវិទូអង់គ្លេស និងជាពិធីករប៉ុស្តទូរទស្សន៍។ ជួនកាល គាត់បានទទួលសាររិះគន់ធ្ងន់ៗមកលើគាត់ គឺមិនខុសពីបុគ្គលសាធារណៈដទៃទៀតឡើយ។ គាត់មានបញ្ហា នៅក្នុងការបញ្ចេញសម្លេងបន្តិចបន្តួច ដោយពេលខ្លះ គាត់បញ្ចេញសម្លេងអក្សរ “រ” ដូចសម្លេងអក្សរ “វ”។ មានមនុស្សម្នាក់បានផ្ញើសារមកគាត់ថា “លូស៊ី ខ្ញុំមិនចង់គួរសមច្រើនទេ តែគ្រាន់តែចង់ប្រាប់អ្នក ឲ្យព្យាយាមនិយាយ ដោយបញ្ចេញសម្លេងអក្សរ “រ” ឲ្យបានត្រឹមត្រូវ ព្រោះខ្ញុំមិនអាចអង្គុយមើលកម្មវិធីទូរទស្សន៍របស់អ្នកបានទេ។ វាពិតជារំខានណាស់។ ពីខ្ញុំ ឌែរិន(Darren)”។
សម្រាប់អ្នកខ្លះ ការប្រើពាក្យសម្តីគំរោះគំរើយ ដោយមិនគិតពីអារម្មណ៍អ្នកដទៃ ដូចនេះ អាចនាំឲ្យមានការឆ្លើយតបដោយគំរោះគំរើយដូចគ្នា។ ប៉ុន្តែ លូស៊ីបានឆ្លើយតបយ៉ាងដូចនេះវិញថា “អូហ៍ លោកឌែរិន ខ្ញុំគិតថា លោកបានប្រើភាពអនាមិក តាមបណ្តាញអ៊ីនធើណិត ដើម្បីនិយាយអ្វី ដែលលោកប្រហែលមិនហ៊ាននិយាយ នៅចំពោះមុខខ្ញុំផ្ទាល់។ សូមលោកពិចារណា អំពីពាក្យសម្តីដែលលោកបាននិយាយ! ពីខ្ញុំលូស៊ី”។
ការឆ្លើយតប របស់អ្នកស្រីលូស៊ី ដោយការត្រិះរិះពិចារណា ក៏បានទទួលលទ្ធផលល្អ។ លោកឌែរិនក៏បានសុំទោសនាង ហើយបានសន្យាថា នឹងមិនផ្ញើសារប្រភេទនេះ ទៅកាន់អ្នកដទៃទៀតឡើយ។
បទគម្ពីរសុភាសិតបានចែងថា “ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្តីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្តីកំហឹងវិញ”(១៥:១)។ មនុស្សគំរោះគំរើយ រមែងបណ្តាលឲ្យមានសេចក្តីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្តីជំលោះវិញ(ខ.១៨)។ ដូចនេះ ពេលណាយើងទទួលការរិះគន់ពីមិត្តរួមការងារ ការចម្អកពីសមាជិកគ្រួសារយើង ឬការឆ្លើយតបដ៏គំរោះគំរើយពីអ្នកដទៃ យើងត្រូវសម្រេចចិត្តថា យើងនឹងនិយាយទាំងកំហឹង ដែលនាំឲ្យមានជម្លោះ ឬនិយាយពាក្យសុភាព ដែលអាចពន្លត់ភ្លើងនៃជម្លោះ។
សូមព្រះទ្រង់ប្រើយើង ឲ្យនិយាយពាក្យណា ដែលបញ្ជៀសសេចក្តីកំហឹង ហើយថែមទាំងជួយអ្នកដទៃ ឲ្យមានការផ្លាស់ប្តូរផងដែរ។—Sheridan Voysey