រ៉ាដាមេនេស(Radamenes) គ្រាន់តែជាកូនឆ្មាមួយក្បាល ពេលដែលម្ចាស់វា យកទៅបំបរបង់ចោល នៅកន្លែងសង្រ្គោះសត្វចិញ្ចឹម ដោយគិតថា វាឈឺធ្ងន់ពេក មិនអាចជាសះស្បើយ។ ពេទ្យសត្វក៏បានថែទាំកូនឆ្មាមួយក្បាលនេះ ឲ្យមានសុខភាពល្អឡើងវិញ ហើយក៏បានទទួលចិញ្ចឹមវា។ ចាប់តាំងពីពេលនោះមក វាក៏បានក្លាយជាសត្វដែលស្នាក់នៅទីនោះពេញពេល ហើយនៅពេលថ្ងៃ វាតែងតែចំណាយពេល កម្សាន្តចិត្តសត្វឆ្មា និងឆ្កែដទៃទៀត ដែលទើបតែចេញពីកន្លែងវះកាត់ ឬកំពុងតែជាសះស្បើយពីជម្ងឺ តាមរយៈការនៅកំដរដ៏កក់ក្តៅ និងការបញ្ចេញសម្លេងដ៏ស្រទន់។
រឿងដ៏តូចនេះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីការអ្វី ដែលព្រះនៃក្តីស្រឡាញ់ធ្វើសម្រាប់យើង និងអំពីការអ្វីដែលយើងអាចធ្វើ សម្រាប់អ្នកដទៃ ដើម្បីឆ្លើយតបចំពោះព្រះអង្គ។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង ពេលយើងមានជំងឺ និងទុក្ខលំបាក ហើយព្រះអង្គកម្សាន្តចិត្តយើង ដោយព្រះវត្តមានព្រះអង្គ។ ក្នុងបទគម្ពីរ២កូរិនថូស សាវ័កប៉ុលបានហៅព្រះនៃយើងថា “ព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក”(១:៣)។ ពេលណាយើងមានការបាក់ទឹកចិត្ត ធ្លាក់ទឹកចិត្ត ឬត្រូវគេធ្វើបាប នោះព្រះអង្គរង់ចាំជួយយើងជានិច្ច។ ពេលណាយើងងាកទៅរកព្រះអង្គ ដោយការអធិស្ឋាន ព្រះអង្គក៏ “កម្សាន្តចិត្តយើង ក្នុងអស់ទាំងសេចក្តីវេទនា”(ខ.៤)។
ប៉ុន្តែ ខគម្ពីរនេះមិនទាន់ចប់តែប៉ុណ្ណេះឡើយ។ ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់ទុក្ខវេទនាជាពន់ពេក សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “ទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ”។ ព្រះវរបិតានៃយើងកម្សាន្តចិត្តយើង ហើយពេលណាយើងបានពិសោធន៍នឹងការកម្សាន្តចិត្តរបស់ព្រះអង្គហើយ នោះយើងក៏អាចកម្សាន្តចិត្តអ្នកដទៃផងដែរ។
ព្រះអង្គសង្រ្គោះនៃយើងមានសេចក្តីអាណិត ហើយបានរងទុក្ខវេទនា ដើម្បីយើងរាល់គ្នា។ ព្រះអង្គលើសពីអាចកម្សាន្តចិត្តយើង ក្នុងទុក្ខលំបាក និងការពិបាកចិត្តរបស់យើង(ខ.៥)។ ព្រះអង្គជួយយើង ឲ្យឆ្លងកាត់ការឈឺចាប់ ហើយផ្តល់លទ្ធភាពឲ្យយើងអាចជួយកម្សាន្តចិត្តអ្នកដទៃផងដែរ។—Alyson Kieda