រ៉ាដាមេនេស(Radamenes) គ្រាន់​តែ​ជា​កូន​ឆ្មា​មួយ​ក្បាល ពេល​ដែល​ម្ចាស់​វា យក​ទៅ​បំបរ​បង់​ចោល នៅ​កន្លែង​សង្រ្គោះសត្វ​ចិញ្ចឹម ដោយ​គិត​ថា វា​ឈឺ​ធ្ងន់​ពេក មិន​អាច​ជា​សះ​ស្បើយ​។ ពេទ្យ​សត្វ​ក៏​បាន​ថែ​ទាំ​កូន​ឆ្មា​មួយ​ក្បាល​នេះ ឲ្យ​​មាន​សុខ​ភាព​ល្អ​ឡើង​វិញ ហើយ​ក៏​បាន​ទទួល​ចិញ្ចឹម​វា។ ចាប់​តាំង​ពី​ពេល​នោះ​មក វា​ក៏​បាន​ក្លាយ​ជា​សត្វ​ដែល​ស្នាក់​នៅ​ទីនោះ​ពេញ​ពេល​ ហើយ​នៅ​ពេល​ថ្ងៃ វា​តែង​តែ​ចំណាយ​ពេល កម្សាន្ត​ចិត្ត​សត្វ​ឆ្មា និង​ឆ្កែ​ដទៃ​ទៀត​ ដែល​ទើប​តែ​ចេញ​ពី​កន្លែង​វះ​កាត់ ឬ​កំពុង​តែជា​សះ​ស្បើយ​ពី​ជម្ងឺ តាម​រយៈ​ការ​នៅ​កំដរ​ដ៏​កក់​ក្តៅ និង​ការ​បញ្ចេញ​សម្លេង​ដ៏​ស្រទន់។

រឿង​ដ៏​តូច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​អ្វី ដែល​ព្រះ​នៃ​ក្តី​ស្រឡាញ់​ធ្វើ​សម្រាប់​យើង និង​អំពី​ការ​អ្វី​ដែល​យើង​អាច​ធ្វើ សម្រាប់​អ្នក​ដទៃ ដើម្បី​ឆ្លើយ​តប​ចំពោះ​ព្រះ​អង្គ។ ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ពេល​យើង​មាន​ជំងឺ និង​ទុក្ខ​លំបាក ហើយ​ព្រះ​អង្គ​កម្សាន្ត​ចិត្ត​យើង ដោយ​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ក្នុង​បទ​គម្ពីរ​២​កូរិនថូស សាវ័ក​ប៉ុល​បាន​ហៅ​ព្រះ​នៃ​យើង​ថា “ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក”(១:៣)។ ពេល​ណា​យើង​មាន​ការ​បាក់​ទឹក​ចិត្ត ធ្លាក់​ទឹក​ចិត្ត ឬ​ត្រូវ​គេ​ធ្វើ​បាប នោះ​ព្រះ​អង្គ​រង់​ចាំ​ជួយ​យើង​ជានិច្ច​។ ពេល​ណា​យើង​ងាក​ទៅ​រក​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន ព្រះ​អង្គ​ក៏ “កម្សាន្ត​ចិត្ត​យើង ក្នុង​អស់​ទាំង​សេចក្តី​វេទនា”(ខ.៤)។

ប៉ុន្តែ ខគម្ពីរ​នេះ​មិន​ទាន់​ចប់​តែ​ប៉ុណ្ណេះ​ឡើយ។ ក្នុង​នាម​ជា​អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ពន់​ពេក សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ទៀត​ថា “ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ”។ ព្រះ​វរបិតា​នៃ​យើង​កម្សាន្ត​ចិត្ត​យើង ហើយ​ពេល​ណា​យើង​បាន​ពិសោធន៍នឹង​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ​អង្គ​ហើយ នោះ​យើង​ក៏​អាច​កម្សាន្ត​ចិត្ត​អ្នក​ដទៃ​ផង​ដែរ។

ព្រះ​អង្គ​សង្រ្គោះ​នៃ​យើង​មាន​សេចក្តី​អាណិត ហើយ​បាន​រង​ទុក្ខ​វេទនា ដើម្បី​យើង​រាល់​គ្នា។ ព្រះ​អង្គ​លើស​ពី​អាច​កម្សាន្ត​ចិត្ត​យើង ក្នុង​ទុក្ខ​លំបាក និង​ការ​ពិបាក​ចិត្ត​របស់​យើង​(ខ.៥)។ ព្រះ​អង្គ​ជួយ​យើង ឲ្យ​ឆ្លង​កាត់​ការ​ឈឺ​ចាប់ ហើយ​ផ្តល់​លទ្ធ​ភាព​ឲ្យ​យើង​អាច​ជួយ​កម្សាន្ត​ចិត្ត​អ្នក​ដទៃ​ផង​ដែរ។—Alyson Kieda