ក្នុងកម្មវីធីវីដេអូហ្គេមមួយ ដែលបានក្លាយជាបាតុភូតនៃវប្បធម៌មួយ បាននាំអ្នកលេងហ្គេម១រយនាក់ ចូលទៅក្នុងកោះសិប្បនិមិត្តមួយ នៅក្នុងហ្គេមនោះ ដើម្បីប្រកួតរហូតទាល់តែនៅសល់អ្នកលេងហ្គេមចុងក្រោយតែម្នាក់ ។ ពេលណាអ្នកលេងហ្គេមណាម្នាក់កំចាត់អ្នកចេញពីហ្គេមនោះ អ្នកអាចបន្តទស្សនាអ្នកលេងហ្គេមនោះ តាមគំហើញរបស់គាត់។ អ្នកកាសែតម្នាក់បានធ្វើការកត់សំគាល់ថា “ពេលណាអ្នកមើលអ្នកលេងហ្គេមដទៃទៀតលេង ដោយទទួលយកទស្សនៈ និងអារម្មណ៍របស់គាត់ ដោយងាកចេញពីការគិតអំពីខ្លួនឯង ហើយបែរទៅរកការយល់ចិត្តគាត់វិញ ពោលគឺអ្នកចាប់ផ្តើមមានអារម្មណ៍ថា យល់អំពីមនុស្សដែលអ្នកមិនដែលស្គាល់នោះ ដែលមុននោះបន្តិច បានកំចាត់អ្នកចេញពីហ្គេម”។
ការផ្លាស់ប្តូរកើតមាន ពេលណាយើងបើកចំហរចិត្តយើង ដើម្បីមើលទៅបទពិសោធន៍របស់អ្នកដទៃ ដោយមើលទៅការឈឺចាប់ ការភ័យខ្លាច ឬក្តីសង្ឃឹមរបស់ពួកគេ។ ពេលណាយើងដើរតាមគំរូរបស់ព្រះយេស៊ូវ ហើយមិនធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ តែរាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ នោះយើងនឹងកត់សំគាល់ការអ្វីដែលយើងនឹងដឹងថា យើងបានមើលរំលង (ភីលីព ២:៣)។ យើងនឹងខ្វល់ពីអ្នកដទៃកាន់តែច្រើន។ យើងនឹងសួរសំណួរខុសពីមុន។ យើងនឹងយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់អ្នកដទៃ ជាជាងគិតតែអំពីតម្រូវការ ឬការចង់បានរបស់យើង។ យើងនឹងគិតអំពី “ប្រយោជន៍អ្នកដទៃ” ជាជាង “គិតតែប្រយោជន៍ផ្ទាល់ខ្លួន”(ខ.៤)។ យើងនឹងស្វែងរកដោយអំណរ នូវអ្វីដែលជួយអ្នកដទៃ ឲ្យចម្រើនឡើង ជាជាការពារអ្វីដែលយើងគិតថា យើងត្រូវការ ដើម្បីឲ្យខ្លួនយើងចម្រើនឡើង។
តាមរយៈការផ្លាស់ប្តូរចិត្តគំនិតនេះ យើងនឹងមានក្តីអាណិតចំពោះអ្នកដទៃ។ យើងនឹងបង្ហាញសេចក្តីស្រឡាញ់ដល់ក្រុមគ្រួសារយើង តាមរបៀបថ្មីៗ។ យើងថែមទាំងអាចធ្វើឲ្យសត្រូវក្លាយជាមិត្តផងដែរ!—Winn Collier