ក្នុង​កម្ម​វីធី​វីដេអូ​ហ្គេម​មួយ ដែល​បាន​ក្លាយ​ជា​បាតុ​ភូត​នៃ​វប្ប​ធម៌​មួយ បាន​នាំ​អ្នក​លេង​ហ្គេម​១​រយ​នាក់ ចូល​ទៅ​ក្នុង​កោះ​សិប្បនិមិត្ត​មួយ នៅ​ក្នុង​ហ្គេម​នោះ ដើម្បី​ប្រកួត​រហូត​ទាល់​តែ​នៅ​សល់​អ្នក​លេង​ហ្គេម​ចុង​ក្រោយ​តែ​ម្នាក់​ ។ ពេល​ណា​អ្នក​លេង​ហ្គេមណា​ម្នាក់​កំចាត់​អ្នក​ចេញ​ពី​ហ្គេម​នោះ អ្នក​អាច​បន្ត​ទស្សនា​អ្នក​លេង​ហ្គេម​នោះ តាម​គំហើញ​របស់​គាត់។ អ្នក​កាសែត​ម្នាក់បាន​ធ្វើ​ការ​កត់​សំគាល់​ថា “ពេល​ណា​អ្នក​មើល​អ្នក​លេង​ហ្គេម​ដទៃ​ទៀត​លេង ដោយ​ទទួល​យក​ទស្សនៈ និង​អារម្មណ៍​របស់​គាត់ ដោយ​ងាក​ចេញ​ពី​ការ​គិត​អំពី​ខ្លួន​ឯង ហើយ​បែរ​ទៅ​រក​ការ​យល់​ចិត្ត​គាត់​វិញ ពោល​គឺ​អ្នក​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា យល់អំពី​មនុស្ស​ដែល​អ្នក​មិន​ដែល​ស្គាល់​នោះ ដែល​មុន​នោះ​បន្តិច បាន​កំចាត់​អ្នក​ចេញ​ពី​ហ្គេម”។

ការ​ផ្លាស់​ប្តូរ​កើត​មាន ពេល​ណា​យើង​បើក​ចំហរ​ចិត្ត​យើង ដើម្បី​មើល​ទៅ​បទ​ពិសោធន៍​របស់​អ្នក​ដទៃ ដោយ​មើល​ទៅ​ការ​ឈឺចាប់ ការ​ភ័យ​ខ្លាច ឬ​ក្តី​សង្ឃឹម​របស់​ពួក​គេ។ ពេល​ណា​យើង​ដើរ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ ហើយ​មិន​ធ្វើ​អ្វី ដោយ​ទាស់​ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ តែ​​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ នោះ​យើង​នឹង​កត់​សំគាល់​ការ​អ្វី​ដែលយើង​នឹង​ដឹង​ថា យើង​បាន​មើល​រំលង (ភីលីព ២:៣)។ យើង​នឹង​ខ្វល់​ពី​អ្នក​ដទៃ​កាន់​តែ​ច្រើន។ យើង​នឹង​សួរ​សំណួរ​ខុស​ពី​មុន​។ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខមាល​ភាព​របស់​អ្នក​ដទៃ ជា​ជាង​គិត​តែ​អំពី​តម្រូវ​ការ ឬ​ការ​ចង់​បាន​របស់​យើង។ យើង​នឹង​គិត​អំពី “ប្រយោជន៍​អ្នក​ដទៃ” ជា​ជាង “គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន”(ខ.៤)។ យើង​នឹង​ស្វែង​រក​ដោយ​អំណរ នូវ​អ្វី​ដែល​ជួយ​អ្នក​ដទៃ ឲ្យ​ចម្រើន​ឡើង ជា​ជា​ការពារ​អ្វី​ដែល​យើង​គិត​ថា យើង​ត្រូវ​ការ ដើម្បី​ឲ្យ​ខ្លួន​យើង​ចម្រើន​ឡើង។

តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​នេះ យើង​នឹង​មាន​ក្តី​អាណិត​ចំពោះ​អ្នក​ដទៃ។ យើង​នឹង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ក្រុម​គ្រួសារ​យើង តាម​របៀប​ថ្មី​ៗ។ យើង​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត​ផង​ដែរ!—Winn Collier