នៅក្នុងក្រុមកីឡាបាល់ទះមហាវិទ្យាល័យ ចៅស្រីរបស់ខ្ញុំបានរៀន អំពីគោលកាណ៍ ដែលនាំឲ្យមានជ័យជម្នះ។ ពេលណាបាល់កំពុងតែសំដៅមកកន្លែងរបស់នាង នាងមិនដែលឲ្យបាល់ជ្រុះដល់ដីទាន់ឡើយ។ នាងអាចលេងបាល់បោះ ដោយមិនរអ៊ូរទាំ ស្តីបន្ទោស ឬដោះសារនោះឡើយ ជាហេតុនាំឲ្យមិត្តរួមក្រុមរបស់នាង ស្ថិតក្នុងស្ថានភាពល្អឡើង។ និយាយរួម នាងតែងតែព្យាយាមធ្វើឲ្យស្ថានភាពល្អឡើង។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការឆ្លើយតបរបស់លោកដានីយ៉ែល នៅពេលដែលគាត់ និងមិត្តសំឡាញ់គាត់បីនាក់ រស់នៅជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន របស់ស្តេចនេប៊ូក្នេសា។ គេបានយកឈ្មោះរបស់អ្នកមិនជឿ មកដាក់ឲ្យពួកគេ ហើយបង្គាប់ពួកគេឲ្យទៅទទួល “ការហ្វឹកហាត់” នៅក្នុងរាជវាំងជាខ្មាំងសត្រូវរបស់ប្រជាជនពួកគេ តែគាត់មិនដែលមានកំហឹងនោះឡើយ។
ផ្ទុយទៅវិញ គាត់បានសុំមិនបរិភោគអាហារ និងស្រាដែលស្តេចប្រទាន ដែលធ្វើឲ្យខ្លួនគាត់ស្មោកគ្រោក នៅចំពោះព្រះនេត្រព្រះឡើយ។ នៅក្នុងរឿងដែលគួរឲ្យចាប់អារម្មណ៍នេះ បន្ទាប់ពីគាត់ និងពួកមិត្តសំឡាញ់គាត់ បរិភោគតែបន្លែ និងទឹក អស់រយៈពេល១០ថ្ងៃ(ដានីយ៉ែល ១:១២) ពួកគេក៏បានស្រស់បស់ជាង ហើយគេមានសាច់ល្អជាងពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេចទៅទៀត(ខ.១៥)។
នៅពេលក្រោយទៀត ស្តេចនេប៊ូក្នេសា ក៏បានគំរាមថា នឹងសម្លាប់ដានីយ៉ែល និងពួកអ្នកប្រាជ្ញក្នុងព្រះរាជវាំង បើសិនជាពួកគេមិនអាចកាត់ស្រាយសុបិនរបស់ទ្រង់។ ពេលនោះ ដានីយ៉ែលមិនមានការតក់ស្លុតឡើយ តែគាត់បានស្វែងរកសេចក្តីមេត្តា “ពីព្រះដែលគង់នៅស្ថានសួគ៌” ហើយព្រះទ្រង់ក៏បានបើកសម្តែងការអាថ៌កំបាំងនោះឲ្យគាត់បានដឹង(២:១៩)។ គឺដូចដែលដានីយ៉ែលបានប្រកាសថា “ប្រាជ្ញា និងតេជានុភាព ជារបស់ផងទ្រង់”(ខ.២០)។
ក្នុងអំឡុងពេល ដែលដានីយ៉ែលរស់នៅជាឈ្លើយសឹក គាត់បានស្វែងរកបំណងព្រះទ័យព្រះ ទោះជាជួបការប្រឆាំងយ៉ាងណាក៏ដោយ។ ពេលណាយើងជួបបញ្ហា ចូរយើងយកគំរូតាមគាត់ ដោយធ្វើឲ្យស្ថានភាពល្អប្រសើរឡើង ដោយថ្វាយស្ថានភាពនោះដាច់ដល់ព្រះ។—Patricia Raybon