នៅ​ក្នុង​ក្រុម​កីឡា​បាល់ទះ​មហា​វិទ្យាល័យ ចៅ​ស្រី​របស់​ខ្ញុំ​បាន​រៀន អំពី​គោលកាណ៍ ដែល​នាំ​ឲ្យ​មាន​ជ័យ​ជម្នះ។ ពេល​ណា​បាល់​កំពុង​តែ​សំដៅ​មក​កន្លែង​របស់​នាង នាង​មិន​ដែល​ឲ្យ​បាល់​ជ្រុះ​ដល់​ដី​ទាន់​ឡើយ។ នាង​អាច​លេង​បាល់​បោះ ដោយ​មិនរអ៊ូរទាំ ស្តី​បន្ទោស ឬ​ដោះសារ​នោះ​ឡើយ ជា​ហេ​តុនាំ​ឲ្យ​មិត្ត​រួម​ក្រុម​របស់​នាង ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ឡើង។ និយាយ​រួម នាងតែង​តែ​ព្យាយាម​ធ្វើ​ឲ្យ​ស្ថាន​ភាព​ល្អ​ឡើង។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ឆ្លើយ​តប​របស់​លោក​ដានីយ៉ែល នៅ​ពេល​ដែល​គាត់ និង​មិត្ត​សំឡាញ់​គាត់​បី​នាក់ រស់​នៅ​ជាឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន របស់​ស្តេច​នេប៊ូក្នេសា។ គេ​បាន​យក​ឈ្មោះ​របស់​អ្នក​មិន​ជឿ មក​ដាក់​ឲ្យ​ពួក​គេ  ហើយ​បង្គាប់​ពួក​គេឲ្យ​ទៅ​ទទួល “ការ​ហ្វឹក​ហាត់” នៅ​ក្នុង​រាជ​វាំង​ជា​​ខ្មាំង​សត្រូវ​របស់​ប្រជា​ជន​ពួក​គេ តែ​គាត់​មិន​ដែល​មាន​កំហឹង​នោះ​ឡើយ​។

ផ្ទុយ​ទៅ​វិញ គាត់​បាន​សុំ​មិន​បរិភោគ​អាហារ និង​ស្រា​ដែល​ស្តេច​ប្រទាន ដែល​ធ្វើ​ឲ្យ​ខ្លួន​គាត់ស្មោក​គ្រោក នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះឡើយ។ នៅ​ក្នុង​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ បន្ទាប់​ពី​គាត់ និង​ពួក​មិត្ត​សំឡាញ់​គាត់ បរិភោគ​តែ​បន្លែ និងទឹក អស់រយៈពេល១០ថ្ងៃ(ដានីយ៉ែល ១:១២) ពួកគេក៏បាន​ស្រស់បស់​ជាង ហើយ​គេ​មាន​សាច់​ល្អ​ជាង​ពួក​កំឡោះៗ ដែល​បរិភោគ​អាហារ​របស់​ស្តេច​ទៅ​ទៀត(ខ.១៥)។

នៅ​ពេល​ក្រោយ​ទៀត ស្តេច​នេប៊ូក្នេសា ក៏​បាន​គំរាម​ថា នឹង​សម្លាប់​ដានីយ៉ែល និង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​ព្រះ​រាជ​វាំង បើ​សិន​ជា​ពួកគេ​មិន​អាច​កាត់​ស្រាយ​សុបិន​របស់​ទ្រង់។ ពេល​នោះ ដានីយ៉ែល​មិន​មាន​ការ​តក់​ស្លុតឡើយ តែ​គាត់​បាន​ស្វែង​រក​សេចក្តី​មេត្តា “​ពី​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌” ហើយ​ព្រះ​ទ្រង់​ក៏​បាន​បើក​សម្តែង​ការ​អាថ៌​កំបាំង​នោះ​ឲ្យ​គាត់​បាន​ដឹង​(២:១៩)។ ​គឺ​ដូច​ដែល​ដានីយ៉ែល​បាន​ប្រកាស​ថា “ប្រាជ្ញា និង​តេជានុភាព ជា​របស់​ផង​ទ្រង់”(ខ.២០)។

ក្នុង​អំឡុង​ពេល ដែល​ដានីយ៉ែល​រស់​នៅ​ជា​ឈ្លើយ​សឹក គាត់​បាន​ស្វែង​រក​បំណង​ព្រះ​ទ័យ​ព្រះ ទោះ​ជា​ជួប​ការ​ប្រឆាំង​យ៉ាង​ណាក៏​ដោយ។ ពេល​ណា​យើង​ជួប​បញ្ហា ចូរ​យើង​យក​គំរូ​តាម​គាត់ ដោយ​ធ្វើ​ឲ្យ​ស្ថាន​ភាព​ល្អ​ប្រសើរ​ឡើង ដោយ​ថ្វាយ​ស្ថាន​ភាព​នោះ​ដាច់​ដល់​ព្រះ។—Patricia Raybon