រថយន្ត ដែលមានយឺហោ មេកឡរិន ៧២០s ត្រូវបានគេដាក់លក់ក្នុងតម្លៃ៣០ម៉ឺនដុល្លា។ រថយន្តនេះមានទំហំម៉ាស៊ីន V8 និងមានកម្លាំង៧១០សេះ គឺលើសពីតម្រូវការរបស់អ្នក នៅក្នុងការបើកបរទៅធ្វើការ នៅពេលព្រឹក។
អ្នកប្រហែលជាចង់ប្រើវាឲ្យពេញកម្លាំង៧១០សេះនោះតែម្តង។ អ្នកបើកបរម្នាក់ នៅរដ្ឋវើជីនាបានដឹងថា ឡានមេកឡរិនរបស់គាត់ ពិតជាលឿនណាស់ ព្រោះក្នុងរយៈពេលមិនដល់២៤ម៉ោងផង វាបានចេញពីឃ្លាំងលក់ឡាន ចូលទៅកន្លែងលក់អេតចាយ។ នៅថ្ងៃមួយ បន្ទាប់ពីគាត់បានទិញឡាននេះហើយ គាត់ក៏បានបើកបុកដើមឈើ តែអរព្រះគុណព្រះ ដែលគាត់បានរួចផុតពីសេចក្តីស្លាប់ ក្នុងគ្រោះថ្នាក់នោះ។
ក្នុងរឿងដែលមានចែងក្នុង៣ជំពូកដំបូង នៃព្រះគម្ពីរ យើងឃើញថា ការសម្រេចចិត្តដ៏អាក្រក់ផ្សេងមួយទៀត បានធ្វើឲ្យខូចស្នាព្រះហស្តដ៏ល្អរបស់ព្រះ។ អ័ដាម និងនាងអេវ៉ាបានបរិភោគផ្លែឈើ ពីដើមឈើមួយដើម ដែលព្រះទ្រង់បានហាមមិនឲ្យប៉ះពាល់(លោកុប្បត្តិ ៣:១១)។ រឿងនេះទើបតែចាប់ផ្តើមបានបន្តិច ផែនដីដ៏សុខសប្បាយបានប្រែក្លាយជាត្រូវបណ្តាសារ(ខ.១៤-១៩)។
ក្រោយមក មានដើមឈើមួយដើមទៀត ដែលព្រះទ្រង់បានប្រើ នៅក្នុងការដោះបណ្តាសារនេះចេញ គឺដើមឈើដែលគេបានកាប់ ដើម្បីធ្វើឈើឆ្កាង សម្រាប់ឆ្កាងព្រះយេស៊ូវ។ ព្រះអង្គបានស៊ូទ្រាំទុក្ខវេទនានៅលើឈើឆ្កាងនោះ និងសុគតជំនួសយើង (ចោទិយកថា ២១:២៣ កាឡាទី ៣:១៣)។ ការសុគតរបស់ព្រះអង្គបានបើកផ្លូវឲ្យយើង ចូលទៅក្នុងការប្រកបជាមួយព្រះអង្គអស់កល្បជានិច្ច។
រឿងនេះត្រូវបិទ នៅជំពូកចុងក្រោយនៃព្រះគម្ពីរប៊ីប។ ជំពូកនោះបានចែងថា “ដើមជីវិត” ដុះនៅក្បែរ “ទន្លេជីវិត”(វិវរណៈ ២២:១-២)។ លោកយ៉ូហានបានពិពណ៌នាថា ដើមឈើនោះ “គឺសម្រាប់ប្រោសជាតិសាសន៍ទាំងអស់ឲ្យជា”(ខ.២)។ ហើយគាត់ក៏បានធានាថា “គ្រានោះនឹងគ្មានសេចក្តីបណ្តាសាទៀតឡើយ”(ខ.៣)។ ដូចនេះ រឿងរបស់ព្រះអង្គ គឺមានក្តីអំណរដ៏អស់កល្ប ដែលយើងរាល់គ្នាសុទ្ធតែចង់បាន។—Tim Gustafson