មានពេលមួយកូនស្រីខ្ញុំបានសួរខ្ញុំថា “ប៉ា អានសៀវភៅរឿងឲ្យកូនស្តាប់បានទេ?” នេះមិនមែនជាសំណួរចម្លែក ដែលក្មេងសួរទៅឪពុកម្តាយ ក្នុងសង្គមបស្ចិមប្រទេសនោះទេ។ តែកូនស្រីខ្ញុំអាយុ១១ឆ្នាំហើយ។ សព្វថ្ងៃនេះ ការស្នើរសុំដូចនេះ មានកាន់តែតិចទៅៗ បើប្រៀបធៀបនឹងកាលដែលនាងនៅក្មេងជាងនេះ។ ខ្ញុំក៏បានឆ្លើយតបយ៉ាងរីករាយថា ខ្ញុំនឹងអានសៀវភៅឲ្យនាងស្តាប់ ហើយនាងក៏បានចូលមកអង្គុយក្បែរខ្ញុំនៅលើសាឡុង។
ពេលដែលខ្ញុំអានសៀវភៅរឿងឲ្យនាងស្តាប់ នាងក៏បានបង្ហាញនូវអារម្មណ៍រីករាយ ចំពោះខ្ញុំណាស់។ ក្នុងនាមជាឪពុកម្តាយ ពេលនោះស្ថិតក្នុងចំណោមពេលដែលរីករាយបំផុត ហើយក៏បាននឹកចាំ អំពីសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ ដែលព្រះវរបិតា មានចំពោះយើង និងព្រះទ័យដ៏ជ្រាលជ្រៅ ដែលចង់ឲ្យយើង ចូលទៅក្នុងព្រះវត្តមាន និងក្តីស្រឡាញ់ទ្រង់ ដោយភាពស្និទ្ធស្នាល។
នៅពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំពិតជាដូចកូនស្រីរបស់ខ្ញុំណាស់។ ជាញឹកញាប់ ខ្ញុំបានផ្តោតទៅលើការពឹងផ្អែកខ្លួនឯង។ ដូចនេះ ខ្ញុំពិតជាងាយនឹងភ្លេច អំពីសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានសម្រាប់យើង ជាក្តីស្រឡាញ់ដ៏ស្រទន់ និងការពារយើង គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក១១៦ បានពិពណ៌នាថា ព្រះអង្គ “ប្រកបដោយសេចក្តីមេត្តាករុណា សេចក្តីសុចរិត… និងសេចក្តីអាណិតអាសូរ”។ គឺជាសេចក្តីស្រឡាញ់ ដែលនាំឲ្យខ្ញុំចូលទៅជិតព្រះអម្ចាស់ ដោយការសព្វព្រះទ័យពីព្រះអង្គ។
បទគម្ពីរទំនុកដំកើង ១១៦:៧ បានលើកឡើងថា យើងចាំបាច់ត្រូវរំឭកខ្លួនឯង ជាទៀងទាត់ អំពីសេចក្តីស្រឡាញ់របស់ព្រះ ហើយចូលទៅជិតព្រះអង្គ ដែលបានស្វាគមន៍យើងថា “ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅឯទីសំរាករបស់ខ្លួនវិញ ដ្បិតព្រះយេហូវ៉ា ទ្រង់បានប្រព្រឹត្ត ដោយគុណដ៏ប្រសើរ”។ ព្រះអង្គពិតជាល្អចំពោះយើងណាស់។—Adam R. Holz