មាន​ពេល​មួយ​កូន​ស្រី​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា “ប៉ា អាន​សៀវ​ភៅ​រឿង​ឲ្យ​កូន​ស្តាប់​បាន​ទេ?” នេះ​មិន​មែន​ជា​សំណួរ​ចម្លែក ដែល​ក្មេង​សួរទៅ​ឪពុក​ម្តាយ ក្នុង​សង្គម​បស្ចិម​ប្រទេស​នោះ​ទេ។ តែ​កូន​ស្រី​ខ្ញុំ​អាយុ​១១​ឆ្នាំ​ហើយ។ សព្វ​ថ្ងៃ​នេះ​ ការ​ស្នើរ​សុំ​ដូច​នេះ មាន​កាន់​តែតិច​ទៅ​ៗ បើ​ប្រៀប​ធៀប​នឹង​កាល​ដែល​នាង​នៅ​ក្មេង​ជាង​នេះ។ ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​យ៉ាង​រីក​រាយ​ថា ខ្ញុំ​នឹង​អាន​សៀវ​ភៅ​ឲ្យ​នាងស្តាប់ ហើយ​នាង​ក៏​បាន​ចូល​មក​អង្គុយ​ក្បែរ​ខ្ញុំ​នៅ​លើ​សាឡុង។

ពេល​ដែល​ខ្ញុំ​អាន​សៀវភៅ​រឿង​ឲ្យ​នាង​ស្តាប់ នាង​ក៏​បាន​បង្ហាញ​នូវ​អារម្មណ៍​រីក​រាយ​ ចំពោះខ្ញុំ​ណាស់។ ក្នុង​នាម​ជា​ឪពុក​ម្តាយ ពេលនោះ​ស្ថិត​ក្នុង​ចំណោម​ពេល​ដែល​រីក​រាយ​បំផុត ហើយ​ក៏​បាន​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ព្រះ​វរបិតា មាន​ចំពោះ​យើង និង​ព្រះ​ទ័យ​ដ៏​ជ្រាល​ជ្រៅ ដែល​ចង់​ឲ្យ​យើង​ ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន និង​ក្តី​ស្រឡាញ់​ទ្រង់ ដោយ​ភាពស្និទ្ធ​ស្នាល​។

នៅ​ពេល​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ពិត​ជា​ដូច​កូន​ស្រី​របស់​ខ្ញុំ​ណាស់។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ផ្តោត​ទៅ​លើ​ការ​ពឹង​ផ្អែក​ខ្លួន​ឯង។ ដូច​នេះ ខ្ញុំ​ពិត​ជា​ងាយ​នឹង​ភ្លេច អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង ជា​ក្តី​ស្រឡាញ់​ដ៏​ស្រទន់ និង​ការពារ​យើង គឺដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១១៦ បាន​ពិពណ៌នា​ថា ព្រះ​អង្គ “ប្រកប​ដោយ​សេចក្តី​មេត្តា​ករុណា ​សេចក្តី​សុចរិត… និង​សេចក្តី​អាណិត​អាសូរ”។ គឺ​ជា​សេចក្តី​ស្រឡាញ់ ដែល​នាំ​ឲ្យ​ខ្ញុំ​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់ ដោយ​ការ​សព្វ​ព្រះ​ទ័យ​ពី​ព្រះ​អង្គ។​

បទ​គម្ពីរ​ទំនុក​ដំកើង ១១៦:៧ បាន​លើក​ឡើង​ថា យើង​ចាំ​បាច់​ត្រូវ​រំឭក​ខ្លួន​ឯង ជា​ទៀង​ទាត់  អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​ចូល​ទៅ​ជិត​ព្រះ​អង្គ ដែល​បាន​ស្វាគមន៍​យើង​ថា “ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ឯ​ទី​សំរាក​របស់​ខ្លួន​វិញ ដ្បិត​ព្រះយេហូវ៉ា ទ្រង់​បាន​ប្រព្រឹត្ត ដោយ​គុណ​ដ៏​ប្រសើរ”។ ព្រះ​អង្គ​ពិត​ជា​ល្អ​ចំពោះ​យើង​ណាស់។—Adam R. Holz