ក្នុងសៀវភៅរឿងដោយរូបភាព មានចំណងជើងថា សណ្ដែកដី តួអង្គ ឈ្មោះ លូស៊ី(Lucy) ដែលចូលចិត្តធ្វើអ្វីប្លែកៗ បានផ្សាយពាណិជ្ជកម្ម អំពីជំនួយផ្នែកផ្លូវចិត្ត ដែលគេអាចមកទទួល ដោយបង់ប្រាក់៥សេន ក្នុងមួយលើក។ ឡាញនើស(Linus) ក៏បានទៅកាន់ការិយាល័យរបស់នាង ហើយទទួលស្គាល់ថា គាត់មានជំងឺធ្លាក់ទឹកចិត្ត។ ពេលដែលគាត់សួរលូស៊ីថា តើគាត់ធ្វើដូចម្តេច ចំពោះស្ថានភាពផ្លូវចិត្តរបស់គាត់ នាងក៏បានឆ្លើយប្រាប់យ៉ាងលឿនថា “ ចូរជាពីជំងឺភ្លាម! សូមឲ្យលុយខ្ញុំ៥សេនមក”។
សៀវភៅរឿងសម្រាប់កម្សាន្តសប្បាយនេះ នាំឲ្យអ្នកអានមានទឹកមុខញញឹមបានមួយរយៈពេល ប៉ុន្តែ ភាពក្រៀមក្រំ និងស្រងេះស្រងោច ដែលអាចចងរឹតយើង ក្នុងជីវិតពិត គឺយើងមិនអាចបណ្តេញចេញយ៉ាងងាយស្រួលដូចនេះឡើយ។ ការមានអារម្មណ៍អស់សង្ឃឹម គឺជារឿងពិត ហើយជួនកាល យើងត្រូវការជំនួយពីអ្នកជំនាញខាងលើកទឹកចិត្ត។
ការប្រឹក្សាយោបល់របស់លូស៊ី គឺមិនមានប្រយោជន៍ ក្នុងការបំបាត់ការឈឺចាប់ពិតប្រាកដឡើយ។ ទោះជាយ៉ាងណាក៏ដោយអ្នកនិពន្ធបទគម្ពីរទំនុកដំកើងជំពូក៨៨ ពិតជាបានផ្តល់ឲ្យយើង នូវដំណោះស្រាយ ដែលគួរជាទីសង្ឃឹម។ មានបញ្ហាជាច្រើនសន្ធឹកបានមកដល់មាត់ទ្វារផ្ទះគាត់។ ហើយគាត់ក៏ថ្វាយចិត្តខ្ទេចខ្ទាំរបស់គាត់ ដល់ព្រះ ដោយចិត្តស្មោះត្រង់។ គឺដូចដែលគាត់បានពោលឡើងថា “ដ្បិតព្រលឹងនៃទូលបង្គំមានពេញដោយសេចក្តីវេទនា ជីវិតនៃទូលបង្គំក៏កាន់តែជិតស្ថានឃុំព្រលឹងមនុស្សស្លាប់”(ខ.៣)។ “ទ្រង់បានផ្តេកទូលបង្គំនៅក្នុងរណ្តៅជ្រៅបំផុត គឺក្នុងទីងងឹត នៅទីជំរៅ”(ខ.៦)។ “ពួកមិត្តភក្តិរបស់ទូលបង្គំក៏បាត់ទៅ ក្នុងសេចក្តីងងឹតហើយ”(ខ.១៨)។ យើងបានឮ មានអារម្មណ៍ ហើយក៏ប្រហែលធ្លាប់មានបទពិសោធន៍ដូចអ្នកនិពន្ធបទគម្ពីរទំនុកដំកើងផងដែរ។ ប៉ុន្តែ រឿងរបស់គាត់មិនចប់តែប៉ុណ្ណេះឡើយ។ ទំនួញរបស់គាត់ គឺបង្កប់ដោយក្តីសង្ឃឹម។ គឺដូចដែលគាត់បានពោលទៀតថា “ឱព្រះយេហូវ៉ា ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ ទូលបង្គំបានអំពាវនាវនៅចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃ។ ភ្នែកទូលបង្គំស្រវាំងទៅ ដោយសេចក្តីទុក្ខព្រួយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានទូលអង្វរដល់ទ្រង់រាល់តែថ្ងៃជានិច្ច ទូលបង្គំបានប្រទូលដៃចំពោះទ្រង់ សូមឲ្យសេចក្តីអធិស្ឋានរបស់ទូលបង្គំ បានចូលមកនៅចំពោះទ្រង់ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលបង្គំទូលអង្វរផង”(ខ.១,២ និងមើល ខ.៩,១៣)។ ទុក្ខធ្ងន់អាចមកដល់ ហើយពេលណាយើងធ្លាក់ទឹកចិត្ត យើងចំាបាច់ត្រូវដោះស្រាយជាជំហានៗ ទទួលការប្រឹក្សាយោបល់ និងការព្យាបាលផ្នែកវេជ្ជសាស្រ្តផងដែរ។ ប៉ុន្តែ យើងមិនត្រូវភ្លេចចូលទៅរកព្រះជាមុន ឬបោះបង់ចោលក្តីសង្ឃឹម ក្នុងព្រះអង្គឡើយ។—Arthur Jackson