ក្នុង​សៀវភៅ​រឿង​ដោយ​រូប​ភាព មាន​ចំណង​ជើង​ថា សណ្ដែក​ដី  តួអង្គ ឈ្មោះ លូស៊ី(Lucy) ដែល​ចូល​ចិត្ត​ធ្វើអ្វី​ប្លែក​ៗ បាន​ផ្សាយ​ពាណិជ្ជ​កម្ម អំពី​ជំនួយ​ផ្នែក​ផ្លូវ​ចិត្ត ដែល​គេ​អាច​មក​ទទួល ដោយ​បង់​ប្រាក់​៥​សេន ក្នុង​មួយ​លើក។ ឡាញនើស(Linus) ក៏​បាន​ទៅ​កាន់​ការិយាល័យ​របស់​នាង ហើយ​ទទួល​ស្គាល់​ថា គាត់​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ ពេល​ដែល​គាត់​សួរ​លូស៊ី​ថា តើ​គាត់​ធ្វើ​ដូច​ម្តេច ចំពោះ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​គាត់ នាង​ក៏​បាន​ឆ្លើយ​ប្រាប់​យ៉ាង​លឿន​ថា “ ចូរ​ជា​ពី​ជំងឺ​ភ្លាម! សូម​ឲ្យ​លុយ​ខ្ញុំ៥​សេន​មក​”។

សៀវភៅ​រឿង​សម្រាប់​កម្សាន្ត​សប្បាយ​នេះ នាំ​ឲ្យ​អ្នក​អាន​មាន​ទឹក​មុខ​ញញឹម​បាន​មួយ​រយៈ​ពេល ប៉ុន្តែ ភាព​ក្រៀម​ក្រំ និង​ស្រងេះ​ស្រងោច ដែល​អាច​ចង​រឹត​យើង ក្នុង​ជីវិត​ពិត គឺ​យើង​មិន​អាច​បណ្តេញ​ចេញ​យ៉ាង​ងាយ​ស្រួល​ដូច​នេះ​ឡើយ។ ការ​មាន​អារម្មណ៍​អស់​សង្ឃឹម គឺ​ជា​រឿង​ពិត ហើយ​ជួន​កាល យើង​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ជំនាញ​ខាង​លើក​ទឹក​ចិត្ត។

ការ​ប្រឹក្សា​យោបល់​របស់​លូស៊ី គឺ​មិន​មាន​ប្រយោជន៍​ ក្នុង​ការ​បំបាត់​ការ​ឈឺ​ចាប់​ពិត​ប្រាកដ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​៨៨ ពិត​ជា​បាន​ផ្តល់​ឲ្យ​យើង នូវ​ដំណោះ​ស្រាយ ដែល​គួរ​ជា​ទី​សង្ឃឹម។ មាន​​​​​​​​បញ្ហា​​​​​​​​​​ជា​ច្រើន​សន្ធឹក​បាន​មក​ដល់​មាត់​ទ្វារ​ផ្ទះ​គាត់។ ហើយ​គាត់​ក៏​ថ្វាយ​ចិត្ត​ខ្ទេច​ខ្ទាំ​របស់​គាត់ ដល់​ព្រះ ដោយ​ចិត្ត​ស្មោះ​ត្រង់។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ឡើង​ថា “ដ្បិត​ព្រលឹង​នៃ​ទូលបង្គំ​មាន​ពេញ​ដោយ​សេចក្តី​វេទនា ជីវិត​នៃ​ទូលបង្គំ​ក៏​កាន់​តែ​ជិត​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់”(ខ.៣)។ “ទ្រង់​បាន​ផ្តេក​ទូលបង្គំ​នៅ​ក្នុង​រណ្តៅ​ជ្រៅ​បំផុត គឺ​ក្នុង​ទី​ងងឹត នៅ​ទី​ជំរៅ”(ខ.៦)។ “ពួក​មិត្ត​ភក្តិ​របស់​ទូលបង្គំ​ក៏​បាត់​ទៅ ក្នុង​សេចក្តី​ងងឹត​ហើយ”(ខ.១៨)។ យើង​បាន​ឮ មាន​អារម្មណ៍ ហើយ​ក៏​ប្រហែល​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ផង​ដែរ។ ប៉ុន្តែ រឿង​របស់​គាត់​មិន​ចប់​តែ​ប៉ុណ្ណេះ​ឡើយ។ ទំនួញ​របស់​គាត់ គឺ​បង្កប់​ដោយ​ក្តី​សង្ឃឹម។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ទៀត​ថា “ឱ​ព្រះយេហូវ៉ា ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ ទូលបង្គំ​បាន​អំពាវនាវ​នៅ​ចំពោះ​ទ្រង់ ទាំង​យប់​ទាំង​ថ្ងៃ។ ភ្នែក​ទូលបង្គំ​ស្រវាំង​ទៅ ដោយ​សេចក្តី​ទុក្ខ​ព្រួយ ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ទូល​អង្វរ​ដល់​ទ្រង់​រាល់​តែ​ថ្ងៃ​ជានិច្ច ទូលបង្គំ​បាន​ប្រទូល​ដៃ​ចំពោះ​ទ្រង់ សូម​ឲ្យ​សេចក្តី​អធិស្ឋាន​របស់​ទូលបង្គំ បាន​ចូល​មក​នៅ​ចំពោះ​ទ្រង់ សូម​ផ្ទៀង​ព្រះកាណ៌​ស្តាប់​ពាក្យ​ទូលបង្គំ​ទូល​អង្វរ​ផង”(ខ.១,២ និង​មើល ខ.៩,១៣)។ ទុក្ខ​ធ្ងន់​អាច​មក​ដល់ ហើយ​ពេល​ណា​យើង​ធ្លាក់​ទឹកចិត្ត យើង​ចំា​បាច់​ត្រូវ​ដោះ​ស្រាយ​ជា​ជំហាន​ៗ ទទួល​ការ​ប្រឹក្សា​យោបល់ និង​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្រ្ត​ផង​ដែរ។ ប៉ុន្តែ យើង​មិន​ត្រូវ​ភ្លេច​ចូល​ទៅ​រក​ព្រះ​ជា​មុន ឬ​បោះ​បង់​ចោល​ក្តី​សង្ឃឹម ក្នុង​ព្រះ​អង្គ​ឡើយ។—Arthur Jackson