កាលប៉ុន្មានឆ្នាំមុន មានអ្នកនិពន្ធមួយចំនួន បានជំរុញគ្រីស្ទបរិស័ទទាំងឡាយ ឲ្យធ្វើការពិនិត្យមើលជាថ្មី អំពី “ពាក្យបច្ចេកទេស” នៃជំនឿ។ ឧទាហរណ៍ អ្នកនិពន្ធម្នាក់បាននិយាយសង្កត់ធ្ងន់ថា សូម្បីតែពាក្យបច្ចេកទេសផ្នែកទេវសាស្រ្ត នៃជំនឿ ក៏អាចបាត់បង់ឥទ្ធិពលរបស់ខ្លួន ពេលដែលយើងមិននិយាយឲ្យស៊ីជម្រៅ អំពីដំណឹងល្អ និងការត្រូវការជំនួយរបស់ព្រះ បើសិនជាពាក្យនោះច្រំដែលពេក ឬប្រើច្រើនដងពេក។ គាត់លើកឡើងថា ពេលដែលមានរឿងនេះកើតឡើង យើងប្រហែលជាចាំបាច់ត្រូវ រៀនភាសានៃជំនឿ “សារឡើងវិញ” ហើយមុននឹងសន្និដ្ឋាន យើងត្រូវយល់ដំណឹងល្អឲ្យបានច្បាស់សិន។
ការលើកទឹកចិត្តឲ្យរៀន “និយាយអំពីព្រះ តាមរបៀបដ៏សាមញ្ញ” ក្នុងរឿងខាងលើនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុល ដែលបានប្តេជ្ញាចិត្តធ្វើឲ្យខ្លួនគាត់ “ត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះ …ដោយយល់ដល់តែដំណឹងល្អ”(១កូរិនថូស ៩:២២-២៣)។ គាត់មិនដែលសន្និដ្ឋានថា គាត់មានការចេះដឹងជាងគេ អំពីរបៀបចែកចាយ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើនោះទេ។ ផ្ទុយទៅវិញ គាត់បានពឹងផ្អែកទៅលើការអធិស្ឋានជាប្រចាំ ហើយបានសំណូមពរបងប្អូនរួមជំនឿ ឲ្យអធិស្ឋានឲ្យគាត់ផងដែរ ដើម្បីឲ្យព្រះទ្រង់បានប្រទាន “ពាក្យសំដីមកគាត់”(អេភេសូរ ៦:១៩) ដើម្បីផ្សាយដំណឹងល្អ។
សាវ័កប៉ុលក៏បានដឹងថា អ្នកជឿម្នាក់ៗសុទ្ធតែត្រូវបន្ទាបខ្លួន និងទទួលស្គាល់ថា ពួកគេត្រូវចាក់ឫសកាន់តែជ្រៅ ក្នុងក្តីស្រឡាញ់របស់ព្រះអង្គ(៣:១៦-១៧)។ ទាល់តែយើងបានចាក់ឫសចូលជ្រៅ ក្នុងសេចក្តីស្រឡាញ់របស់ព្រះ ដោយទទួលស្គាល់កាន់តែច្បាស់ថា យើងត្រូវពឹងផ្អែកលើព្រះគុណព្រះអង្គ ទើបយើងអាចចាប់ផ្តើមរកឃើញពាក្យដ៏ត្រឹមត្រូវ ដើម្បីផ្សាយដំណឹងល្អ ដ៏អស្ចារ្យ អំពីការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង។—Monica La Rose