មានឪពុកវ័យក្មេងម្នាក់កំពុងតែបីកូនតូចរបស់គាត់ ក្នុងដៃ ដោយច្រៀងឲ្យកូនគាត់ស្តាប់ ហើយយោលតិចៗ តាមចង្វាក់ដ៏រលូន។ ទារកនោះពិការត្រចៀក មិនអាចស្តាប់ឮសម្លេងគាត់ច្រៀងឡើយ។ តែបុរសជាឪពុកនៅតែច្រៀង ដោយសម្លេង ដ៏ពីរោះ ដោយក្តីស្រឡាញ់ដ៏ស្រទន់ ចំពោះកូនប្រុសគាត់។ ហើយការប្រឹងប្រែងនេះ បាននាំឲ្យគាត់ទទួលបាននូវស្នាមញញឹមដ៏រីករាយ ពីកូនប្រុសរបស់គាត់ជារង្វាន់។
រឿងនៃក្តីស្រឡាញ់រវាងឪពុកនិងកូនប្រុសនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យសម្តីរបស់លោកសេផានា។ លោកសេផានា ដែលជាហោរាសម័យសញ្ញាចាស់ បានមានប្រសាសន៍ថា ព្រះទ្រង់នឹងច្រៀង ដោយអំណរ សម្រាប់កូនស្រីទ្រង់ ដែលជាប្រជាជននៅទីក្រុងយេរូសាឡិម(សេផានា ៣:១៧)។ ព្រះទ្រង់សព្វព្រះទ័យនឹងធ្វើការល្អ សម្រាប់រាស្រ្តជាទីស្រឡាញ់របស់ទ្រង់ ដោយដកទោសរបស់ពួកគេចេញ ហើយបណ្តេញខ្មាំងសត្រូវរបស់ពួកគេចេញ(ខ.១៥)។ លោកសេផានាបានមានប្រសាសន៍ថា ពួកគេមិនចំាបាច់ត្រូវភ័យខ្លាចទៀតឡើយ តែផ្ទុយទៅវិញ ពួកគេមានហេតុផលដែលត្រូវអរសប្បាយ។
យើងដែលជាកូនរបស់ព្រះ ដែលបានប្រោសលោះ ដោយការលះបង់របស់ព្រះយេស៊ូវគ្រីស្ទ ជួនកាល យើងពិបាកស្តាប់ ឬមិនអាច ឬក៏មិនចង់ស្តាប់ សម្លេងចម្រៀងនៃក្តីស្រឡាញ់របស់ព្រះ។ ព្រះអង្គស្រឡាញ់យើង ដូចឪពុកដែលស្រឡាញ់កូន ដោយច្រៀងឲ្យកូនស្តាប់ ទោះកូនមិនអាចឮសម្លេងគាត់ច្រៀងក៏ដោយ។ ព្រះអង្គក៏បានដកទោសចេញពីយើងផងដែរ ដោយប្រទានឲ្យយើងនូវហេតុផលជាច្រើនទៀត ដែលត្រូវអរសប្បាយ។
យើងប្រហែលជាព្យាយាមស្តាប់ ដោយចូលទៅរកព្រះអង្គ កាន់តែជិតស្និទ្ធ ដើម្បីឮសម្លេងនៃក្តីអំណរ ក្នុងព្រះសូរសៀងព្រះអង្គ។ ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យស្តាប់ឮសម្លេងចម្រៀងនៃក្តីស្រឡាញ់របស់ព្រះអង្គ ហើយទុកចិត្តថា ទូលបង្គំកំពុងតែនៅក្នុងព្រះហស្តព្រះអង្គ ដោយសុវត្ថិភាព។—Kirsten Holmberg