មាន​ឪពុក​វ័យ​ក្មេង​ម្នាក់​កំពុង​តែ​បី​កូន​តូច​របស់​គាត់ ក្នុង​ដៃ​ ដោយ​ច្រៀង​ឲ្យ​កូន​គាត់​ស្តាប់ ហើយ​យោល​តិច​ៗ តាម​ចង្វាក់​ដ៏​រលូន​។ ទារក​នោះ​ពិការ​ត្រចៀក មិន​អាច​ស្តាប់​ឮ​សម្លេង​គាត់​ច្រៀង​ឡើយ។ តែ​បុរស​ជា​ឪពុក​នៅ​តែ​ច្រៀង ដោយ​សម្លេង ដ៏​ពីរោះ ដោយ​ក្តី​ស្រឡាញ់​ដ៏​ស្រទន់ ចំពោះ​កូន​ប្រុស​គាត់។ ហើយ​ការ​ប្រឹង​ប្រែង​នេះ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​នូវ​ស្នាម​ញញឹម​ដ៏​រីក​រាយ ពី​កូន​ប្រុស​របស់​គាត់​ជា​រង្វាន់។

រឿង​នៃ​ក្តី​ស្រឡាញ់​រវាង​ឪពុក​និង​កូន​ប្រុស​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​សម្តី​របស់​លោក​សេផានា។ លោក​សេផានា ដែល​ជា​ហោរា​សម័យ​សញ្ញា​ចាស់ បាន​មាន​ប្រសាសន៍​ថា ព្រះ​ទ្រង់​នឹង​ច្រៀង​ ដោយ​អំណរ សម្រាប់​កូន​ស្រី​ទ្រង់ ដែល​ជា​ប្រជា​ជន​នៅ​ទីក្រុង​យេរូសាឡិម(សេផានា ៣:១៧)។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ការ​ល្អ សម្រាប់​រាស្រ្ត​ជា​ទីស្រឡាញ់​របស់​ទ្រង់ ដោយ​ដក​ទោស​របស់​ពួក​គេ​ចេញ ហើយ​បណ្តេញ​ខ្មាំង​សត្រូវ​របស់​ពួក​គេ​ចេញ​(ខ.១៥)។ លោក​សេផានា​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​មិន​ចំា​បាច់​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​មាន​ហេតុ​ផល​ដែល​ត្រូវ​អរ​សប្បាយ។

យើង​ដែល​ជា​កូន​របស់​ព្រះ ដែល​បាន​ប្រោស​លោះ ដោយ​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជួន​កាល យើង​ពិបាក​ស្តាប់ ឬ​មិនអាច​ ឬ​ក៏​មិន​ចង់​ស្តាប់ សម្លេង​ចម្រៀង​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ។ ព្រះ​អង្គ​ស្រឡាញ់​យើង ដូច​ឪពុក​ដែល​ស្រឡាញ់​កូន ដោយ​ច្រៀង​ឲ្យ​កូន​ស្តាប់ ទោះ​កូន​មិន​អាច​ឮ​សម្លេង​គាត់​ច្រៀង​ក៏​ដោយ។ ព្រះ​អង្គ​ក៏​បាន​ដក​ទោស​ចេញ​ពី​យើង​ផង​ដែរ ដោយ​ប្រទាន​ឲ្យ​យើង​នូវ​ហេតុ​ផល​ជា​ច្រើន​ទៀត ដែល​ត្រូវ​អរ​សប្បាយ។

យើង​ប្រហែល​ជា​ព្យាយាម​ស្តាប់ ដោយ​ចូល​ទៅ​រក​ព្រះ​អង្គ កាន់​តែ​ជិត​ស្និទ្ធ ដើម្បី​ឮ​សម្លេង​នៃ​ក្តី​អំណរ ក្នុង​ព្រះ​សូរ​សៀង​ព្រះ​អង្គ។ ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ស្តាប់​ឮ​សម្លេង​ចម្រៀង​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា ទូល​បង្គំ​កំពុង​តែ​នៅ​ក្នុង​ព្រះ​ហស្ត​ព្រះ​អង្គ ដោយ​សុវត្ថិ​ភាព។​—Kirsten Holmberg